តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

គ្នាយើង​កំពុង​រៀន ច្បាស់​ណាស់​អាច​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ហេតុអី​និសិត្សខ្លះអាចជម្នះសម្ពាធទាំងនេះបាន? ឯ​ខ្លះ​ទៀត​បែរ​ជា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។

កត្តាជាច្រើន​អាច​នាំ​ឲ្យ​គ្នាយើង​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​សិស្សនិស្សិត​ដូច​យើង កាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។

១- អីទៅជាជំងឺបាក់ទឹកចិត្ត?

ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​សោកសៅ​ខុស​ពី​ធម្មតា ហើយ​បាត់បង់​ចំណាប់​អារម្មណ៍​រាល់​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន។

២- រោគសញ្ញាជំងឺបាក់ទឹកចិត្តមានអីខ្លះ?

សិស្សនិស្សិត​ដូចជា​ពួកយើង អាច​មាន​អារម្មណ៍​សោកសៅ ទុក្ខព្រួយ ម្តង​អរ​ម្តង​ភ័យ ប៉ុន្តែ​អារម្មណ៍​ទាំង​នោះ អាច​បាត់​ទៅ​វិញ​នា​ពេល​ណា​មួយ។ អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត រាល់​អ្វី​បាន​ឃើញ​អាច​សុទ្ធ​តែអវិជ្ជមាន មិន​ថា​អារម្មណ៍ ការ​គិត ឬ​សកម្មភាព​យើង​ផ្ទាល់ ហើយ​រោគ​សញ្ញា​មួយ​ចំនួន​អាច​បញ្ជាក់​យើង​កំពុង​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ដូចជា៖

– មាន​អារម្មណ៍​សោកសៅ អស់​សង្ឃឹម ឬ​មិន​ខ្វាយខ្វល់​មនុស្ស​ជុំវិញ​ខ្លួន
– ឆេវឆាវ ឆាប់ខឹង ទាស់​ចិត្ត​គ្រប់​រឿង
– លែង​ចាប់​អារម្មណ៍​រឿង​គ្រប់​យ៉ាង ទាំង​សកម្មភាព ឬ​កីឡា​ធ្លាប់​ចូល​ចិត្ត
– ប្រែប្រួលទម្លាប់គេង (គេងតិចពេក ឬច្រើនពេក)
– អស់កម្លាំង
– ឡើងគីឡូខ្លាំង ឬស្រកខ្លាំង
– ញ៉ាំច្រើនពេក ឬក៏តិចពេក
– មានអារម្មណ៍មិនស្ងប់ រសាប់រសល់ ភ័យព្រួយ
– ពិបាកផ្តោតអារម្មណ៍ធ្វើអ្វីមួយ
– ភ្លេចភ្លាំង
– ចង់ ឬធ្លាប់ព្យាយាមធ្វើអត្តឃាត
– ឈឺចាប់ក្នុងខ្លួនគ្មានមូលហេតុ
– មានអារម្មណ៍ខ្លួនយើងគ្មានតម្លៃ ឬគិតថាអ្វីគ្រប់យ៉ាងជាកំហុសយើង
– បញ្ញាអន់ថយ (គិត វិភាគ ឬដោះស្រាយបញ្ហាយឺតជាងធម្មតា)
– លទ្ធផលសិក្សាធ្លាក់ចុះ។ល។

៣- អ្វីម៉ាក់ប៉ាត្រូវធ្វើដើម្បីជួយកូន?

អាច​ជា​រឿង​ពិបាក​សម្រាប់​ប៉ាម៉ាក់ ចាប់​អារម្មណ៍​បញ្ហា​ធ្លាក់​ទឹកចិត្ត​កូនៗ ជា​ពិសេស នៅ​ពេល​កូន​ទៅ​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ស្រុក​កំណើត។ សិស្សនិស្សិត​គ្នាយើង ជួប​បញ្ហា​នេះ​វិញ ក៏​ពិបាក​ស្វែង​រកជំនួយ​ដូចគ្នា អាច​ដោយសារ​ខ្មាសអៀន ខ្លាច​ត្រូវ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​រើសអើង។

បើ​ម៉ាក់ប៉ា គិត​ថា​កូនៗ​កំពុង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត ត្រូវ​ព្យាយាម​និយាយ ស្តាប់​ទុក្ខព្រួយ​របស់​កូន ដើម្បី​ដឹង​ថា​កូនៗ​កំពុង​តែ​ជួប​បញ្ហា​អ្វីខ្លះ ត្រូវ​ចេះ​ណែនាំ ជូន​កូន​ទៅ​ពិគ្រោះ​ជាមួយ​​ពេទ្យ​ជំនាញ​ឲ្យ​បានឆាប់ ព្រោះ​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ មិន​អាច​ជា​សះស្បើយ​ដោយ​ឯកឯង​ទេ ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ។

មួយទៀត បើ​ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​ស្ថានភាព​កូនៗ​កាន់​តែ​យ៉ាប់យ៉ឺន មិន​​ព្យាបាល អាច​នឹង​​ក្លាយ​ជា​វិប្បដិសារី ព្រោះ​ជំងឺ​នេះ​ជា​ឃាតក​សម្លាប់​មនុស្ស​លឿន​ដូច​ផ្លេកបន្ទោរ អាច​ជំរុញ​កូនៗ​បោះបង់​ការ​សិក្សា ធ្លាក់​ខ្លួន​ក្នុង​គ្រឿង​ញៀន គ្រឿង​ស្រវឹង អាក្រក់​បំផុត​នាំ​ឲ្យ​គេ​ធ្វើ​អត្តឃាត​ផង​ដែរ។

៤- វិធីបង្ការជំងឺបាក់ទឹកចិត្ត

គួរ​ឲ្យ​សោកស្តាយ ជំងឺ​បាក់ទឹកចិត្ត​មិន​មាន​វិធី​បង្ការ​ទេ ប៉ុន្តែ​ប៉ាម៉ាក់ អាច​ព្យាយាម​តាម​រយៈ​ឲ្យ​កូនៗ​រៀន​សម្រប​ជាមួយ​បញ្ហា​ប្រឈម មុន​ពេល​ឈាន​ដល់​ថ្នាក់​មហាវិទ្យាល័យ។ លើក​ទឹក​ចិត្ត​កូនៗ ឲ្យ​ឧស្សាហ៍​និយាយ​ពី​អារម្មណ៍​ពិត។ មួយ​ទៀត បើ​កូនៗ​មិន​ដឹង​ថា​គួរ​និយាយ​ប្រាប់​អ្នក​ណា ត្រូវ​លើក​ទឹក​ចិត្ត​កូន​និយាយ​ជាមួយ​ម៉ាក់ប៉ា​តែ​ម្តង​ទៅ (កុំស្តីបន្ទោស) ឬ​នាំកូនៗ​ទៅ​ជួប​អ្នក​ជំនាញ​ចិត្តសាស្ត្រ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​កព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

College depression: What parents need to know. http://www.mayoclinic.org/healthy-lifestyle/tween-and-teen-health/in-depth/college-depression/art-20048327?pg=1. Accessed January 18, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Sao Solynet កែសម្រួល​ចុងក្រោយ 21/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត