backup og meta

ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 03, 2021

    ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?

    មិន​ថា​សម័យ​ណា​នោះ រឿង​ដែល​ម៉ាក់​ប៉ា​ខ្វាយ​ខ្វល់​មុន​គេ គ្មាន​អ្វី​ក្រៅ​ភាព​ឆ្លាត​វៃ​របស់​កូន​នោះ​ទេ ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​តែ​កូន​មាន​សុខភាព ហើយ​ឆ្លាត។ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្លាត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ បើងាកៗ ហើមពោះ រាក ទល់លាមក អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ទេ?

    កូន​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​ច្រើន ដូចជា​របប​អាហារ កត្តាហ្សែន ស្ថានភាព​សុខភាព និង​បរិស្ថាន​រស់​នៅ​ជុំវិញ​ជាដើម។ ជាពិត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​ខួរក្បាល​ពួក​គេ ធ្វើ​ឲ្យ​ការ​បឺត​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន (គេ​និយម​ហៅថា micro-nutrient) ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​មិន​បាន​ល្អ​ប្រក្រតី​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់”

    ធ្វើម៉េច​ទើប​ដឹង​ថា ក្រពះ​ពោះវៀន​កូន​មាន​សុខភាពល្អ?

    កាល​ណា​ក្រពះ​ពោះវៀន​ក្មេង​មាន​សុខភាព​ល្អ មាន​ន័យថា ពួក​គេ​ស្រួល​គេង ស្រួល​ញ៉ាំ មិន​សូវ​ឈឺ រីករាយ​ស្រស់​ថ្លា ចូល​ចិត្ត​លេង ហើយ​ក្នុង​នោះ​ម៉ាក់ប៉ា​អាច​សម្គាល់​បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។

    ១. កូន​គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ

    បើ​កូន​យើង​មិន​សូវ​មាន​បញ្ហា​រាក​រូស ទល់​លាមក ឬ​ហើម​ពោះ​នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​ពួក​គេ​ដំណើរ​ការ​បាន​ល្អ មិន​ចាំ​បាច់​បារម្ភ​ច្រើន​នោះ​ទេ។

    ២. កូន​រីករាយ​គ្រប់​ពេល

    ស្នាម​ញញឹម និង​ភាព​រីករាយ​របស់​កូន ជា​សញ្ញា​បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ​ហើយ ចំណែក ប្រព័ន្ធ​រំលាយ​អាហារ​វិញ​ក៏​ធ្វើការ​បាន​ល្អ​ដែរ គ្មាន​បញ្ហា​ចោទ​នោះ​ទេ។

     ៣. បន្ទោរ​បង់​ទៀង​ទាត់

    កាល​ណា​ក្រពះ​ពោះវៀន​កូន​ល្អ ពេល​ញ៉ាំ​អ្វី​ទៅ​មិន​ធ្វើ​ឲ្យ​ហើម ចុក ឬ​ឆ្អល់​ពោះ​នោះ​ទេ បើ​ងាក​មក​មើល​ការ​បន្ទោ​បង់​ក៏​ទៀង​ទាត់​ដែរ លាមក​មិន​រឹង ឬ​រាក​នោះ​ទេ។

    កូនទល់លាមក

     ៤. មាន​របង​ការពារ​ពី​ធម្មជាតិ​រឹង​មាំ

    ក្រពះ​ពោះ​វៀន​ល្អ​ប្រៀប​បាន​នឹង​ទ័ពស្រួច​នោះ​ដែរ កាល​ណា​មាន​របង​ការពារ​រឹងមាំ ទោះ​ជា​មេរោគ បាក់តេរី​មិន​ល្អ​វាយ​លុក​យ៉ាង​ណា​ក៏​មិន​អាច​បំផ្លាញ​បាន​ទេ។ ប្រព័ន្ធ​រំលាយ​អាហារ​ក្មេងៗ​អាច​លូត​លាស់​រឹងមាំ​ទៅ​បាន ដោយ​សម្រប​ខ្លួន​ទៅ​នឹង​បាក់​តេរី​ល្អ និង​អាក្រក់។

     ៥. ពោះវៀន​សម្បូរ​ដោយ​បាត់​តេរី​ល្អ

    បាក់​តេរី​ល្អ​ក្នុង​ពោះវៀន មាន​តួនាទី​ប្រយុទ្ធ​ទប់​ទល់នឹង​បាត់​តេរី​មិន​ល្អ និង​ជា​រនាំង​ការពារ​ក្មេងៗ​ពី​ជំងឺ​ជា​ច្រើន​មុខ។

    ដូច្នេះ​ហើយ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ និង​ការ​អភិវឌ្ឍ​ផ្សេងៗ។ ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ម៉ាក់​គួរ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​ច្រើន អាច​ជា​ទឹក​ស្អាត ទឹក​សម្ល ឬ​ទឹក​ផ្លែឈើ ត្រូវ​ឲ្យ​កូន​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន សំខាន់​ជាង​នោះ​ទៀត​គួរ​ផ្តល់​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ដូចជា បន្លែ ផ្លែឈើ ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម