បញ្ហាកើតទុក្ខ បន្ទោសខ្លួនឯង ស្តាយក្រោយដោយសារបញ្ហាអ្វីមួយកើតឡើង អ្នកណាក៏ធ្លាប់ជួបប្រទះដែរ គ្រាន់តែស្ថិតក្នុងស្ថានភាពខុសគ្នាប៉ុណ្ណោះ មួយទៀត គ្នាយើងខ្លះអាចប្រឈមមុខដោះស្រាយបញ្ហា ខ្លះទៀតគេចវេសពីបញ្ហា ធ្វើឲ្យទុក្ខជាន់លើទុក្ខ។ “Hello នឹងប្រាប់ពីវិធីសាស្ត្រខ្លះៗ ជួយគ្នាយើងឲ្យមានអារម្មណ៍សប្បាយចិត្ត មានទំនុកចិត្តលើខ្លួនឯងវិញ ព្រោះពិបាកចិត្ត ប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់។
១- ត្រូវមានទំនុកចិត្តលើខ្លួនឯង
យើងគ្រប់គ្នា គ្មានអ្នកណាចៀសផុតពីការធ្វើខុសទេ គ្រាន់តែថា យើងត្រូវចេះទទួលយកការពិត ស្វែងរកដំណោះស្រាយ ដើម្បីបន្តដំណើរទៅមុខទៀតជាមួយភាពរីករាយ និងក្តីសង្ឃឹម។ កុំគិតថាខ្លួនយើងមិនអាចធ្វើបានអី គ្មានប្រយោជន៍ឲ្យសោះ ព្រោះយើងគ្រប់គ្នា សុទ្ធតែមានសមត្ថភាព និងសក្តានុពលដោះស្រាយឧបសគ្គបានដែរ បើទោះបីខុសខ្លះ ត្រូវខ្លះក៏ដោយ ហើយត្រូវជឿថា គ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ។
២- លើលោកគ្មាននរណាល្អឥតខ្ចោះទេ
យើងត្រូវមានទំនួលខុសត្រូវ មិនត្រូវគេចវេះពីកំហុសខ្លួនឯងឡើយ។ ដូចនេះ មិនខុសឆ្គងអ្វីទេដែលយើងនៅតែគិតពីទង្វើរបស់ខ្លួននោះ។
អ្វីៗសុទ្ធតែមានកម្រិត គ្មាននរណាម្នាក់ដែលថាមិនធ្លាប់ខុសឡើង ព្រោះវាជាធម្មជាតិរបស់មនុស្សលោក ទោះបីជាមនុស្សពូកែធ្វើអ្វីមួយក៏ដោយ ក៏គង់តែមានកំហុសក្នុងរឿងនោះ ដូចពាក្យចាស់ពោលថា “ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច’។ ម្តងម្កាល យើងនៅតែធ្វើអ្វីមួយទៅតាមអារម្មណ៍ ទោះជាដឹងមិនសមហេតុផលក៏ដោយ។ ហេតុនេះត្រូវចាំថា គ្មានអ្នកណាល្អឥតខ្ចោះឡើយ មនុស្សគ្រប់គ្នាតែងមានកំហុស។
គួរគិតត្រលប់មកវិញ បើកចិត្តទូលាយចំពោះចំណុចមិនល្អ និងកំហុសចំពោះគ្រួសារ មិត្តភក្តិ ក៏ដូចជាមនុស្សជុំវិញខ្លួន។ គួរធ្វើចិត្តឲ្យទូលាយដូចគ្នា និងទទួលយកចំណុចមិនល្អរបស់ខ្លួនឯង ហើយកំហុស ក៏មិនបង្ហាញថា យើងបរាជ័យដែរ។
![កំហុស Hello គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/02/shutterstock_1305398278.jpg)
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នប្រយែង! នៅម្នាក់ឯងយូរពេក អាចជួបបញ្ហាផ្លូវចិត្ត
- អំណាចផ្លូវចិត្ត ពិតជាអាចព្យាបាលជំងឺបាន
៣- វិធីធ្វើចិត្តឲ្សសប្បាយ
បំភ្លេចទុក្ខ ឬកំហុសមិនមែនមានន័យ យើងនឹងធូរចិត្ត ភ្លេចគ្រប់យ៉ាងដែលកើតឡើងនោះទេ។ ពេលខ្លះ ក៏នៅមានអារម្មណ៍មិនសប្បាយចិត្ត កើតទុក្ខ ឬយល់ថាខ្លួនមានកំហុសចំពោះអ្វីបានធ្វើ។ បើយើងមានអារម្មណ៍បែបនេះ គួរព្យាយាមបន្ធូរអារម្មណ៍តាមវិធីខាងក្រោយនេះ ដើម្បីឲ្យចិត្តបានសប្បាយឡើងវិញ៖
– បញ្ចេញវាចេញក្រៅ និយាយប្រាប់អ្នកណាម្នាក់ យំក៏យំទៅ កុំខ្លាចគេថាយើងដូចកូនក្មេងអី។
– ប្រាប់ខ្លួនឯងថាគ្រប់យ៉ាងនឹងប្រសើរឡើងវិញ អាចផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ដើរមើលគេមើលឯង ឬទៅងូតទឹកក្តៅឲ្យធូរអារម្មណ៍។
– បើសិនជាអាច គួរសុំទោសបុគ្គលណាម្នាក់រងទុក្ខដោយសារកំហុសយើងប្រព្រឹត្ត។
– បើមិនអាចធ្វើការតបស្នងបាន អាចជួយអ្នកផ្សេងស្ថិតក្នុងស្ថានការណ៍ ឬជួបរឿងដូចជាយើង។
ពេលខ្លះ យើងអាចទទួលការអត់ឱនទោសពីមនុស្សដែលធ្វើខុសដាក់គេ ឬក៏មិនអាច អាចធ្វើឲ្យយើងតូចចិត្តនឹងខ្លួនឯងខ្លះៗ ប៉ុន្តែក៏មិនត្រូវខ្វល់ពីការគិតរបស់អ្នកដទៃពេកដែរ។ មានតែយើងខ្លួនឯងទេ អាចសម្រាលទម្ងន់ផ្លូវចិត្តនេះបាន ត្រូវមើលឃើញខ្លួនឯងល្អ ច្រើនជាងកំហុស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕