រង​​សំឡេង​រំខានរយៈពេលយូរ ប៉ះពាល់​សុខភាពលើសពីអ្វី​យើង​គិត​

    រង​​សំឡេង​រំខានរយៈពេលយូរ ប៉ះពាល់​សុខភាពលើសពីអ្វី​យើង​គិត​

    អ្នក​នៅ​តាម​ទី​ក្រុង ឬ​ទីប្រជុំ​ជន​នានា​ទំនងជា​សុទ្ធ​តែ​ជួប​ហើយ​ការ​រំខាន​ដោយ​សំឡេង ចេញពី​កន្លែង​សិប្បកម្ម សំឡេង​ពី​ឧបករណ៍​បំពង​សំឡេង ស៊ីផ្លេ​​ឬ​សំឡេង​យានយន្ត និង​សំឡេង​យន្ត​ហោះ ជាដើម។ យើង​ពិត​ជា​ដឹង​ហើយ​ថា​សំឡេង​ទាំង​នេះ​​រំខាន​ត្រចៀក​យើង​កម្រិត​ណា តែ​ថា​គ្នា​យើង​ដឹង​ទេ​ការ​បំពុល​ដោយ​សំឡេង​ប៉ះពាល់​ដល់​​សុខ​ភាព​បេះដូង​ដែរ?

    ការសិក្សា​មួយ​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Journal of the American College of Cardiology បាន​បង្ហាញ​ថា​ការ​បំពុល​ដោយ​សំឡេង​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹង​ជំងឺ​សរសៃ​អាក់ទែ ជំងឺ​លើស​សម្ពាធ​ឈាម និង​ខ្សោយ​បេះ​ដូង​។​

    ការ​សិក្សា​ឲ្យ​ដឹង​ទៀត​ថា​​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​ គេ​គិត​ថា​សំឡេង​ឮ​ខ្លាំងៗ​គ្រាន់​តែ​រំខាន​ត្រចៀក តែ​ពេល​នេះ​មាន​ភ័ស្តុតាង​អាច​យក​មក​ពិចារណា​បាន​ថា​សំឡេង​ក៏​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខភាព ពិសេស​ជំងឺ​បេះដូង​។

    ត្រចៀក

    ការ​ស្រាវ​ជ្រាវ​ដដែល​បន្ត​ថា ការ​ទទួល​រង​នូវ​សំឡេង​រំខាន​ក្នុង​រយៈពេល​យូរ​ មិន​ខុស​អី​ពី​យើង​កំពុង​តែប្រមូល​ផ្ដុំ​កូលេស្តេរ៉ូល​នៅ​ក្នុង​ខ្លួន និង​​​ជំងឺ​ធាត់​នោះ​ទេ ដែល​សុទ្ធ​តែ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះ​ដូង​។

    សំឡេង​ឮៗ​ ដែល​ធ្វើឲ្យ​យើង​​មិ​ន​អាច​ទ្រាំ​បាន​ ក៏​អាច​រំញោច​ឲ្យ​ការ​ឆ្លើយ​តប​ស្រ្តេស​នៅ​ក្នុង​ខួរ​ក្បាល ពេល​នោះ​នឹង​មាន​ការ​បញ្ចេញ​អ័រម៉ូន​ adrenaline និង​cortisol ដែល​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​រួម​តូច អាច​បង្កឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​ទំនងជា​អាច​ធ្វើ​ឲ្យ​មាន​​កំណក​ឈាមផង​ដែរ។

    ដើម្បី​ចៀស​វាង​ពី​សំឡេង​រំខាន ក្រុម​អ្នក​ស្រាវ​ជ្រាវ​ណែនាំ​ឲ្យ​មនុស្ស​យើង​ប្រើ​ឧបករណ៍​ទប់​សំឡេង​បិទ​នៅ​តាម​បង្អួច និង​ប្រើ​កាស​ទប់​សំឡេង​នៅ​នឹង​ត្រចៀក​ ពេល​នៅ​កន្លែង​មាន​សំឡេង​រំខាន​ខ្លាំង​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.aarp.org/health/conditions-treatments/info-2018/noise-pollution-heart-fd.html#:~:text=According%20to%20a%20review%20paper,disease%2C%20hypertension%20and%20heart%20failure.

    https://www.health.harvard.edu/heart-health/how-noise-pollution-may-harm-the-heart

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 01/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត