ពង្រឹង​សុខភាព​សួត​ ជាមួយ​​ផ្លែឈើ​​សម្បូរ​​វីតាមីន​C​​ ទាំង​នេះ​​​​​​​​​​​​​​

    ពង្រឹង​សុខភាព​សួត​ ជាមួយ​​ផ្លែឈើ​​សម្បូរ​​វីតាមីន​C​​ ទាំង​នេះ​​​​​​​​​​​​​​

    វីតាមីន​C​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​ជួយ​ការពារ​រាងកាយ​យើង​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ វា​អាច​ការពារ​ប្រឆាំង​នឹង​បញ្ហា​ផ្លូវ​ដង្ហើម​ ដែល​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​-​១៩​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​សួត​របស់​យើង​បំពេញ​មុខងារ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។

    ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​ពពួក​ផ្លែឈើ​ដែល​សម្បូរដោយ​វីតាមីន​C​ទាំង​នេះ​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​​ឲ្យ​សួត​មាន​សុខភាព​ល្អ​។

    ១. ត្របែក​

    ពិត​ណាស់​ ផ្លែ​ត្របែក​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​សម្បូរទៅ​ដោយ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ វីតាមីន​C និង​ប៉ូតាស្យូម​ ព្រម​ទាំង​ជាតិ​សរសៃ​ដែល​មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សុខភាព​ទាំង​មូល​។ ក្រៅ​ពី​នេះ​ វា​ក៏​ជួយ​គ្រប់គ្រង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។

    ២. ផ្លែ​ក្រូច

    ពពួក​ផ្លែ​ក្រូច​​មាន​គុណប្រយោជន៍​ជួយ​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ លើស​ពី​នេះ​ វា​ក៏​ផ្ដល់​ថាមពល​ដ៏​អស្ចារ្យ​ដល់​យើង​ភ្លាម​ៗ​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​។

    ​​៣. ស្រ្តប៊ឺរី​

    ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ស្ត្រប៊ឺរី​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ដល់​យើង​ដូច​គ្នា។​ ផ្លែឈើ​នេះ​ផ្ទុក​ទៅ​ដោយ​​វីតាមីន​C ​ព្រម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ប៉ុន្តែ​​វា​មិន​មាន​ផ្ទុក​កូឡេស្តេរ៉ូល​ និង​ជាតិ​ខ្លាញ់​ឡើយ​។

    ៤. ទំពាំងបាយជូរ​

    ផ្លែ​ទំពាំងបាយជូរ​មាន​ពណ៌​ច្រើន​ ដូចជា​ពណ៌​បៃតង​ ក្រហម​ ស្វាយ​ និង​ពណ៌​ខ្មៅ ហើយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​សម្បូរទៅ​ដោយ​វីតាមីន​ ជាតិ​ខ្លាញ់​ ប្រូតេអ៊ីន​ វីតាមីន​K ប៉ូតាស្យូម​ ម៉ង់ហ្គាណែស​ និង​ជាតិ​សរសៃ​។ ដូច្នេះ​ហើយ​ វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជួយ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ពង្រឹងសួត

    ៥. ផ្លែ​ឃីវី

    ចំណែក​ឯ​ផ្លែ​ឃីវី​ក៏​សម្បូរទៅ​ដោយ​វីតាមីន​C សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ព្រម​ទាំង​វីតាមីន​ជា​ច្រើន ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​​ភាព​ស៊ាំ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​។

    ៦. ផ្លែ​ទទឹម​

    ​ផ្លែ​ទទឹម​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ដែល​គ្នា​យើង​គប្បី​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ជាក់​ស្ដែង ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​ផ្ទុក​វីតាមីន​C ​ប៉ូតាស្យូម​ ហ្វូឡេត​ និង​ជាតិ​​សរសៃ​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ ក៏​ដូចជា​បង្កើន​សុខភាព​ទូទៅ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 04/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត