និយមន័យ
១- អ្វីទៅជាជំងឺបាក់ទឹកចិត្ត ?
ជំងឺបាក់ទឹកចិត្ត ជាជំងឺផ្លូវអារម្មណ៍មួយប្រភេទ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍សោកសៅ និងបាត់បង់ចំណង់រាល់សកម្មភាពធ្លាប់ចូលចិត្តពីមុន។ ជះឥទ្ធិពលដល់អារម្មណ៏ ការគិត និងអាកប្បកិរិយា ថែមទាំងអាចបង្កបញ្ហាផ្សេងៗជាច្រើន ទាំងផ្លូវចិត្ត និងផ្លូវកាយ។ បើអាការៈសោកសៅមានរយៈពេលយូររហូតច្រើនថ្ងៃ ច្រើនសប្តាហ៏ នឹងធ្វើឲ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ជះឥទ្ធិពលដល់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ធ្វើឲ្យមានគំនិត ឬគម្រោងចង់ធ្វើអត្តឃាតនោះ បង្ហាញថាយើងអាចកើតជំងឺបាក់ទឹកចិត្តនេះហើយ។ គប្បីធ្វើការពិគ្រោះជាមួយគ្រូពេទ្យឯកទេស បើប្រទះអាការៈណាមួយរបស់ជំងឺបាក់ទឹកចិត្ត។
២- កើតមានញឹកញាប់ដែរទេ?
ញឹកញាប់ខ្លាំងណាស់ លទ្ធផលសិក្សាស្រាវជ្រាវជាច្រើន បង្ហាញថា មនុស្សប្រមាណជា ៨០ភាគរយ ជុំវិញពិភពលោក ប្រឈមកើតជំងឺនេះនៅពេលណាមួយ ក្នុងឆាកជីវិតរបស់ពួកគេ។ យ៉ាងណា ជំងឺនេះភាគច្រើនកើតឡើងលើស្ត្រី ច្រើនជាងបុរស។ សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ជាទូទៅ មនុស្សម្នាក់ៗមានរោគសញ្ញាជំងឺបាក់ទឹកចិត្តភាពខុសគ្នាៗ ខ្លះអាចគេងកាន់តែច្រើន ឯខ្លះទៀតអាចពិបាកក្នុងការគេង ខ្លះញ៉ាំច្រើន ខ្លះទៀតអាចមិនឃ្លានអ្វីទាំងអស់។ យ៉ាងណា អាការៈទូទៅតែងជួបប្រទះមានដូចជា៖
– ពិបាកក្នុងប្រមូលអារម្មណ៍ធ្វើអ្វីមួយ
– មានអារម្មណ៍សោកសៅ ឬទទេស្អាត គ្មានអារម្មណ៍ក្នុងខ្លួនទាល់តែសោះ
– មានអារម្មណ៍ថាគ្រប់យ៉ាងមិនអាចប្រសើរឡើងវិញ (ពិសេសពេលគិតដល់រឿងអនាគត)
– មានអារម្មណ៍រសាប់រសាល់
– បាត់បង់អារម្មណ៏ផ្លូវភេទ
– ករណីធ្ងន់ធ្ងរ អាចមានគំនិតចង់សម្លាប់ខ្លួន ឬសម្លាប់អ្នកដទៃ។
យ៉ាងណា ជំងឺបាក់ទឹកចិត្ត អាចមានរោគសញ្ញាផ្សេងៗដែលមិនបានរៀបរាប់នៅខាងលើ។ បើសិនជាអ្នកមានការមន្ទិលសង្ស័យណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ គប្បីប្រញាប់ទៅពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសឲ្យឆាប់បំផុត តាមតែអាចធ្វើទៅបាន។ ករណីមិនហ៊ាន ឬមិនដឹងគួរទៅសុំជំនួយពីអ្នកណា យើងអាចសាកល្បងនិយាយជាមួយមិត្តភក្តិ មនុស្សជាទីស្រលាញ់ គ្រូពេទ្យផ្លូវចិត្ត ឬអាចអ្នកណាម្នាក់យើងជឿទុកចិត្តបាន។
បើមានគំនិត ឬគម្រោងសម្លាប់ខ្លួន ទាក់ទងទៅគ្រូពេទ្យ ឬក៏លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ឬមន្ទីរពេទ្យនៅជិតផ្ទះយើងជាងគេ។
សាកល្បងធ្វើតាមជម្រើសណាមួយខាងក្រោម ករណីមានគំនិតចង់សម្លាប់ខ្លួន៖
– សុំជំនួយពីគ្រូពេទ្យទូទៅ ឬគ្រូពេទ្យឯកទេស
– ព្យាយាមនិយាយជាមួយមិត្តជិតស្និត ឬមនុស្សជាទីស្រលាញ់
– អាចសាកល្បងស្តាប់ធម៌ ឬលោកទេស ឬនិយាយជាមួយចាស់ព្រឹទ្ធាចារ្យតាមទីអារាម។
ប្រសិនបើមនុស្សជាទីស្រលាញ់ ឬមិត្តភក្តិយើងវិញ មានគំនិត ឬធ្លាប់ព្យាយាមសម្លាប់ខ្លួនពីមុន គួរតែអនុវត្តតាមវិធីនេះ៖
– ត្រូវប្រាកដថាគេមិននៅតែឯង យើងគប្បីនៅក្បែរពួកគេជាប់ជានិច្ច
– ទូរស័ព្ទទាក់ទងទៅក្រុមការងារសង្គ្រោះបន្ទាន់ភ្លាមៗ បើស្ថានការណ៍ប្រែជាមិនល្អ
– នាំមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ ទៅមន្ទីរពេទ្យជាបន្ទាន់ គប្បីសុំការអន្តរាគមន៍ពីអ្នកជំនាញ ចៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ អាចកើតឡើងជាយថាហេតុ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
មូលហេតុជាច្រើន រាប់បញ្ចូលទាំងកត្តាដាច់ដោយឡែក កត្តារួមគ្នា សុទ្ធតែអាចរួមចំណែកធ្វើឲ្យយើងមានបញ្ហាបាក់ទឹកចិត្ត ដូចជា៖
– កត្តាហ្សែន៖ មានសមាជិកគ្រួសារធ្លាប់កើតជំងឺនេះពីមុន កាន់តែប្រឈមកើតជំងឺបាក់ទឹកចិត្តនេះជាងមនុស្សធម្មតា។
– កត្តាបម្រែបម្រួលអ័រម៉ូន៖ ជំងឺបាក់ទឹកចិត្តអាចកើតឡើងនៅពេលមានបម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល (ដូចជា អ័រម៉ូន Serotonin និង Dopamine) ខុសពីមនុស្សធម្មតា។
– សម្ពាធ និងភាពតានតឹង៖ ធ្លាប់បាត់បង់មនុស្សជាទីស្រលាញ់ ឬស្ថិតក្នុងទំនាក់ទំនងមិនល្អណាមួយ ក៏ដូចជាកំពុងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ សុទ្ធតែប្រឈមបង្កទៅជាបាក់ទឹកចិត្ត។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
ទោះភាគច្រើនជំងឺបាក់ទឹកចិត្តកើតលើក្រុមមនុស្សវ័យជំទង់ អាយុ ២០-៣០ ឆ្នាំឡើងក៏ពិតមែន តែក៏អាចកើតឡើងលើមនុស្សវ័យផ្សេងៗទៀតដូចគ្នា។ យ៉ាងណា គេសង្កេតឃើញថាភាគច្រើនជំងឺនេះកើតឡើងនៅលើស្ត្រី ប៉ុន្តែការរកឃើញនេះកើតឡើងដោយសារ បុរសមិនងាយសុំជំនួយពីអ្នកដទៃ រីឯស្ត្រីងាយនឹងស្វែងរកជំនួយ។
កត្តាធ្វើឲ្យយើងកាន់តែប្រឈមទៅជំងឺបាក់ទឹកចិត្ត មានដូចជា៖
– ធ្លាប់មានជំងឺផ្លូវចិត្តណាមួយពីមុន ដូចជា ជំងឺថប់បារម្ភ ជំងឺទទួលទានអាហារមិនប្រក្រតី ឬជំងឺបាក់ស្បាតជាដើម។
– ប្រើប្រាស់គ្រឿងញៀន ឬផឹកស្រាលើសកម្រិត។
– មានបុគ្គលិកលក្ខណៈមិនប្រក្រតី ឲ្យតម្លៃខ្លួនឯងទាបពេក ពឹងផ្អែកទៅលើអ្នកដទៃ រិះគន់ខ្លួនឯង ឬមើលឃើញតែផ្លូវអវិជ្ជមាន។
– ជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃណាមួយ ដូចជា មហារីក ជំងឺដាច់សរសៃឈាមខួរក្បាល (Sroke) ជំងឺបេះដូង ឬអាការៈឈឺចាប់រ៉ាំរ៉ៃ។
– ប្រើពពួកក្រុមថ្នាំណាមួយ ដូចជា ថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម ថ្នាំងងុយគេង (គប្បីពិភាក្សាជាមួយគ្រូពេទ្យ មុនពេលឈប់ប្រើប្រាស់ថ្នាំណាមួយ) ជាដើម។
– ធ្លាប់រងសម្ពាធពីការប៉ះទង្គិច ឬព្រឹត្តការណ៍តានតឹង ពិសេស ធ្លាប់រងការរំលោភបំពានទាំងផ្លូវចិត្ត ផ្លូវកាយ ឬផ្លូវភេទ ធ្លាប់បាត់បង់សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់ មានទំនាក់ទំនងគ្រួសារ ឬគូស្នេហ៍មិនល្អ មានបញ្ហាខាងលុយកាក់ជាដើម។
– បងប្អូន ឬសមាជិកគ្រួសារមានប្រវិត្តកើតជំងឺបាក់ទឹកចិត្ត ជំងឺប្រែប្រួលអារម្មណ៏ពីរផ្សេងគ្នា ឬមានគំនិតចង់ធ្វើអត្តឃាតពីមុន។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាទូទៅ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺនេះតាមរយៈការសង្កេតលើរោគសញ្ញា និងប្រវត្តិជំងឺ។ បន្ថែមពីនេះ គ្រូពេទ្យអាចនឹងឲ្យយើងធ្វើតេស្តឈាម និងតេស្តផ្នែកចិត្តសាស្ត្រមួយចំនួន ដើម្បីកំណត់រោគវិនិច្ឆ័យជាក់លាក់ ព្យាបាលរាល់ជំងឺ និងដោះស្រាយបញ្ហាផ្សេងៗ ដែលជាមូលហេតុបង្កឲ្យយើងជំងឺមានអាការៈស្រដៀងៗគ្នា ក៏ដូចជាស្វែងរករាល់ផលវិបាកបណ្តាលមកពីជំងឺបាក់ទឹកចិត្តនេះ។
៨- ព្យាបាលដោយវិធីណា?
វិធីសាស្ត្រព្យាបាលជំងឺបាក់ទឹកចិត្តមានដូចជា៖
– ប្រើប្រាស់ថ្នាំ
– ព្យាបាលបែបចិត្តសាស្ត្រ
– ព្យាបាលដោយប្រើអគ្គិសនី
ប្រភេទថ្នាំសម្រាប់ប្រឆាំងជំងឺបាក់ទឹកចិត្ត មានពពួក SSRIs (Selective serotonin reuptake inhibitors) មាននាទីបង្អាក់ដំណើរការអ័រម៉ូន Serotonin ដូចជាថ្នាំ Escitalopram, Paroxetine, Sertraline, Fluoxetine និង Citaloppram។ អាចប្រើថ្នាំមួយចំនួនទៀត មានថ្នាំ Venlafaxine, Duloxetine និង Bupropion ក៏បាន។
យ៉ាងណា ថ្នាំទាំងនេះអាចនាំឲ្យយើងរងផលប៉ះពាល់មួយចំនួនរួមមាន៖
– ឡើងគីឡូ
– មានបញ្ហាផ្លូវភេទ
– ចង្អោរ
– ព្យាបាលបែបចិត្តសាស្ត្រ៖ ជួយសម្រួលការព្យាបាលជំងឺបាក់ទឹកចិត្តបានមួយកម្រិត អាចជួយណែនាំជំងឺចេញគិតក្នុងផ្លូវត្រឹមត្រូវថ្មីមួយ ផ្លាស់ប្តូរអាកប្បកិរិយា និងទម្លាប់មិនល្អផ្សេងៗ ធ្វើឲ្យយើងកើតជំងឺនេះ។ វិធីព្យាបាលនេះ អាចជួយយើងរៀនសម្របខ្លួនក្នុងការងារប្រចាំថ្ងៃ រៀនស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាទំនាក់ទំនងមិនល្អផ្សេងៗ អាចធ្វើឲ្យគេកាន់តែបាក់ទឹកចិត្ត។
– វិធីព្យាបាលដោយប្រើអគ្គិសនី៖ ត្រូវគ្រូពេទ្យប្រើម្តងម្កាលលើអ្នកជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដែលមិនឆ្លើយតបជាមួយការព្យាបាលដោយប្រើថ្នាំ ឬព្យាបាលតាមបែបចិត្តសាស្ត្រ។ ទោះជាមនុស្សជាច្រើនចាត់ទុកវិធីនេះ មិនល្អសម្រាប់ព្យាបាលក៏ពិតមែន ប៉ុន្តែអាចជួយអ្នកជំងឺបានច្រើន។ យ៉ាងណា វិធីនេះអាចបង្កផលប៉ះពាល់មួយចំនួន ដូចជា បញ្ហាភ្លេចភ្លាំង ឬបាត់បង់ការចងចាំជាដើម។ ទោះជាផលប៉ះពាល់ទាំងនេះមិនយូរអង្វែង យ៉ាងណានៅតែអាចជះឥទ្ធិពលដល់ជីវិតរស់នៅរបស់យើង ពិសេសអាស្រ័យស្ថានភាពអ្នកជំងឺម្នាក់ៗតែម្តង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– កុំនៅតែម្នាក់ឯង
– កុំដាក់សម្ពាធខ្លួនឯងពេក (ព្យាយាមរស់នៅដោយសាមញ្ញ)
– ហាត់ប្រាណឲ្យបានទៀងទាត់
– ញ៉ាំអាហារមានជីវជាតិ និងតុល្យភាព
– ស្វែងរកវិធីលំហែរកាយ បន្ធូរភាពតានតឹង (ធ្វើសមាធិ ហាត់យូហ្គា)
– ចៀសវាងរាល់ការសម្រេចចិត្តរឿងសំខាន់ៗពេលមានអារម្មណ៍មិនល្អ។
ត្រូវទាក់ទងទៅគ្រូពេទ្យក្នុងករណីបន្ទាន់មួយចំនួនដូចខាងក្រោម៖
– អាការៈកាន់តែយ៉ាប់ជាងមុន
– មានផលប៉ះពាល់ណាមួយ ក្រោយពេលប្រើថ្នាំ
– មានគំនិត ឬផែនការចង់សម្លាប់ខ្លួន ឬនរណាម្នាក់
– បើយើង ឬមនុស្សជុំវិញខ្លួនមានរោគសញ្ញាជំងឺផ្លូវចិត្តណាមួយ ដូចជា ឮសំឡេង ឬមើលឃើញអ្វីមិនពិត ឬមានជំនឿខុសពីការពិតណាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕