និយមន័យ
១- អ្វីជាការញៀនការងារ?
ញៀនការងារ គឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយ ជាអាកប្បកិរិយាមួយមិនអាចគ្រប់គ្រងបាន គឺដូចជាមនុស្សញៀនថ្នាំអញ្ចឹងដែរ។ ញៀនការងារមានអារម្មណ៍សប្បាយពេលធ្វើការ ដូច្នេះទើបធ្វើឲ្យពួកគេបន្តធ្វើការមិនខ្វល់ពីពេលវេលា ក្នុងចេតនាអាចផ្តល់អារម្មណ៍សប្បាយសុខស្រួលដល់ខ្លួនឯង។ ជំងឺញៀនការងារ គឺមិនអាចតាំងចិត្តឈប់ធ្វើការបានទេ ទោះជាដឹងថា ផលវិបាកអាចប៉ះពាល់ដល់ជីវិ រាងកាយ ឬសុខភាពផ្លូវចិត្តក៏ដោយ។
២- កើតមានញឹកញាប់ដែរទេ?
តាមការស្រោវជ្រាវ ប្រមាណ ៥–១០% នៃពលរដ្ឋ អាមរិក កើតជំងឺញៀនការងារ ខណៈការស្រាវជ្រាវផ្សេងទៀត គឺកើន២៥% ឯណោះ។
ដោយសារជំងឺញៀនការងារមានអត្រាខ្ពស់ ហើយមនុស្សភាគច្រើនលើពិភពលោក ប្រកបរបបចិញ្ចឹមជីវិត ដោយធ្វើការ ហេតុនេះទើបត្រូវយល់ដឹងឲ្យច្បាស់ថាអ្វី គឺជាជំងឺញៀនការងារ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
មនុស្សញៀននឹងការងារ តែងតែព្យាយាមប្រាប់ដាក់មូលហេតុលើខ្លួនឯង ថាធ្វើការងារច្រើនជារឿងល្អ អាចជួយឲ្យទទួលបានជោគជ័យ។ ករណីខ្លះ អាចគ្រាន់តែប្រឹងធ្វើការងារធម្មតា ឬខ្លះទៀតគឺដើម្បីភាពជោគជ័យ។ យ៉ាងណា មហិច្ចតា និងជំងឺញៀនធ្វើការ គឺខុសគ្នាទាំងស្រុង។
គ្នាយើងញៀននឹងការងារ អាចខំធ្វើការឲ្យលឿនដើម្បីចៀសបញ្ហាជីវិតរបស់ខ្លួន។ វាស្រដៀងនឹងការញៀនដទៃទៀតដែរ គឺពួកគេអាចនឹងមិនដឹង ឬមិនគិតពីផលអវិជ្ជមានឡើយ។
រោគសញ្ញាញៀនការងាររួមមាន៖
– នៅកន្លែងធ្វើការយូរម៉ោង សូម្បីពេលមិនចាំបាច់
– គេងមិនគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងគម្រោងការងារ ឬបញ្ចប់ការងារណាមួយ
– ជក់ចិត្តនឹងភាពជោគជ័យ ដែលជាប់ទាក់ទងទៅនឹងការងារ
– ភ័យខ្លាចខ្លាំងចំពោះការបរាជ័យនៅកន្លែងធ្វើការ
– ឆ្កួតនឹងការទំនាក់ទំនងប្រតិបត្តិការងារ
– ខូចខាចទំនាក់ទំនងផ្ទាល់ខ្លួន ដោយសារតែការងារ
– មានការប្រុងប្រយ័ត្នការងារខ្លាំង
– ធ្វើការងារ ដើម្បីផ្តាច់ខ្លួនពីទំនាក់ទំនងផ្សេងៗ
– ធ្វើការដើម្បីដោះស្រាយ បញ្ហាអារម្មណ៍ គិតថាខ្លួនឯងមានកំហុស ឬបាក់ទឹកចិត្ត
– ធ្វើការ ដើម្បីគេចពីវិបត្ដិមួយចំនួន ដូចជា ការស្លាប់ លែងលះ ឬបញ្ហាហិរញ្ញវត្ថុ។
អាចមានរោគសញ្ញាផ្សេងៗដែលមិនបានរៀបរាប់នៅខាងលើ។ បើសិនជាមានមន្ទិលសង្ស័យណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើយើងខ្លួនឯង ឬមនុស្សជាទីស្រលាញ់របស់យើង មានរោគសញ្ញាបង្ហាញដូចខាងលើ ឬមានសំនួរអ្វីនោះ សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះរាងកាយរបស់មនុស្សម្នាក់ៗខុសអាចបង្ហាញខុសគ្នា។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
ជំងឺញៀនការងារ ភាគច្រើនកើតលើក្រុមមនុស្សងប់ងល់ និងភាពល្អឥតខ្ចោះ។ ការឲ្យតម្លៃខ្លួនឯងទាប ក៏ជាកត្តាធ្វើឲ្យវិវត្តទៅរកជំងឺញៀនការងារដូចគ្នា មូលហេតុ គឺដោយសារតែចង់ឲ្យថ្នាក់លើពេញចិត្ត។ មានការស្រាវជ្រាវខ្លះបញ្ជាក់ថា គ្នាយើងញៀនការងារភាគច្រើន សុទ្ធតែមានប៉ាម៉ាក់ តែការរំពឹងទុកខ្ពស់ពីយើង នាំឲ្យគិតថាក្តីស្រឡាញ់របស់ប៉ាម៉ាក់ច្រើន ឬតិចអាស្រ័យទៅលើភាពជោគជ័យយើងទទួលបាន។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមផ្សេងៗ នាំឲ្យញៀនការងារ មានដូចជា៖
– គិតដដែលៗ ធ្វើអ្វីមួយដដែលៗ
– ថប់បារម្ភ
– ចរិតលក្ខណះ មនុស្សប្រភេទ A (គ្មានភាពអត់ធ្មត់ ឆាប់ខឹង ចូលចិត្តប្រកួតប្រជែង និងមហិច្ឆិតាធំ)
– យកការងារ ដើម្បីបន្លប់ភាពឈឺចាប់អ្វីមួយ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
Bergen Work Addiction Scale ជាភាសាបច្ចេកទេស ប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺញៀនការងារ។ វិធីសាស្ត្រនេះ បង្កើតដោយសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ នៃសាកលវិទ្យាល័យ Bergen ប្រទេស ណ័រវេ និងត្រូវបានទទួលស្គាល់ដោយសហគមន៍វេជ្ជសាស្រ្ត។ វិធីនេះ ផ្តោតលើការវាស់វែងកត្តាជាច្រើន ដូចជា ថាតើទិដ្ឋភាពជាក់លាក់ណាមួយបានកើតឡើងប៉ុន្មានដងនៅក្នុងជីវិតយើង ដោយប្រើប្រាស់ខា្នតដូចជា៖
– មិនធ្លាប់ (១)
– កម្រ (២)
– ម្តងម្កាល (៣)
– ញឹកញាប់ (៤)- តែងតែ (៥)
ខ្នាតខាងលើនេះយើងយកមកវាស់ជាមួយនឹងស្ថានភាពមួយចំនួនដូចខាងក្រោម៖
– យើងគិតថាធ្វើយ៉ាងណា ដើម្បីបង្កើតពេលវេលាកាន់តែច្រើនធ្វើការងារ
– ធ្វើការដើម្បីគេចវេស លប់លាងកំហុស ភាពទន់ខ្សោយ បាក់ទឹកចិត្ត និងថប់បារម្ភ
– មានអ្នកណែនាំឲ្យបន្ថយធ្វើការងារ តែយើងបដិសេធ
– ចំណាយពេលធ្វើការ ច្រើនជាងផែនការគិតទុក
– មានអារម្មណ៍ស្ត្រេសពេលមិនបានធ្វើការ
– កាត់បន្ថយការកំសាន្ត សកម្មភាពសប្បាយៗ និងពេលវេលាហាត់ប្រាណ ដើម្បីមានពេលធ្វើការឲ្យបានច្រើន
– ធ្វើការហួសកំណត់ នាំឲ្យប៉ះពាល់ដល់សុខភាព។
យោងទៅតាមទស្សនាវដី្តចិត្តវិទ្យា Scandinavian បញ្ជាក់ថា បើយើងឆ្លើយថា “ញឹកញាប់’ ឬ “តែងតែ’ យ៉ាងតិច ៤ សំនួរខាងលើ នោះយើងអាចមានជំងឺញៀនការងារ។
៨- ព្យាបាលដោយវិធីណា?
បើយើងមានញៀនការងារ មិនត្រូវការព្យាបាលដល់កម្រិតដូចមនុស្សញៀនថ្នាំនោះទេ។ ប៉ុន្តែយើងត្រូវការព្យាបាលតាមរយៈកម្មវិធីព្យាបាល ទាំងក្នុង និងក្រៅមន្ទីរពេទ្យ ដើម្បីគ្រប់គ្រងអាកប្បកិរិយា។ កម្មវិធីស្តារនីតិសម្បទាភាគច្រើនសម្រាប់ញៀនថ្នាំ និងញៀនស្រា ក៏អាចជាជំនួយសម្រាប់ព្យាបាលជំងឺញៀនការងារធ្ងន់ធ្ងរផងដែរ។ ព្យាបាលក្នុងមន្ទីរពេទ្យ តម្រូវឲ្យយើងសម្រាក នៅក្នុងពេទ្យក្នុងអំឡុងពេលព្យាបាល ខណៈព្យាបាលខាងក្រៅ អាចឲ្យយើងនៅផ្ទះ និងទទួលការប្រឹក្សានៅពេលថ្ងៃ។ ជំងឺញៀនការងារ ទាមទារការព្យាបាលពីកម្មវិធីព្យាបាល ឈ្មោះថា ក្រុម ១២ជំហាន (12-Step) និងកម្មវិធីព្យាបាលជាក្រុមផ្សេងទៀត។ នៅក្រៅប្រទេស កម្មវិធីព្យាបាលទាំងនេះ មាននៅក្នុងអង្គការធំៗមួយចំនួន រាប់បញ្ចូលទាំងអង្គការ Workaholics Anonymous ជាដើម។
ការព្យាបាលជាក្រុម ផ្តល់ឱកាសឲ្យយើងបង្កើតទំនាក់ទំនងជាមួយ និងគ្នាយើងមានជំងឺនេះផ្សេងៗទៀត អាចពិភាក្សាពីផលវិបាក និងអាចជួយផ្តល់កម្លាំងចិត្តគ្នាទៅវិញទៅមក។
ញៀនការងារ អាចមកពីវិបត្តិផ្លូវចិត្តមួយចំនួន ដូចជា ជំងឺគិតដដែលៗ ធ្វើដដែលៗ និងជំងឺប្រែប្រួលអារម្មណ៍ពីរផ្សេងគ្នា (Bipolar Disorder) ។ អាការៈញៀននេះ ក៏បង្កជាជំងឺផ្លូវចិត្ត ដូចជំងឺបាក់ទឹកចិត្តដែរ ហេតុនេះទើបការធ្វើតេស្តបញ្ហាផ្លូវចិត្តមានសារៈសំខាន់ដើម្បីព្យាបាលជំងឺ។ គ្រូពេទ្យចិត្តសាស្ត្រ នឹងជួយរៀបចំផែនការព្យាបាលឲ្យយើង។ ប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញ និងថ្នាំអាចជួយគ្រប់គ្រងអាការៈ ជំងឺថប់បារម្ភ និងស្រ្តេស។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្នាយើងញៀនការងារ ធ្វើការដើម្បីកុំឲ្យមានអារម្មណ៍បន្ទោសខ្លួនឯងពេលមិនបានធ្វើការ។ ដូច្នោះទើបត្រូវឲ្យអ្នកជំងឺមានទំនាក់ទំនងល្អជាមួយការងារ។ គ្នាយើងភាគច្រើន ត្រូវបំពេញការងារ ដើម្បីជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុផលនេះ ភាគច្រើនយើងមិនអាចឈប់ធ្វើការបាននោះឡើង។ យ៉ាងណា ឈប់សម្រាកពីការងារមួយរយៈ គឺមានប្រយោជន៍ណាស់ ជួយធ្វើឲ្យយើងដឹងថា ទោះមិនធ្វើការជាប់រហូត ក៏យើងអាចមានក្តីសុខ ហើយផ្លាស់ប្តូរការងារ ក៏អាចជួយបានដូចគ្នា។
ញៀនការងារ ងាយស្រួលព្យាបាលជាងការញៀនថ្នាំ ដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់ខ្លះៗ ដូចជា៖
– សកម្មភាពរស់នៅប្រចាំថ្ងៃ ត្រូវមានតុល្យាភាព
– ចៀសវាងកត្តាធ្វើឲ្យយើងស្រ្តេស និងកត្តាជំរុញផ្សេងៗទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល ជូនទេ៕