និយមន័យ
១- អ្វីជាបញ្ហាចុកតម្រងនោម?
ចុកតម្រងនោម ជាប្រភេទនៃអាការៈឈឺចាប់ ពេលយើងមានដុំក្រួសស្ទះនៅក្នុងប្រព័ន្ធផ្លូវទឹកនោម។ ប្រព័ន្ធផ្លូវទឹកនោម មាន តម្រងនោម បំពង់បង្ហួរទឹកនោមផ្នែកខាងលើ ប្លោកនោម និងបំពង់បង្ហួរនោមផ្នែកខាងក្រោម។
យើងក៏អាចមានក្រួសនៅកន្លែងផ្សេងៗទៀត ក្នុងប្រព័ន្ធផ្លូវទឹកនោម ហើយកើតឡើងដោយសារការប្រមូលផ្តុំសារធាតុរ៉ែ ដូចជា ជាតិកាល់ស្យូម និងអាស៊ីដអ៊ុយរិច ក្នុងទឹកនោម បង្កើតបានជាដុំគ្រីស្តាល់ដ៏រឹង។ ដុំក្រួស អាចមានទំហំតូចដូចគ្រាប់ខ្សាច់ ឬធំដូចបាល់កូនសម្រាប់កីឡាវាយកូនហ្គោល ហើយនៅពេលក្រួសរីកធំខ្លាំង យើងមានជំងឺ អាចនឹងឈឺចាប់កាន់តែខ្លាំងដូចគ្នា។
២- បញ្ហាចុកតម្រងនោមកើតឡើងញឹកញាប់ដែរទេ?
បញ្ហាចុកតម្រងនោមដោយសារក្រួស កើតឡើងញឹកញាប់ណាស់ ដោយប្រុសៗប្រមាណ ១២% និងស្រីៗ ៦% អាចមានក្រួសក្នុងតម្រងនោមមួយដង ឬច្រើនដងក្នុងមួយជីវិត។ អត្រាកើតជំងឺក្រួសក្នុងតម្រងនោម កើនឡើងដោយសារតែការផ្លាស់ប្តូរនៃរបបអាហារ និងទម្លាប់រស់នៅ។
រោគសញ្ញា
៣- រោគសញ្ញាចុកតម្រងនោម
រោគសញ្ញាចុកតម្រងនោម គឺខុសៗគ្នា អាស្រ័យទៅលើទំហំ និងទីតាំងដុំក្រួសក្នុងប្រព័ន្ធផ្លូវទឹកនោម។ ក្រួសតូចៗមួយចំនួន អាចបណ្តាលឲ្យមានការចុកចាប់តិចតួច ហើយអាចធ្លាក់មកក្រៅតាមទឹកនោម ទាំងយើងមិនបានចាប់អារម្មណ៍។
ដុំក្រួសមានទំហំធំ អាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ពិសេសនៅពេលជាប់គាំង និងស្ទះនៅក្នុងប្រព័ន្ធផ្លូវទឹកនោម ដូចជា កន្លែងជួបគ្នារវាងតម្រងនោម ប្លោកនោម ឬបំពង់បង្ហូរទឹកនោមផ្នែកខាងលើ ដែលជាបំពង់ទឹកនោម ឆ្លងកាត់ពីតម្រងនោម ទៅប្លោកនោម ។
អាការៈចុកដោយសារក្រួស គឺឈឺចាប់នៅផ្នែកចំហៀង នៅចន្លោះរវាងឆ្អឹងជំនីរ និងឆ្អឹងត្រគាក ហើយអាការៈឈឺ បានរាលដាលទៅផ្នែកខាងក្រោមពោះ និងក្រលៀន។ អាការៈឈឺចាប់ អាចមានរយៈពេលពី ២០-៦០ នាទី មុននឹងចាប់ឈឺម្តងទៀត។
បញ្ហាចុកតម្រងនោម ជារោគសញ្ញាមួយនៃជំងឺក្រួសក្នុងតម្រងនោម ខណៈរោគសញ្ញាដទៃទៀតអាចកើតមាន ដូចជា៖
– ឈឺ ឬពិបាកនោម
– មានឈាមនៅក្នុងទឹកនោម បណ្តាលឲ្យទឹកនោមមានពណ៌ផ្លាឈូក ក្រហម ឬពណ៌ត្នោត
– ទឹកនោមមានក្លិនស្អុយ
– ចង្អោរ
– ក្អួត
– មានកម្ទេចកំទីតូចៗនៅក្នុងទឹកនោម
– មានអារម្មណ៍ថាចង់នោមខ្លាំង
– ទឹកនោមពណ៌ស្រអាប់
– ទឹកនោមច្រើន ឬតិចជាងធម្មតា។
រោគសញ្ញាឆ្លងមេរោគលើប្រព័ន្ធទឹកនោម អាចកើតមានក្នុងករណីខ្លះ អាចមានសញ្ញាគ្រុនក្តៅ ញាក់ និងបែកញើសត្រជាក់។ អ្នកមានរោគសញ្ញាទាំងនេះ គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ។ ខណៈអ្នកមានរោគសញ្ញាដូចខាងក្រោម បន្ថែមពីលើរោគសញ្ញាខាងលើ ប្រញាប់ទាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់ភ្លាម ដោយរោគសញ្ញាធ្ងន់ធ្ងរមាន៖
– អសមត្ថភាពក្នុងការនោម
– ក្អួតខ្លាំង មិនអាចគ្រប់គ្រងបាន
– ក្តៅខ្លួនលើសពី ៣៨ អង្សារសេ។
នៅមានរោគសញ្ញាផ្សេងៗទៀតមិនបានរៀបរាប់ខាងលើ។ បើមានសំណួរទាក់ទងនឹងរោគសញ្ញា សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀត រាងកាយមនុស្សគ្រប់រូប ពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីល្អបំផុត ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យពីស្ថានភាពសុខភាពយើង។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យចុកតម្រងនោម
អាការៈចុកនេះ កើតឡើងនៅពេលមានដុំក្រួសនៅក្នុងផ្លូវទឹកនោមញឹកញាប់ ដោយការឈឺចាប់ កើតមាននៅពេលដែលក្រួសកកិត និងមានការរីកនៅកន្លែងមានដុំក្រួស។
កត្តាប្រឈម
៦- កត្តាប្រឈមបញ្ហាចុកតម្រងនោម
មានកត្តាហាប្រឈមជាច្រើន នាំឲ្យយើងកើតមានអាការៈចុកតម្រងនោម ដូចជា៖
– របបអាហារសម្បូរសារធាតុអាចកកើតទៅជាដុំក្រួសបាន ដូចជាកាល់ស្យូម Oxalate ឬប្រូតេអ៊ីន។
– សមាជិកគ្រួសារ ឬយើងមានប្រវត្តិកើតក្រួសក្នុងតម្រងនោម។
– ខ្វះជាតិទឹកដោយសារការផឹកទឹកមិនគ្រប់គ្រាន់ ឬដោយសារការបាត់បង់ជាតិទឹកពីក្នុងខ្លួនច្រើនពេក តាមរយៈការបែកញើស ក្អួត ឬរាក។
– មានជំងឺធាត់ ឬធាត់ខ្លាំង។
– វះកាត់បំបែកផ្លូវក្រពះ (Gastric bypass surgery) អាចធ្វើឲ្យរាងកាយងាយស្រូបយកជាតិកាល់ស្យូម និងសារធាតុដទៃទៀត ដែលជាហេតុបង្កើតទៅជាក្រួស។
– ជំងឺមេតាបូលីស (Metabolic disorders) ជំងឺតំណពូជ (Inherited diseases) ជំងឺក្រពេញទីរ៉ូអ៊ីត (Hyperparathyroidism ) និងលក្ខខណ្ឌដទៃទៀត អាចបណ្តាលឲ្យមានការបង្កើតដុំក្រួសនៅក្នុងខ្លួន។
– មានឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និង ការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺនោះទេ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ពត័មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាធម្មតា វេជ្ជបណ្ឌិតនឹងសុំធ្វើតេស្តឈាម ដើម្បីពិនិត្យមើលពីកម្រិតសារធាតុអាចកកើតជាក្រួសនៅក្នុងរាងកាយយើង។ ការធ្វើតេស្តរូបភាព ដូចជា ថតកាំរស្មីអ៊ិច ថតស្កេន CT ឬឆ្លុះអេកូ អាចជួយកំណត់ទីតាំងដុំក្រួសក្នុងផ្លូវទឹកនោមបាន។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលដោយប្រើថ្នាំ គឺត្រូវពឹងផ្អែកលើប្រភេទដុំក្រួសយើងកំពុងកើតមាន ដោយប្រភេទក្រួសទាំងនោះមានដូចជា៖
– ក្រួសកាល់ស្យូម គឺជាប្រភេទក្រួស បង្កើតឡើងដោយជាតិកាល់ស្យូមអុកសាឡាត (Calcium Oxalate)។
– ក្រួសអាសុីដអ៊ុយរិច កើតឡើងនៅពេលមានសារជាតិអាស៊ីតអ៊ុយរិច កើនឡើងច្រើននៅក្នុងទឹកនោម។
– ក្រួស Cystine គឺប្រភេទកម្រ ហើយត្រូវបានបង្កឡើងដោយសារ Cystinuria។
– ក្រួស Struvite ក៏មិនសូវកើតមានដែរ ហើយបណ្តាលមកបាក់តេរីនៅក្នុងបំពង់ទឹកនោម។
ក្រួសតូចៗភាគច្រើន អាចធ្លាក់ចេញមកក្រៅបាន ដោយអត្រាធ្លាក់ចេញមានប្រមាណ ៨០ ភាគរយ ធ្លាក់តាមទឹកនោមបាន។ វេជ្ជបណ្ឌិត នឹងណែនាំឲ្យយើងផឹកទឹកឲ្យបានគ្រប់គ្រាន់ រួមទាំងវេជ្ជបញ្ជា ឲ្យប្រើថ្នាំបំបាត់ការឈឺចាប់ ដើម្បីជួយបន្ថយអាការៈឈឺចាប់ នៅពេលពិនិត្យមើលដុំក្រួសរហូតដល់វាធ្លាក់ចេញមកក្រៅ។
មានវិធីជាច្រើន ដើម្បីជួយយកដុំក្រួសធំៗ និងជួយបំបាត់ការឈឺចាប់ ដូចជា៖
– ទាញក្រួសចេញតាម Ureteroscopy៖ ជាវិធីម្យ៉ាង វេជ្ជបណ្ឌិតនឹងដាក់បំពង់ឆ្លុះមានពន្លឺ និងកាមេរ៉ា ចូលទៅក្នុងបំពង់ទឹកនោមដើម្បីរកពីទីតាំងក្រួស និងវះយកវាចេញ។
– Extracorporeal shock wave lithotripsy (ESWL)៖ ជាការព្យាបាលមិនមានការឈឺចាប់ ជាដំណើរការបង្កើតរលកសំឡេងតូចៗនៅក្នុងតម្រងនោម ដើម្បីបំបែកក្រួសឲ្យទៅជាបំណែកតូចៗ។ បំណែកតូចៗទាំងនេះ នឹងហូរចេញមកក្រៅតាមទឹកនោម។
– Percutaneous nephrolithotomy៖ វិធីនេះ អាចធ្វើទៅបានដោយការដាក់ថ្នាំសន្លប់ ហើយដំណើរការ ដោយប្រើបំពង់ឆ្លុះមានពន្លឺ ដើម្បីទាញយកក្រួសចេញ ក្រោយពីកាត់បំបែកក្រួសជាតូចៗនៅក្នុងតម្រងនោមរួច។
– Stent placement៖ ជួនកាល គ្រូពេទ្យអាចដាក់បំពង់ស្តើងមួយតាមបំពង់បង្ហូរទឹកនោម ដើម្បីជួយដល់ការស្ទះ និងជួយដល់លំហូរទឹកនោម។
– វះកាត់៖ ការវះកាត់នេះ ត្រូវធ្វើលើក្រួសមិនអាចធ្លាក់មកក្រៅបាន ប៉ុន្តែវាអាចជាវិញក្នុងរយៈពេលយូរ។ វេជ្ជបណ្ឌិតជាច្រើន នឹងព្យាយាមទាញ ឬបំបែកក្រួស មុនពេលសម្រេចធ្វើការវះកាត់។
ការព្យាបាល អាចមានថ្នាំ ជួយកាត់បន្ថយរោគសញ្ញា ឬបន្ថយការប្រមូលផ្តុំដុំក្រួស ដោយការព្យាបាលដោយប្រើថ្នាំទាំងនេះ មានដូចជា៖
– ថ្នាំផ្សះ
– ពពួកថ្នាំ Alkalinizing agents
– ថ្នាំករទីកូអ៊ីត ( Corticosteroids )
– ថ្នាំ Calcium channel blockers
– ថ្នាំ Selective alpha-1 blockers។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្តូរទម្លាប់រស់នៅ
ទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខ្លះ អាចទប់ទល់ បង្ការជំងឺក្រួសក្នុងតម្រងនោមបាន ដូចជា៖
– យើងអាចមានការឆ្លើយតប ដោយមានអារម្មណ៍ថាក្តៅនៅចំហៀងខ្លួន ឬនៅខ្នងផ្នែកខាងក្រោម ហើយអាចបន្ថយរោគសញ្ញានេះ ដោយធ្វើការបន្ធូរសាច់ដុំលើដុំក្រួសក្នុងតម្រងនោម ។
– វេជ្ជបណ្ឌិត នឹងណែនាំយើងឲ្យផឹកទឹក និងបន្ថយសារជាតិសូដ្យូមក្នុងរបបអាហារ។ ផឹកទឹកច្រើន អាចជួយឲ្យក្រួសហូរចេញតាមទឹកនោមបាន (ក្នុងករណីក្រួសតូចៗ)។
– ភាគច្រើន អាចទទួលបានប្រយោជន៍ពីការញ៉ាំអាហារមានសុខភាព សម្បូរទៅដោយគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់។ ពេទ្យ ក៏អាចផ្តល់យោបល់ឲ្យញ៉ាំផ្លែឈើឲ្យច្រើនក្នុងរបបអាហារ ដូចជា ផ្លែក្រូច ឬផ្លែទំពាំងបាយជូរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]