មិនថា ស្រី ឬប្រុសទេ រាល់ថ្ងៃ តែងតែប្រើសាប៊ូ ដុសសម្អាតខ្លួនប្រាណ ពេលមុជទឹក ហើយប្រើថ្នាំដុសធ្មេញ សម្អាតបាក់តេរី និងកាកសំណល់ក្នុងមាត់។ តែជាតិគីមី Triclosan ដែលនៅក្នុងផលិតផលទាំងនេះ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង។
ជាតិគីមី Triclosan ជាភ្នាក់ងារប្រឆាំងបាក់តេរី និងប៉ារ៉ាស៊ីតល្អិតៗ ហើយត្រូវប្រើប្រាស់ជាយូរមកហើយ នៅក្នុងផលិតផលប្រើប្រាស់ ដូចជា សាប៊ូ ទឹកអនាម័យ ថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់។
លោក Yingjun Li មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Hangzhou នៃសាលាសុខភាពសាធារណៈចិន បានសិក្សា ដោយពិនិត្យលើទិន្នន័យ ស្រីៗ ១.៨៤៨នាក់ នៅអាមេរិក ដើម្បីរកភាពពាក់ព័ន្ធគ្នា រវាងជាតិគីមី Triclosan និងឈឺខ្នង ឈឺចង្កេះ។ លទ្ធផល រកឃើញថា អ្នកចូលរួមក្នុងការសិក្សា ដែលមានកម្រិត Triclosan ខ្ពស់ នៅក្នុងទឹកនោម មានហានិភ័យកើតជំងឺពុកឆ្អឹង ២,៥ដង លើសអ្នកមានកម្រិត Triclosan ទាប នៅក្នុងទឹកនោម។
លោក Yingjun Li បន្ដថា Triclosan ជាកត្ដាហានិភ័យ ធ្វើឲ្យឆ្អឹងមានដង់ស៊ីតេសារធាតុរ៉ែទាប និងជំងឺពុកឆ្អឹង។ ភស្ដុតាង បង្ហាញថា ភាពជាប់ពាក់គ្នានេះ គឺកាន់តែខ្លាំង ក្រោយស្រីៗអស់រដូវ។ សម្រាប់ស្រីៗ ការផលិតអ័រម៉ូនអឺស្ត្រូហ្សែន ធ្លាក់ចុះអំឡុង និងក្រោយអស់រដូវ អាចបន្ថយការផលិតជាលិកាឆ្អឹងថ្មី ហើយការវិវត្តដូច្នេះយូៗទៅ នឹងនាំឲ្យកើតជំងឺពុកឆ្អឹង។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំស្ករច្រើន មិនត្រឹមតែទឹកនោមផ្អែមទេ ឆ្អឹងក៏ឆាប់ពុកដែរ
- កុំច្រឡំ! ប្រុសៗវ័យកណ្ដាល ក៏ពុកឆ្អឹងមិនចាញ់ស្រីៗដែរ
ការសិក្សានេះ ក៏បានបញ្ជាក់ថា ស្រីៗនៅអាមេរិក ប្រមាណ ៣០% ក្រោយអស់រដូវ កើតជំងឺពុកឆ្អឹង ហើយស្រីៗ ៤/១០នាក់ ជួបបញ្ហាបាក់ឆ្អឹង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]