អាការៈក្អកជាសញ្ញាបញ្ជាក់ថារាងកាយរបស់យើងកំពុងព្យាយាមកម្ចាត់វត្ថុចម្លែក ភ្នាក់ងារបង្កការរលាក មេរោគ ស្លេស្ម និងបាក់តេរីចេញពីបំពង់ករបស់យើង។ ពិតណាស់ ការក្អកជាប់រហូតអាចរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់យើង ជាពិសេសវាក៏អាចរារាំងមិនឲ្យយើងគេងលក់ស្កប់ស្កល់ដែរ។ យ៉ាងណាមិញ គ្នាយើងក៏អាចកាត់បន្ថយអាការៈក្អកនេះ តាមរយៈការញ៉ាំអាហារមួយចំនួន និងជៀសវាងញ៉ាំអាហាររឹង។
ខណៈពេលដែលការញ៉ាំអាហារដែលមានជាតិវីតាមីនC អាចកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺផ្ដាសាយ និងក្អកក៏ពិតមែន ប៉ុន្តែវាមានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ នៅពេលដែលយើងកំពុងតែឈឺ។ ប៉ុន្តែយើងក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពីផ្លែឈើមួយចំនួនសម្រាប់កាត់បន្ថយអាការៈក្អកស្ងួតផងដែរ។ ជាក់ស្ដែង ពពួកផ្លែក្រូចមានសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយឲ្យយើងឆាប់ជាសះស្បើយពីជំងឺ។ រីឯផ្លែឈើដែលអាចប្រឆាំងនឹងការរលាក ក៏ដូចជាបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងមានដូចជាពពួកផ្លែប៊ឺរី អាចជួយទប់ស្កាត់ពីអាការៈក្អកបានយ៉ាងស័ក្ដិសិទ្ធិ។
ជាមួយគ្នានេះដែរ អាហារហឹរអាចជួយកម្ចាត់សំបោរនៅក្នុងប្រហោងច្រមុះ ដែលធ្វើឲ្យយើងដកដង្ហើមបានស្រួល។ មួយវិញទៀត អាហារហឹរដែលមានដូចជាម្ទេស ផ្ទុកសមាសធាតុ Capsaicin ដែលមានគុណប្រយោជន៍ជួយកម្ចាត់អាការៈក្អក។ ប៉ុន្តែ ប្រសិនបើគ្នាយើងមានបញ្ហាក្រពះ គួរជៀសវាងញ៉ាំអាហារប្រភេទនេះច្រើនជ្រុល។
ពិតណាស់ ទឹកឃ្មុំមានលក្ខណៈពិសេសប្រឆាំងនឹងបាក់តេរី មេរោគ ផ្សិត ក៏ដូចជាប្រឆាំងនឹងការរលាកដែលអាចជួយកាត់បន្ថយអានុភាព និងរយៈពេលនៃការក្អក។ គ្នាយើងអាចសាកល្បងញ៉ាំទឹកឃ្មុំ ជាមួយនឹងក្រូចឆ្មារ ដោយលាយទឹកឃ្មុំចំនួន២ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ចំនួន២ស្លាបព្រាបាយ ជាមួយនឹងទឹកក្ដៅឧណ្ហៗចំនួន២៥០មីលីលីត្រ។ ភេសជ្ជៈមួយប្រភេទនេះមិនត្រឹមតែអាចជួយរំលាយស្លេស្ម និងបំបាត់ការឈឺបំពង់កប៉ុណ្ណោះទេ វាថែមទាំងផ្ដល់វីតាមីនCដល់រាងកាយ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងថែមទៀតផង។
ចំណែកឯម្នាស់ក៏មានគុណប្រយោជន៍ជួយបំបាត់បញ្ហាក្អកនេះដែរ។ សារធាតុBromelain ជាអង់ស៊ីមដែលមាននៅក្នុងផ្លែម្នាស់ មានសមាសធាតុប្រឆាំងនឹងការរលាកយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ វាក៏អាចបំបែកស្លេស្ម និងកម្ចាត់ចេញពីបំពង់កទាំងស្រុងផងដែរ។