សញ្ញា​ទាំង​៥ បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សញ្ញា​ទាំង​៥ បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    លំពែង​ជា​សរីរាង្គ​មួយ​ដែល​មាន​មុខងារ​​សំខាន់​ពីរ​យ៉ាង​ គឺ​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ផលិត​អ័រម៉ូន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​ថាមពល​ក្នុង​ឈាម​។ ប្រសិនបើ​លំពែង​មិន​ផលិត​​អង់ស៊ីម​រំលាយ​អាហារ​ នោះ​រាងកាយ​ក៏​មិន​អាច​ស្រួប​យក​អាហារ​បាន​ត្រឹមត្រូវ​ដែរ​។ ជា​លទ្ធផល​ វា​នឹង​​ធ្វើ​ឲ្យ​​យើង​ស្រក​ទម្ងន់​ និង​រាករូស

    មួយ​វិញ​ទៀត បណ្តុំកោសិកាលំពែង ក៏​មាន​តួនាទី​ជួយ​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម។​ ​នៅ​ពេល​ដែល​ការ​ផលិត​អាំងស៊ុយលីន​តិច​ពេក​ វា​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​សង្កេត​មើល​​​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​​បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី។

    ១. លាមក​ប្រែ​ពណ៌​

    ​​​​​​ពិត​ណាស់​ លំពែង​ផលិត​អង់ស៊ីម​​ដែល​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ដូចជា​វីតាមីន​A, E និង​K។ ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​លាមក​​អណ្ដែត និង​មាន​ពណ៌​ស្រាល​ វា​អាច​​ជា​សញ្ញា​នៃ​ការ​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​បាន​ល្អ​។

    ២. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​

    ជាមួយ​គ្នា​នេះ​ដែរ លំពែង​ផលិត​អ័រម៉ូន​ដែល​គ្រប់គ្រង​ការ​ផលិត​អាំងស៊ុយលីន​នៃ​រាងកាយ​ ក៏​ដូចជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​លំពែង​មិន​ដំណើរការ​ នោះ​យើង​អាច​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

    ៣. ចង្អោរ​ និង​ក្អួត​

    ដោយ​សារ​តែ​លំពែង​ផលិត​អ័រម៉ូន​ដែល​បំបែក​ខ្លាញ់​ វា​អាច​ប៉ះពាល់​ដល់​មុខងារ​រំលាយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ចង្អោរ ប្រសិនបើ​លំពែង​ដំណើរការ​មិន​ប្រក្រតី​។

    លំពែង២

    ៤. ឈឺពោះ​

    អាការៈ​ឈឺ​ពោះ​ជា​រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល់ និង​ជំងឺ​មហារីក​លំពែង។ ការ​ឈឺចាប់​ដោយ​សារ​តែ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល់ គឺ​ឈឺចាប់​ភ្លាម​ៗ និង​ខ្លាំង​នៅ​ចំ​កណ្ដាល​ពោះ​។

    ៥. ស្រក​ទម្ងន់​

    ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺចាប់​ត្រង់​បរិវេណ​ពោះ អម​ដោយ​ការ​ស្រក​ទម្ងន់​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង។ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ស្រក​ទម្ងន់​ដូច​គ្នា។​ ដូច​នេះ​ហើយ ក្នុង​ករណី​​ស្រក​ទម្ងន់​ដោយ​​ពុំ​មាន​មូលហេតុ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​​ ​ក៏​ដូចជា​ធ្វើ​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 25/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត