ចាប់អារម្មណ៍ផង! រោគសញ្ញា ៥ ជាសញ្ញាជំងឺពោះវៀនដុះខ្នែង

    ចាប់អារម្មណ៍ផង! រោគសញ្ញា ៥ ជាសញ្ញាជំងឺពោះវៀនដុះខ្នែង

    ជំងឺ​ពោះវៀន​ដុះ​ខ្នែង ជាពាក្យដែលយើងនិយម​ហៅ តែ​មិនត្រឹមត្រូវទេ។ ​ពាក្យ​បច្ចេកទេស​របស់​ជំងឺ​នេះ​ត្រឹមត្រូវ​នោះ​ហៅ​ថា ជំងឺ​រលាក​ខ្នែង​ពោះវៀន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។

    លោក​បន្ត​ថា ការ​បណ្ដោយ​ឲ្យ​ជំងឺ​រលាក​ខ្នែង​ពោះវៀន​បន្ត​កាន់​តែ​យូរ​នោះ វា​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​ជំងឺ​បាន។ ដូច​នេះ បើ​សង្កេត​ឃើញ​ថា ខ្លួន​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​បញ្ជាក់​ថា កំពុង​ប្រឈម​នឹង​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ហើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ និង​ព្យាបាល​ត្រឹម​ត្រូវ។

    ១. ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង​ខុស​ធម្មតា

    ជំងឺ​រលាក​ខ្នែង​ពោះវៀន ជា​ធម្មតា​មាន​អាការៈ​ឈឺ​ចុកចាប់​នៅ​ក្នុង​ពោះ​ខ្លាំង ហើយ​លាត​សន្ធឹង​រាលដាល​នៅ​ក្រោម​ពោះ​​ផ្នែក​ខាង​ស្តាំ។ អាការៈ​ឈឺ​ចុកចាប់​នឹង​កាន់​តែ​ខ្លាំង​ឡើងៗ រាល់​ពេល​ដែល​ធ្វើ​សកម្មភាព​ដូចជា ដើរ ក្អក បើកបរ ឬ​ឈឺ​ចុកចាប់​ខ្លាំង​ពេញ​ផ្ទៃ​ពោះ​ទាំង​មូល​តែ​ម្តង​ជាដើម។

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

    កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    ២. ក្អួត​ចង្អោរ

    យើង​អាច​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ ឬ​ក្អួត​តែ​ម្តង ថែម​ទាំង​មិន​ចង់​ញ៉ាំ​អាហារ​អ្វី​ទាំង​អស់ ដោយសារ​តែ​ការ​រលាក​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​រំលាយ​អាហារ និង​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ក្អួត​ចង្អោរ​បែប​នេះ។ តែ​អាការៈ​នេះ អាច​ច្រឡំ​ជាមួយ​បញ្ហា​ក្រពះ​ពោះ​វៀន​ផ្សេង​ដែរ ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​មួយ​ចំនួន ក៏​មិន​មាន​ចេញសញ្ញា ឬ​អាការៈ​អស់​ទាំង​នេះ​ដែរ។

    ក្អួត

    ៣. ឈឺ​នោម​ញឹក​ញាប់

    មាន​មនុស្ស​មួយចំនួន​មាន​ខ្នែង​ពោះវៀន​ជិត​អាង​ត្រគាក​សដែល​នៅ​ជិត​ផ្លោកនោម​បំផុត ដូច្នេះ​នៅ​ពេល​ដែល​ខ្នែង​ពោះវៀន​រង​នូវ​ការ​រលាក វា​ក៏​ប៉ះពាល់​ដល់​ផ្លោកនោម ដែល​អាច​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ចង់​តែ​ទៅ​បន្ទប់​ទឹក​គ្រប់​ពេល ហើយ​ថែម​ទាំង​មាន​អាការៈ​ឈឺ​ចុកចាប់​ពេល​នោម​ម្តងៗ​ទៀត​ផង។

    ៤. គ្រុន​ក្តៅ

    អាការៈ​គ្រុនក្តៅ និង​ញាក់ ជា​សញ្ញា​បញ្ជាក់​បាន​ថា ផ្នែក​ណា​មួយ​នៃ​រាងកាយ​យើង​កំពុង​តែ​រង​ការ​រលាក​ហើយ។ វា​ក៏​ជា​សញ្ញា​មួយ​ដែល​ជាតិ​គីមី​ក្នុង​ខ្លួន កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ផងដែរ ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ក្តៅ និង​គ្រុន​ញាក់​បែប​នេះ។

    ៥. វង្វេង​ស្មារតី

    ក្រៅ​ពី រោគ​សញ្ញា​ខាង​លើ ប្រសិន​ជា​យើង​ស្រាប់​តែ​មាន​អាការៈ​វង្វេង​វង្វាន់ នោះ​បាន​ន័យ​ថា​ជំងឺ​រលាក​ខ្នែង​ពោះវៀន​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ហើយ ដែល​វា​បាន​បង្ក​ឲ្យ​ខួរក្បាល​ខ្វះ​ខាត​អុកស៊ីហ្សែន ដើម្បី​ដំណើរ​ការ​ខួរក្បាល ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​សកម្មភាព​ខុស​ប្រក្រតី ថែម​ទាំង​ផ្លាស់​ប្តូរ​អត្តចរិត​ខ្លួន​ឯង។

    បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​រូប​នេះ ជំងឺ​រលាក​ខ្នែង​ពោះវៀន​អាច​លេច​នូវ​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា ហើម​ក្នុង​ពោះ ឈឺ​ចង្កេះ និង​មាន​អាការ​ទល់​លាមក ឬ​ក៏​រាករូស។ល។

    រលាកខ្នែងពោះវៀន

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 19/10/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម