ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត

    ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត

    ​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​​សុខភាព​ល្អ​។ គ្នា​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់ ញ៉ាំ​ភ្លាម ចូល​ទម្រេតខ្លួន​ចុចមើល​ទូរសព្ទ ឬគេង​ភ្លាម ទាំង​មិន​ខ្វល់ថា អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ដឹង​ខ្លះៗ​ ពាក់​ព័ន្ធ​ទម្លាប់​ញ៉ាំ​ឆ្អែត​ភ្លាម គេង​ភ្លាម ប៉ះពាល់​អ្វី​ខ្លះ​ដល់​សុខភាព។

    ១- ញ៉ាំ​ឆ្អែត​ភ្លាម ​គេង​ភ្លាម ប៉ះ​ពាល់​ដល់​សុខភាព​មែន​ទេ?

    ចម្លើយ​ គឺ​ពិត​មែន ព្រោះ​ថា​អាហារយើងញ៉ាំ​ទៅ​ អាច​រំលាយ​បាន​ល្អ​ នៅ​ពេល​យើង​អង្គុយ​ត្រង់ខ្លួន​ប៉ុណ្ណោះ។ គួរ​តែ​ទម្រេត​ខ្លួន​គេង ២ ម៉ោងបន្ទាប់​ពី​ញ៉ាំរួច​ ហើយ​ការ​ទម្រេត​ខ្លួន​គេង​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ នឹង​ធ្វើ​ឲ្យ​អាហារ​មិន​រំលាយ​ល្អ ខណៈ​ទម្លាប់បែប​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា៖

    – បញ្ហា​ចាល់​ជាតិ​អាស៊ីដ៖ បំពង់​អាហារ (Esophagus) ដែល​ជា​បំពង់​មួយ​ភ្ជាប់​ពីមាត់​ទៅ​ក្រពះ មាន​សន្ទះ​បិទ​ (Valve) សម្រាប់​​ការពារ​អាហារ​កុំ​ឲ្យ​ច្រាល​ឡើង​ចេញ​ពី​ប្រព័ន្ធរំលាយ​អាហារ​បាន។ នៅ​ពេលយើង​​គេង បន្ទាប់ពី​ញ៉ាំ​អាហារ​រួច សន្ទះ​បិទនោះ ​នឹង​ពិបាក​រក្សា​អាហារ​ឲ្យ​នៅ​តែ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ជាមូល​ហេតុ​ពេល​ក្រពះ​យើង​ពេញ​ខ្លាំង​ ធ្វើ​ឲ្យ​ច្រាល​អាស៊ីដឡើង​មក​លើ​បាន។

    – ក្រហាយ​ទ្រូង៖ ក្រហាយ​ទ្រូង ​ជា​ស្ថាន​ភាព​មួយដែល​ក្រពះ​មាន​ជាតិ​អាស៊ីដ​ច្រើនលើស​កម្រិត។ អាស៊ីដ​ទាំង​នោះ​នឹង​ច្រាល​ឡើង​ពី​ក្រពះ​ទៅដល់​បំពង់​ក នាំ​ឲ្យ​​មាន​អារម្មណ៍​ដូច​ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​ នៅ​ត្រង់​បំពង់​ក ហើយ​បញ្ហា​ទាំង​អស់​នេះ​ ច្រើន​មាន​ជាមួយ​អាការៈ​ភើ និងជូរ​ក្នុង​មាត់។

    – ឡើង​ទម្ងន់៖ បញ្ហា​មួយ​នេះ ​បណ្ដាល​មក​ពី​ញ៉ាំ​អាហារ​ ហើយ​គេង​ភ្លាម​នៅ​ពេល​យប់។ ញ៉ាំ​អាហារ​យឺត​នៅ​ពេល​យប់ ក៏​មាន​គ្រោះ​ថ្នាក់​ផ្សេង​ទៀត​ដែរ រួម​មាន ​សមត្ថភាពធ្វើ​ការ​វិនិច្ឆ័យ​ខ្សោយ ខួរ​ក្បាល​ចុះ​ខ្សោយ ​ជាង​ធ្វើការ​ហត់​នឿយ​ទៅ​ទៀត។ ពេល​យើង​ឃ្លានកណ្ដាល​យប់ ការ​ធ្វើ​ម្ហូបញ៉ាំ​មិន​អាច​ទៅ​រួច​ទេ យើង​នឹង​ជ្រើស​ការញ៉ាំការ៉េម ភីហ្សា ឬ​របស់​សេស​សល់​ក្នុង​ទូ​ទឹក​កកមិន​ខាន ដែល​នេះ​​ជា​ការ​​សម្រេច​ចិត្ត​ខុស​ មាន​ន័យ​ថា​ យើង​​នឹង​មិន​មាន​ពេល​សម្រាប់​ដុត​កាល់ឡូរី​ដែល​លើស​ចេញ​ពី​រាងកាយ​ឡើយ។

    – ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖ ​ចូល​គេង​ភ្លាម​ៗបន្ទាប់​ពី​ញ៉ាំ​រួច អាច​ធ្វើ​ឲ្យ​កើន​ហានិភ័យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ នៅ​ពេល​ខាង​មុខ។ លទ្ធផល​​ការ​សិក្សា​មួយ​របស់​សកល​វិទ្យាល័យ Ioannina របស់​ប្រទេស​ក្រិក ​រក​ឃើញ​ថា ទម្លាប់​គេង​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ​រួច អាច​ធ្វើ​ឲ្យ​កើន​ហានិភ័យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ដោយ​ការ​សិក្សាធ្វើ​ឡើង​ទៅ​លើ​មនុស្ស​មាន​សុខភាព​ល្អ ៥០០​ នាក់ ​រកឃើញ​ចន្លោះ​ពេល​គេង ​និង​ពេល​ញ៉ាំ​អាហារ​កាន់​តែ​វែង ឱកាស​កើត​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​កាន់​តែ​ទាប។

    ទោះ​ទ្រឹស្ដីការ​សិក្សា​ផ្សេងៗ អាចនឹង​​មាន​ហេតុ​ផល​ខុស​គ្នា ប៉ុន្តែអ្នក​ស្រាវជ្រាវបាន​វាយ​តម្លៃ​រួម ដោយ​ចាត់​ទុក​ការ​ច្រាល​ជាតិ​អាស៊ីដ ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​គេង​មិន​ដក​ដង្ហើម (Sleep Apnea) នាំ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាលបាន។ ទ្រឹស្ដី​មួយ​ទៀត ​គឺ​ដោយ​សារ​តែ​សកម្មភាព​រំលាយ​អាហារ និង​ឥទ្ធិពល​លើ​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​សារធាតុ​ខ្លាញ់ កូលេស្តេរ៉ូល សុទ្ធសឹង​​គេ​ជឿ​ថា ​ធ្វើ​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ យ៉ាង​ណា គេ​នៅ​ត្រូវ​ការ​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្រើន​ទៀត ​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ។

    ញ៉ាំភ្លាមគេងភ្លាម Hello គ្រូពេទ្យ

    ២- ​ត្រូវ​ចៀស​វាង​ធ្វើ​អ្វី​ខ្លះ ​មុន​ពេលគេង?

    ​គេងភ្លាម​បន្ទាប់​ពី​ញ៉ាំ ជា​ទម្លាប់​​មិន​ល្អ​សម្រាប់​សុខភាពនោះ​ទេ ប៉ុន្តែ​មាន​សកម្មភាព​ផ្សេង​ទៀត​គួរ​ចៀសវាង​ បន្ទាប់​ពី​ញ៉ាំ​រួច ដូច​ជា៖

    គេង​លក់ពេល​យើងគេង​លក់ សកម្មភាព​រាង​កាយ​ក៏​ធ្លាក់​ចុះ​ដែរ ហេតុនេះនឹង​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​កាន់តែ​យូរ ​ធ្វើ​ឲ្យ​ឈឺ​ចាប់ប្រព័ន្ធ​រំលាយ​អាហារ​។ ការ​ទម្រេត​ខ្លួន​ គេង​ផ្ងារ ឬ​ផ្អៀង​ក៏​ដោយ នឹង​ធ្វើ​ឲ្យ​អាស៊ីដ​ក្រពះ​កាន់​តែ​ងាយ​ចេញ​ទៅ​បំពង់​អាហារ។ លើស​ពី​នេះ បើ​យើងគេង​ភ្លាម​បន្ទាប់​ពី​ញ៉ាំ​អាហារ​ច្រើន ពេលក្រោកងើប​ឡើងច្រើន​តែ​ហើម​ពោះ។ ត្រូវ​ប្រាកដ​ថា ​រាង​កាយ​យើង មាន​ពេល​គ្រប់​គ្រាន់​ ដើម្បី​រំលាយ​អាហារ មុន​​ចូល​គេង។

    – ការ​ហាត់​ប្រាណ​ធ្ងន់​ៗ៖ ហាត់​ប្រាណ​ធ្ងន់​ៗ ធ្វើ​ឲ្យ​រាង​កាយពិបាក​រំលាយ​អាហារ​ដូចគ្នា ព្រោះ​ថា ​ហាត់​ប្រាណ​នឹង​ទាញ​យក​ថាមពល​រាង​កាយ​ដែលត្រូវ​ការ ​ដើម្បី​រំលាយ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ហេតុ​នេះ​ យើង​នឹង​ជួប​បញ្ហារមួល ចង្អោរ ឬ​​រាក នៅ​ពេល​​ហាត់​ប្រាណ​បន្ទាប់​ពី​ញ៉ាំ។

    – ញ៉ាំ​ផ្លែ​ឈើ៖ ពិតណាស់ ញ៉ាំ​ផ្លែ​ឈើ​ធ្វើ​ឲ្យ​សុខភាព​ល្អ ប៉ុន្តែ​មិន​មែន​បន្ទាប់​ពី​ពេល​បាយ​ភ្លាម​នោះ​ទេ ​ព្រោះ​ថា ផ្លែ​ឈើ​រំលាយ​លឿន​ជាង​ប្រភេទ​អាហារ​ដទៃ ដូច​នេះ ​នឹង​នៅ​លើ​អាហារ​ ហើយ​ក៏​អាច​ធ្វើ​ការ​បំបែក​សារធាតុ​នៅទីនោះ​ទៀត​ផង។ សកម្មភាពទាំង​នេះ​ ធ្វើ​​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ និង​​ឡើង​ទម្ងន់។ គួរ​ញ៉ាំ​ផ្លែឈើ យ៉ាង​ហោច ៣​-៤ ​ម៉ោង​បន្ទាប់​ពី​ពេល​ញ៉ាំ​អាហារ​ ដើម្បី​ប្រាកដ​ថា​ យើង​​ទទួល​ផល​ប្រយោជន៍​ពេញ​លេញ​ពីផ្លែឈើ ដោយ​មិន​បារម្ភ​ពីរឿង​ហើម​ពោះ ខ្យល់​ក្នុង​ពោះ ឬ​បញ្ហា​ផ្សេង​ៗ​ឡើយ។

    ផឹក​ទឹក​ច្រើនយើងអាច​នឹង​​មិន​ចាប់​អារម្មណ៍​ មាន​បញ្ហា​អី​កើត​ឡើង ដោយ​សារ​​ញ៉ាំ​ទឹក​បន្តិច​បន្តួច​នៅ​ពេល​បាយ​ឡើយ ប៉ុន្តែ​គួរ​ចៀស​វា​ង​ញ៉ាំ​ទឹក​ច្រើន​បន្ទាប់​ពី​បាយ​រួច ព្រោះ​នឹង​ពង្រាវ​អាស៊ីដ​ក្រពះ ធ្វើ​ឲ្យ​ក្រពះ​ពិបាក​រំលាយ​អាហារ។ ដូច​គ្នា​នេះ​ដែរ ផឹក​ទឹក​កក​បន្ទាប់​ពី​ញ៉ាំអាហារ ក៏​កាត់​​បន្ថយ​សកម្មភាព​ក្រពះ​ដូច​គ្នា។ ​បើ​ចង់​ផឹក​អ្វី​មួយ​​បន្ទាប់​ពី​បាយ​រួច គួរ​ផឹក​តែ​ក្ដៅ​ឧណ្ហៗ ប៉ុន្តែនៅ​តែ​ត្រូវ​ចៀសវាង​ពុំ​គួរ​ញ៉ាំ​សារធាតុ​ទឹក​ច្រើន​​ពេក ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ទេ។

    – ងូត​ទឹក៖ គ្នា​យើង​ខ្លះ អាច​នឹង​មាន​ទម្លាប់​ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​បាយរួច បើ​មាន​ ត្រូវ​ប្ដូរ​ទម្លាប់​នេះចេញ ព្រោះ​វា​​នាំ​ឲ្យ​មាន​បញ្ហា​រំលាយ​អាហារ​មួយ​ចំនួន។ មូល​ហេតុ​ គឺ​ដោយ​សាររាង​កាយ​​នឹង​កើន​កម្ដៅពេល​អ្នក​ងូត​ទឹក ធ្វើ​ឲ្យ​ឈាម​រត់​ទៅ​កាន់​ផ្ទៃ​ស្បែក ជើង និង​ដៃច្រើន នាំ​ឲ្យ​ខ្វះ​ខាត​​សម្រាប់ការ​រំលាយ​អាហារ។ ប្រព័ន្ធ​រំលាយ​អាហារ​នឹងដំណើរ​យឺត បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ហើម​ពោះ និង​បញ្ហា​ផ្សេងៗ​ទៀត។

    – បន្ធូរ​ខ្សែ​ក្រវាត់បន្ទាប់​ពី​ញ៉ាំ៖ ​បើ​យើង​បន្ធូរ​ខ្សែ​ក្រវាត់​បន្ទាប់​ពី​ញ៉ាំរួច ​មាន​ន័យ​ថាយើង​បាន​​ញ៉ាំ​ច្រើន​បន្តិច​ហើយ នាំ​ឲ្យ​​មិន​អាច​អង្គុយ​​បាន​ស្រួល​ដូច​មុន​ពេល​ញ៉ាំ។ ពេល​យើង​បន្ធូរ​ខ្សែ​ក្រវាត់ ​នឹង​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​គ្រប់​គ្រាន់​ដើម្បី​ញ៉ាំ​បាន​បន្ត​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​លើស​ទម្ងន់​ខ្លាំង។ ហេតុ​នេះ​ ​គួរ​ញ៉ាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដោយ​ពុំ​គួរ​បន្ធូរ​ខ្សែ​ក្រវាត់​ទេ។

    – ដើរ​ភ្លាម​ៗ​បន្ទាប់​ពី​ញ៉ាំរួច៖ ដូច​នឹង​ការ​ទម្រេតខ្លួនដែរ ការ​ដើរ​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ ​គឺ​មិន​ល្អ​ទេ ​អាច​​ប្រឈម​ជាមួយ​នឹង​បញ្ហា​ផ្សេងៗ ដូច​ជា ពិបាក​រំលាយ​អាហារ និង​ច្រាល​អាស៊ីដក្រពះ។ ជា​ការ​សំខាន់ គួរ​សម្រាក​ឲ្យ​ត្រង់​ខ្លួនមួយ​សន្ទុះចន្លោះ​ពី ១០-៣០ នាទី ​ចាំ​ដើរ ​អាច​ការពារ​បញ្ហា​ច្រាល​ជាតិ​អាស៊ីដ ។ ទាំង​នេះនឹង​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស ​ជួយ​ឲ្យ​សាច់​ដុំ​​រលា ការពារ​កុំ​ឲ្យ​លើស​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយទៀត​ផង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Lying Down After Eating. http://www.newhealthadvisor.com/Lying-Down-After-Eating.html. Accessed December 10, 2016.

    The Disadvantages of Sleeping Immediately After a Meal. http://www.livestrong.com/article/556026-the-disadvantages-of-sleeping-immediately-after-a-meal/. Accessed December 10, 2016.

    Dangers Of Sleeping Immediately After Meals. http://www.informationng.com/2013/07/dangers-of-sleeping-immediately-after-meals.html. Accessed December 10, 2016.

    Sleeping Soon After Dinner May Raise Stroke Risk. http://www.webmd.com/stroke/news/20110830/sleeping-soon-after-dinner-may-raise-stroke-risk. Accessed December 10, 2016.

    How Soon Can You Go to Bed After You Eat? http://healthyeating.sfgate.com/soon-can-bed-after-eat-11358.html. Accessed December 10, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 2 ថ្ងៃកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត