backup og meta

អ្នកស្ថិតក្នុងដំណាក់កាលមួយ​នេះ ងាយ​កើត​ជំងឺទឹកនោមផ្អែមបំផុត!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 24, 2023

    អ្នកស្ថិតក្នុងដំណាក់កាលមួយ​នេះ ងាយ​កើត​ជំងឺទឹកនោមផ្អែមបំផុត!

    ត្រៀម​កើត​​ជំងឺទឹក​នោម​ផ្អែម​ ឬ​ជំងឺបម្រុងទឹកនោមផ្អែម ​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង​ឡើង​ខ្ពស់​ជាង​កម្រិត​ធម្មតា​។ ដំណាក់​កាល​ត្រៀម​កើត​ទឹកនោម​ផ្អែម​ ជា​ពេល​មួយ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ពេក តែ​មិន​ទាន់​ដល់​ដំណាក់​កាល​មួយ​ហៅ​ថា​ទឹក​នោម​ផ្អែម​នោះ​ទេ​។

    អ្នក​​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ តែងតែ​​ឆ្លង​កាត់​ដំណាក់​កាល​ត្រៀម​ឬ​បម្រុង​ជំងឺ​ទឹក​នោម​ផ្អែម​ជាមុន​សិន​។ បើ​សិន​ជា​គ្នា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម គឺ​យើង​កំពុង​តែ​ប្រឈម​ខ្ពស់​​ក្នុង​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ក្រៅពី​នេះ​នៅ​ប្រឈម​​នឹង​កើត​ជំងឺ​​​បេះដូង​និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ​។

    ​អ្វី​ដែល​ជា​ដំណឹង​ល្អ​គឺ​​យើង​អាច​ពន្យារ​ពេល ឬ​ការ​ពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​នេះ បាន​ទោះជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម​ក៏​ដោយ។ ទម្លាប់​រស់នៅប្រចាំថ្ងៃ ​របបអាហារ​អាក្រក់មួយចំនួនដែលជាចំណង់ចំណូលចិត្តខ្លាំង​បង្ក​បញ្ហា​ដល់​សុខភាព ​ ការ​គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ​ជាពិសេសកុំឲ្យឡើងគីឡូ ​និង​ទម្លាប់​បញ្ចេញ​ញើស​ហាត់​ប្រាណ​ជា​ប្រចាំ​ ពិត​ជា​អាច​ជួយ​បាន​។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ១. មូលហេតុ​

    ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម កើត​ឡើង​បាន​ដោយ​សារ​តែ​អ័រម៉ូន​អាំង​ស៊ុយ​លីន​ ឬ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​រាង​កាយ​យើង​ធ្វើ​ការ​មិន​បាន​ល្អ​តាម​ប្រក្រតី។ អាំងស៊ុយ​លីន​ ជួយ​កោសិកា​ប្រើ​ប្រាស់​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​។ នៅ​ពេល​មួយ​ដែល​អាំង​ស៊ុយ​លីន​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​ កម្រិត​ជាតិ​ស្ករ​អាច​កើត​ឡើង​ច្រើន​នៅ​ក្នុង​ឈាម​។ នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ឡើង​ច្រើន​ក្នុង​ឈាម​ខ្ពស់​​ជាង​ធម្មតា អាច​បង្ហាញ​ថា​មនុស្ស​យើង​នៅ​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​នោម​ផ្អែម​។

    បើ​សិន​ជា​កម្រិន​ជាតិ​ស្ករ​នេះ​ ឡើង​ដល់​កម្រិត​ខ្ពស់​​ជាក់​លាក់​មួយ​ យើង​នឹង​ត្រូវ​ចាត់​ទុក​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បំផ្លាញ​សរសៃឈាម និង​ប្រ​ព័ន្ធ​ប្រសាទ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ជំងឺ​បេះដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​ទៀត​។

    បើ​យើង​​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ខាង​ក្រោម​នេះ អាច​ប្រ​ឈម​ចូល​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​នោម​ផ្អែម​៖

    • លើស​ទម្ងន់ ឬ​ធាត់​
    • មាន​ឪពុក ម្ដាយ ឬ​បងប្អូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​
    • ធ្លាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ឬ​មាន​កូន​ពេល​កើត​មាន​ទម្ងន់​លើស​ពី​៤គីឡូក្រាម​
    • អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​
    • ស្រ្តី​មាន​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​(PCOS)

    អាហារសុខភាព

    ២. រោគ​វិនិច្ឆ័យ​

    គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដើម្បី​ដឹង​ថា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​​នោម​ផ្អែម​ឬ​យ៉ាងណា​។ ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ភ្លាមៗ​អាច​ធ្វើ​មុន​ពេល​យើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​។

    • សុខភាព​​ធម្មតា​៖ ជាតិ​ស្ករ​ចន្លោះ​ពី​ ៧០​ទៅ​៩៩​មិល្លីក្រាម​/ដេស៊ីលីត្រ​
    • ត្រៀម​ទឹក​នោម​ផ្អែម​៖ ជាតិ​ស្ករ​ចន្លោះ​ពី​១០០ ទៅ​១២៥​មិល្លីក្រាម​/ដេស៊ីលីត្រ
    • កើត​ជំងឺ​ទឹក​នោម​ផ្អែម៖ ជាតិ​ស្ករ​​ខ្ពស់​ជាង​១២៦​មិល្លីក្រាម​/ដេស៊ីលីត្រ

    មនុស្ស​យើង​ទូទៅ​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម​បើ​សិន​ជា​​មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើង​ទៅ ហើយ​អ្នក​មាន​អាយុ​តិច​ជាង​៤៥​ឆ្នាំ ក៏​គួរ​ធ្វើ​តេស្ត​ដែរ​បើ​សិន​ជា​ស្ថិត​ក្នុង​ក្រុម​ប្រឈម​ដូច​បាន​រៀប​រាប់​ខាង​លើ​។​

    ៣. វិធី​បញ្ចៀស​​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

    ​បើ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម វិធី​ដែល​ល្អ​បំផុត​ដើម្បី​បញ្ចៀស​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ​។

    សម្រក​ទម្ងន់៖ បើ​សិន​ជា​យើង​ជា​មនុស្ស​​លើស​ទម្ងន់ ការ​សម្រក​គីឡូ​បាន​ត្រឹម​៧​ភាគរយ​នៃ​ទម្ងន់​ខ្លួន​ អាច​ពន្យារ​ពេល ឬ​អាច​ការ​ពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​។ ការ​ស្រក​ទម្ងន់ ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កម្រិត​កូលេស្តេរ៉ូល​ដែរ​។

    ហាត់​ប្រាណ​ជា​ប្រចាំ៖ ការ​ហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​​ការ​ពារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ ដូច​ជា​ដើរ ជិះកង់ ឬ​ហែល​ទឹក​​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​តិច​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​កម្រិត​ហាត់​ប្រាណ​ដែល​សុវត្ថិភាព​ចំពោះ​ខ្លួន​យើង​។

    ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​៖ ​គ្នា​យើង​អាច​​ញ៉ាំ​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ សាច់​មាន់ និង​សាច់​ត្រី ដែល​ជា​អាហារ​ល្អ​ចំពោះ​សុខ​ភាព​។ ចូរ​ចៀស​វាង​ញ៉ាំ​អាហារ​កែ​ច្នៃ​ច្រើន​​ អាហារ​បំពង ឬ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​។ ដូច​គ្នា​ដែរ គួរ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន ជាជាង​ញ៉ាំ​ភេសជ្ជៈ​គ្រឿង​កំប៉ុង​​។

    បើ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម ថ្នាំ​ទឹក​នោម​ផ្អែម​មិន​មាន​ប្រសិទ្ធ​ភាព​ដូច​យើង​ហាត់​ប្រាណ និង​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​នោះ​ទេ​។ យ៉ាងណា គ្រូពេទ្យ​នៅ​តែ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​គ្នា​យើង​ប្រើ​ថ្នាំ​ខ្លះ បើ​សិន​ជា​យើង​ប្រឈម​ខ្លាំង​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត​។ បញ្ហា​សុខ​ភាព​ទាំង​នោះ​មាន​ដូច​ជា​ធាត់​ខ្លាំង មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ល្អ​ទាប ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់។

    ស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម