បើយើងភ្ញាក់ពីគេងពេលព្រឹក ហើយភ្លាមៗ យើងស្រាប់តែមានអារម្មណ៍ថប់បារម្ភ(ល្វើយ ឬធុញថប់) វាជាសញ្ញាមួយ បង្ហាញថា យើងមានបញ្ហាស្ត្រេសដល់កំពូលហើយ។ ការជួបបញ្ហាស្ត្រេសដល់កម្រិតដូច្នេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើរូបយើង ហើយយើងមិនអាចជំនះសម្ពាធនេះទេ។
ដំបូងឡើយ វាចាប់ផ្ដើមពីសកម្មភាពប្រចាំថ្ងៃរបស់យើង ដោយផ្ដល់ទាំងអារម្មណ៍សប្បាយចិត្ត និងមិនសប្បាយចិត្ត ដល់ជីវិតរបស់យើង។ ការខិតខំបំពេញការងារ ជម្លោះជាមួយអ្នកសហការី ការយល់ខុសជាមួយដៃគូ ឬបញ្ហាការសិក្សា ងាយបង្កបញ្ហាថប់បារម្ភណាស់។ បញ្ហាទាំងអស់នេះ មិនអាចធ្វើឲ្យខួរក្បាលរបស់ឈប់គិតនោះទេ សូម្បីតែពេលគេង ហើយបណ្ដាលឲ្យយើងគេងមិនលក់ស្កប់ស្កល់ និងយល់សប្ដិអាក្រក់ទៀតផង។ បញ្ហាទាំងអស់នេះ មានការវិវត្តជាបន្ដបន្ទាប់។
នៅពេលមួយ ខួរក្បាលរបស់យើង មិនអាចគ្រប់គ្រងបញ្ហាស្ត្រេសបាន ពេលនោះ យើងនឹងភ្ញាក់ពីគេងលឿងជាងធម្មតា។ បញ្ហាស្ត្រេសដែលមិនអាចគ្រប់គ្រងបាននេះហើយ គឺជាមូលហេតុបង្កការថប់បារម្ភ ធ្វើឲ្យអារម្មណ៍មិនសប្បាយចិត្ត និងបង្ខំឲ្យយើង ចាប់ផ្ដើមថ្ងៃថ្មីជាមួយអារម្មណ៍អវិជ្ជមាន។ អ្នកដែលជួបបញ្ហាថប់អារម្មណ៍ ភាគច្រើន មានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេល រួមជាមួយបញ្ហាងងុយគេង ខ្វះការផ្ដោតអារម្មណ៍ និងអារម្មណ៍ភិតភ័យខ្លាំង។