
២- មូលហេតុជំងឺឈឺទ្រូង
បញ្ហាបេះដូង
បញ្ហាដែលទាក់ទងនឹងបេះដូងទាំងនេះគឺក្នុងចំណោមមូលហេតុដែលឃើញមានញឹកញាប់បំផុតដែលនាំទៅដល់ការឈឺទ្រូង។ ជំងឺសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យមានការចុកទ្រូង។ ឈឺទ្រូងនេះកើតមានឡើងពេលបេះដូងទទួលឈាមមិនគ្រប់គ្រាន់ ហើយអាចចាក់ទៅដល់ដៃ ស្មា ថ្គាម និងខ្នង ។ អ្នកដែលកើតជំងឺសរសៃបេះដូង គឺមានកត្តាប្រឈមនឹងជំងឺគាំងបេះដូងនៅពេលណាមួយក្នុងជីវិត ។ បន្ថែមលើសពីនេះ រលួយសាច់ដុំបេះដូង (ជំងឺគាំងបេះដូង) ក៏បណ្តាលឲ្យមានការឈឺទ្រូងផងដែរតែការឈឺទ្រូងបង្កឡើងដោយជំងឺគាំងបេះដូងគឺស្រដៀងគ្នាទៅនឹងជំងឺចុកទ្រូង ប៉ុន្តែវាធ្ងន់ធ្ងរជាងការឈឺចាប់បែបដូចមានអ្វីកិនកម្ទេច ហើយតាមធម្មតាឈឺត្រង់ចំណុចកណ្តាល ឬផ្នែកខាងឆ្វេងទ្រូង ហើយមិនធូរស្រាលដោយការសម្រាក។ ជំងឺបេះដូងផ្សេងទៀតជាច្រើនដែលរោគសញ្ញាឈឺទ្រូង រួមមាន ជំងឺរលាកស្រទាប់សាច់ដុំរបស់បេះដូង ជំងឺរលាកស្រទាប់ស្រោមបេះដូងខាងក្រៅ ជំងឺសាច់បេះដូងមួយភាគឡើងក្រាស់ ជំងឺប្រឹសមីត្រាល់ និងជំងឺរហែកស្រទាប់ខាងក្នុងនៃសរសៃអាកទែរចិញ្ចឹមបេះដូង។
អត្ថបទពាក់ព័ន្ធ៖
បញ្ហាសួត
អាការៈការឈឺទ្រូងក៏អាចបង្កឡើងដោយបញ្ហាសួតដែរ។ អ្នកដែលមានរលាកស្រោមសួត គឺការឈឺចាប់ដូចគេចាក់ពេលដកដង្ហើម ក្អក ឬកណ្តាស់ដែលមានការឈឺចាប់មុតស្រួច។ បញ្ហាសួតផ្សេងទៀតគឺជំងឺ រលាកសួត ឬជំងឺបូសសួត។ ការបង្ករោគសួតទាំងនេះអាចមានប្រភេទខុសៗគ្នានៃការឈឺចាប់ទ្រូងដូចជាការឈឺចាប់ជ្រៅ ឬបណ្តាលមកពីជំងឺរលាកស្រោមសួត។ បញ្ហាសួតដទៃទៀតដែលនាំឲ្យឈឺទ្រូងរួមមានជំងឺឈាមកកក្នុងសួត ជំងឺខ្យល់ធ្លាយចូលក្នុងស្រោមសួត ជំងឺឡើងសម្ពាធឈាមសរសៃអាកទែរក្នុងសួត និងជំងឺហឺត។
បញ្ហាឆ្អឹង សាច់ដុំ ឬសរសៃប្រសាទ
ការឈឺចាប់នៅក្នុងសាច់ដុំ ឬឆ្អឹងក្នុងទ្រូងគឺបណ្តាលមកពីសកម្មភាព ឬលំហាត់ប្រាណច្រើនហួសហេតុ ឬខ្លាំងក្លា។ ការដួល ឬគ្រោះថ្នាក់ដែលធ្វើឲ្យរបួសដល់តំបន់ទ្រូងក៏អាចធ្វើឲ្យមានការឈឺចាប់ផងដែរ។ ជំងឺរលាកទីប្រសព្វឆ្អឹងជំនី និងឆ្អឹងខ្ចី បញ្ហាឆ្អឹងជំនី ការរោយសាច់ដុំ និងជំងឺរើមគឺជាបញ្ហាមួយចំនួនដែលនាំទៅដល់ការឈឺទ្រូង។
បញ្ហាក្រពះពោះវៀន
ជំងឺទឹកអាស៊ីដក្រពះច្រាលមកបំពង់អាហារអាចបង្កឲ្យមានអារម្មណ៍ក្រហាយនៅត្រង់ទ្រូងឬបំពង់ក ដែលគេស្គាល់ថាក្រហាយដើមទ្រូង។ បញ្ហាក្រពះពោះវៀនផ្សេងទៀតដែលធ្វើឲ្យអ្នកជំងឺរងការឈឺចាប់ពីការឈឺទ្រូងគឺវិបត្តិខុសប្រក្រតីនៃការកន្ត្រាក់បំពង់អាហារ ជំងឺបំពង់អាហាររំញោចខ្លាំងខុសធម្មតា ជំងឺរហែក ឬរយះបំពង់អាហារ ដំបៅក្រពះ ជំងឺក្រពះលៀនចូលក្នុងប្រហោងឆ្លងកាត់សន្ទះទ្រូងរបស់បំពង់អាហារ និងបញ្ហាថង់ទឹកប្រម៉ាត់។