backup og meta

ទឹកនោមពពុះ ឬមានឈាម អាចជារោគសញ្ញាខូចតម្រងនោម គ្នាយើងគួរប្រយ័ត្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 07, 2023

    ទឹកនោមពពុះ ឬមានឈាម អាចជារោគសញ្ញាខូចតម្រងនោម គ្នាយើងគួរប្រយ័ត្ន

    ករណី​ជំងឺ​តម្រង​នោម​ភាគ​ច្រើន​ គឺ​មិន​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា ដោយ​សារ​តែ​ពុំ​មាន​សញ្ញា ឬ​រោគសញ្ញា​ច្បាស់លាស់។ យោង​តាម​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ជំងឺ​តម្រង​នោម​ អាច​ត្រូវ​បាន​ធ្វើការ​វិនិច្ឆ័យ​ខុស ដោយ​​ភ័ន្តច្រឡំ​ថា​បណ្តាល​មក​ពី​ជំងឺ​ផ្សេង​​ទៅ​វិញ។ លើស​ពី​នេះ អ្នក​ជំងឺ​ភាគ​ច្រើន​ មិន​បង្ហាញ​រោគសញ្ញា​ឡើយ​ រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ ដូច្នេះ​ហើយ ការ​ស្វែង​យល់​បន្ថែម​ពី​​រោគសញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា តម្រង​នោម​យើង​មាន​បញ្ហា​ឬ​អត់​ គឺ​មាន​សារៈសំខាន់​ណាស់។

    រោគសញ្ញា​ទាំង​៨ បង្ហាញ​ថា​យើង​អាច​មាន​ជំងឺ​តម្រង​នោម

    ១. អស់​កម្លាំង

    បញ្ហា​​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ អាច​នាំ​ឲ្យ​ជាតិ​ពុល​ ឬ​សារធាតុ​កង្វក់​ផ្សេង​ទៀត កកកុញ​ក្នុង​ឈាម​ ហើយ​​ជា​លទ្ធផល​ អ្នក​ជំងឺ​តម្រង​នោម​​អាច​នឹង​មាន​អាការៈ​អស់​កម្លាំង ខ្សោយ​ និង​ពិបាក​ផ្ដោត​អារម្មណ៍។

    ២. ពិបាក​គេង

    នៅ​ពេល​ដែល​តម្រង​នោម​មិន​អាច​ចម្រោះ​ឈាម​បាន​ល្អ នោះ​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ​ក៏​​មិន​អាច​​បញ្ចេញ​តាម​រយៈ​ទឹក​នោម​ ​ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​គេង​ជាប់​ជា​ប្រចាំ។​

    ៣. ស្បែក​ស្ងួត និង​រមាស់

    នៅ​ពេល​ដែល​តម្រង​នោម​មិន​អាច​រក្សា​តុល្យភាព​នៃ​សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ឈាម​​ទេ​នោះ ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​នឹង​អម​ជាមួយ​នូវ​ជំងឺ​ឆ្អឹង ដែល​បង្ហាញ​ជា​បញ្ហា​ស្បែក​ស្ងួត និង​រមាស់។

    ៤. នោម​ញឹកញាប់

    ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​តម្រង​នោម​ គឺ​ការ​នោម​មាន​ការ​ប្រែប្រួល។ នៅ​ពេល​ដែល​យើង​​មាន​អាការៈ​នោម​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​យប់ ​ យើង​គួរ​តែ​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​តម្រង​នោម​ ទើប​ជា​ការ​ប្រសើរ។

    ​​​​​​៥. នោម​ឈាម

    ជា​ធម្មតា កោសិកា​ឈាម​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​រាងកាយ​ នៅ​ពេល​ដែល​តម្រង​នោម​មាន​សុខភាព​ល្អ និង​ចម្រោះ​កាក​សំណល់​ចេញ​ពី​ឈាម​ទៅ​តាម​ទឹក​នោម។ ប៉ុន្តែ នៅ​ពេល​ដែល​តម្រង​នោម​ត្រូវ​បាន​បំផ្លាញ កោសិកា​ឈាម​អាច​នឹង​លេច​ធ្លាយ​ទៅ​ក្នុង​ទឹក​នោម។

    ៦. ទឹក​នោម​មាន​ពពុះ

    ជាមួយ​គ្នា​នេះ​ ប្រសិនបើ​ទឹក​នោម​យើង​មាន​ពពុះ ក៏​អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ការ​ខូច​តម្រង​នោម​ ឬ​ជំងឺ​តម្រង​នោម​បាន​ដែរ។

    ខូចតម្រងនោម

    ៧. ហើម​ជើង និង​ក​ជើង

    ជា​លទ្ធផល​នៃ​ការ​ចាល់​ជាតិ​ប្រៃ ដែល​កើត​ឡើង​ដោយ​សារ​តែ​ខ្សោយ​មុខងារ​តម្រង​នោម ជើង និង​ក​ជើង​របស់​យើង​អាច​​នឹង​ហើម។ មួយ​វិញ​ទៀត ការ​ហើម​អវយវៈ​ផ្នែក​ខាង​ក្រោម​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​ថ្លើម​ ជំងឺ​បេះដូង ឬ​បញ្ហា​សរសៃ​វ៉ែន​ជើង​រ៉ាំរ៉ៃ។

    ​៨. បាត់បង់​ចំណង់​អាហារ

    ដូច​គ្នា​នេះ​ដែរ ការ​ធ្លាក់​ចុះ​នៃ​ចំណង់​អាហារ ក៏​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​តម្រង​នោម។ មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​នេះ គឺ​ដោយ​សារ​តែ​ការ​ប្រមូល​ផ្តុំ​នៃ​ជាតិ​ពុល នៅ​ពេល​ដែល​មុខងារ​តម្រង​នោម​យើង​​​ចុះ​ខ្សោយ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម