ក្រពះពោះវៀនខ្សោយ នាំទុក្ខដល់យើងណាស់ បើដាក់អាហារចូលមិនទំនងនឹងកើតរាករូស ចុក រមួលពេញពោះ ទម្រាំបាត់ទៅវិញរាប់ម៉ោង។ អាហារដែលគ្នាយើងញ៉ាំចូលទៅក្នុងខ្លួនវាសំខាន់ណាស់ ព្រោះបើញ៉ាំចំណីមិនចេះគិត អាការៈឈឺចុកពោះ រាករូសកាន់តែឈឺខ្លាំង ដូចនេះយើងត្រូវដឹងអាហារណាគួរចៀសវាង ពិសេសប្រភេទអាហារខាងក្រោមនេះ។
អាហារគួរចៀសវាង បើក្រពះពោះវៀនខ្សោយ
១. ផលិតផលធ្វើពីទឹកដោះគោ
ទឹកដោះគោ ឈីស និងការ៉េម ធ្វើឲ្យរាងកាយយើងពិបាករំលាយដោយសារវាសម្បូរជាតិខ្លាញ់ ហេតុនេះយើងគួរចៀសវាងទឹកដោះគោពេលឈឺពោះ ឬរាករូស។ ប៉ុន្តែយើងអាចញ៉ាំយ៉ាអួ៊រគ្មានរសជាតិ (Plain yogurt) តិចតួចបាន ព្រោះក្នុងយ៉ាអួ៊រមានផ្ទុកProbiotic ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ។
២. អាហារសម្បូរជាតិអាស៊ីដ
ពពួកផ្លែក្រូច ឬប៉េងបោះ ជាអាហារមានជាតិអាស៊ីដខ្ពស់ ងាយធ្វើឲ្យពោះយើងឈឺ និងចាល់អាស៊ីដក្រពះ ពិសេសបើយើងមានសញ្ញានៃជំងឺរលាកពោះវៀន។ អាហារប្រភេទនេះ អាចបណ្ដាលឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរដូចជាក្រហាយទ្រូង និងចង្អោរជាដើម។
៣. កាហ្វេអ៊ីន និងជាតិអាល់កុល
ជាតិកាហ្វេអ៊ីន និងជាតិអាល់កុល អាចបង្កើនកម្រិតអាស៊ីដនៅក្នុងក្រពះ បណ្ដាលឲ្យយើងចង្អោរឡើង។ ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យបញ្ហារាករូសកាន់តែធ្ងន់ធ្ងរ ហេតុនេះគ្នាយើងគួរកាត់បន្ថយ ឬបើអាច ចៀសវាងភេសជ្ជៈទាំងពីរមុខនេះបានច្រើនកាន់តែល្អ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
![កាហ្វេ Hello គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/08/កាហ្វេ_Hello_គ្រូពេទ្យ.jpg)
៤. អាហារបំពង
ចំពោះអាហារបំពងសម្បូរជាតិខ្លាញ់ និងប្រេង និយាយរួមទៅធ្វើឲ្យក្រពះយើងពិបាករំលាយ ជាហេតុយើងគួរកាត់បន្ថយអាហារបំពងពេលក្រពះពោះវៀនមិនស្រួល ដើម្បីផ្ដល់ឱកាសឲ្យក្រពះពោះវៀនបានសម្រាកខ្លះ ចៀសវាងថែមអាហារពិបាករំលាយចូលពោះ។
៥. បន្លែ និងផ្លែឈើឆៅ
គ្នាយើងប្រហែលឆ្ងល់ហើយ ហេតុអីបានត្រូវចៀសវាងពីបន្លែ ផ្លែឈើដែរ ក្រែងបន្លែ ផ្លែឈើល្អចំពោះសុខភាពហ្អី? មែនហើយ បន្លែ ផ្លែឈើល្អ ប៉ុន្តែវាសម្បូរដោយជាតិកាកសរសៃ សម្រួលដល់ក្រពះយើងរំលាយអាហារបានល្អ ហេតុនេះបើយើងកំពុងមានបញ្ហារាករូស យកល្អចៀសឲ្យឆ្ងាយពីបន្លែ ផ្លែឈើសិន ចាំស្រួលពោះវិញ ចាំញ៉ាំ។