អ្នកស្រី Vi Thi Tan អាយុ ៣៤ឆ្នាំ រស់នៅស្រុក Muong Lat ខេត្ត Thanh Hoa មានជំងឺបេះដូងរយៈពេល ១០ឆ្នាំមកហើយ និងឈានដល់ដំណាក់កាលចុងក្រោយ នៃជំងឺខ្សោយបេះដូង រីកសាច់ដុំបេះដូង និងជំងឺស្រ្ដូក។ អ្នកស្រី បានឈានដល់ស្ថានភាពធ្ងន់ធ្ងរមួយទៅហើយ។
ដើម្បីសង្រ្គោះជីវិត ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យអន្តរជាតិក្នុងក្រុងហាណូយមួយនេះ បានសម្រេចភ្លាមៗ ធ្វើការផ្លាស់ប្ដូរបេះដូងសិប្បនិមិត្ត។ ក្រោយការវះកាត់រយៈពេល ៥ម៉ោង អ្នកស្រី Vi Thi Tan មានសញ្ញាប្រសើរឡើងវិញ ជាមួយដំណើរការល្អរបស់បេះដូងសិប្បនិមិត្តក្នុងខ្លួនរបស់អ្នកស្រី។
មួយខែក្រោយមក អ្នកស្រី Vi Thi Tan បានធូរស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្ដែក្រុមវេជ្ជបណ្ឌិត នឹងបន្តណែនាំអ្នកជំងឺរូបនេះ ពីវិធីថែទាំសុខភាព និងការប្រើប្រាស់បេះដូងសិប្បនិមិត្ត។
អ្នកស្រី Vi Thi Tan បានបញ្ជាក់ថា បច្ចុប្បន្ន អ្នកស្រី បានធូរស្បើយច្រើន ហើយអ្នកស្រីមានអារម្មណ៍ដូចបានកើតជាថ្មី ក្រោយការវះកាត់ផ្លាស់ប្ដូរបេះដូង។