ប្រយ័ត្ន! រោគសញ្ញាត្រូវបែងចែកឲ្យដាច់រវាង ជំងឺផ្ដាសាយធំ និងវីរុសកូវីដ-១៩

    ប្រយ័ត្ន! រោគសញ្ញាត្រូវបែងចែកឲ្យដាច់រវាង ជំងឺផ្ដាសាយធំ និងវីរុសកូវីដ-១៩

    ​ប៉ុន្មាន​ថ្ងៃ​​មក​នេះ ជំងឺ​Covid-19 ​ចាប់​ផ្ដើម​រាលដាល​សារ​ជា​ថ្មី​ នៅ​​​កម្ពុជា​យើង។ ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​ខ្លួន​ជា​រឿង​សំខាន់​បំផុត។ ម្យ៉ាង​ដោយ​ហេតុ​ថា ខែ​នេះ ជា​រដូវ​ធ្លាក់​ខ្យល់​ផង​នោះ យើង​ក៏​ងាយ​កើត​ជំងឺ​ផ្ដាសាយ​តូច​ធំ​ដែរ។ ពេល​ធ្លាក់​ខ្លួន​ឈឺ​(ផ្ដាសាយ) ម្នាក់ៗ​តែង​បារម្ភ និង​ពិបាកបែងចែក ឬ​កាន់​តែ​សង្ស័យ​មិន​ឈប់​ ថា​តើ​ខ្លួន ឬ​មនុស្ស​ជុំវិញ​ខ្លួន​កំពុង​ឈឺ​អ្វី​ឲ្យ​ប្រាកដ? កូវីដ មែន? ច្បាស់​ណាស់​ថា ​ជំងឺ​ផ្ដាសាយ និង​​វីរុសCovid-19 សុទ្ធ​តែ​បង្ហាញ​សញ្ញា​ស្រដៀង​គ្នា ពិបាក​បែង​ចែក​ដាច់​ស្រឡះ។

    តាំង​ពី​ដើម​ទី​មក ក្រសួង​សុខាភិបាល ក៏​ដូច​ជា​អង្គការសុខភាព​ពិភពលោក(WHO) តែង​ប្រាប់​យើង​គ្រប់​គ្នា ពី​រោគសញ្ញា​របស់​វីរុសCOVID-19 ដើម្បី​ងាយ​ស្រួល​ដាក់​ការ​សង្ស័យ​លើ​អ្នក​ជំងឺ​មាន​ផ្ទុក​វីរុស​COVID-19 ឲ្យ​ដាច់​ពី​អ្នក​ឈឺ​ផ្ដាសាយ​តូច​ធំ​ធម្មតា​ដូចជា៖

    សញ្ញា​ឆ្លង​វីរុស​Covid-19

    – ក្ដៅ​ខ្លួន​ខ្លាំង
    – ហត់ អស់​កម្លាំង
    – ក្អក​ស្ងួត
    – តឹង​ច្រមុះ ហៀរសំបោរ
    – ដក​ដង្ហើម​ខ្លីៗ ឬ​ពិបាក​ដក​ដង្ហើម
    – ហិត​លែង​ដឹង​ក្លិន ឬ​លែង​ដឹង​រសជាតិ
    – ឈឺ​ចុក​ចាប់​ពេញ​ខ្លួន ឈឺ​ក ឬ​រាក​រូស (ក្នុង​ករណី​ខ្លះ)
    – មាន​រយៈ​ពេល​១៤​ថ្ងៃ​ចេញ​រោគ​សញ្ញា
    – មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង
    – មិន​អាច​កំណត់​ពេល​វេលា​ព្យាបាល។

    សញ្ញា​ឈឺ​ផ្ដាសាយ​ធំ​ធម្មតា

    – ក្ដៅ​ខ្លួន
    – ក្អក
    – ឈឺ​បំពង់​ក
    – ឈឺ​ក្បាល
    – ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ
    – ស្រេវស្រាញ ឬ​អស់​កម្លាំង​ល្ហិតល្ហៃ
    – មាន​រយៈ​ពេល៣-៤ថ្ងៃ​ចេញ​រោគ​សញ្ញា
    – អាច​ជា​ទៅ​វិញ​ក្នុង​រយៈ​៧​ថ្ងៃ។

    covid-19

    ក្រៅ​ពី​សម្គាល់​រោគ​សញ្ញា​ទាំង​នេះ អង្គការសុខភាព​ពិភព​លោក ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល​បែង​ចែក​រវាង​ការ​ឆ្លង​វីរុស​Covid-19 និង​ការ​ឈឺ​ផ្ដាសាយ​ធំ​ធម្មតា​ដូច​ជា៖

    • អ្នក​ជំងឺ​ធ្លាប់​ទៅ ឬស្នាក់​នៅ​កន្លែង​ដែល​ផ្ទុះ​វីរុស COVID-19 ក្នុង​រយៈពេល​១៤ថ្ងៃ
    • ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកដែល​មាន​ផ្ទុក​វីរុស COVID-19​ ក្នុង​រយៈពេល​១៤ថ្ងៃ
    • អ្នក​ជំងឺរលាក​ផ្លូវដង្ហើម​ធ្ងន់​ធ្ងរ (គ្រុនក្តៅ និង មាន​សញ្ញា​រលាកផ្លូវ​ដង្ហើមយ៉ាងតិចមួយ៖ ក្អក ហត់ ពិបាកដកដង្ហើម)​ ដោយ​មិន​មូលហេតុ​ច្បាស់​លាស់​នឹង​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ។ ​

    ដើម្បី​ការពារ​ខ្លួន​យើង ពី​ការ​ឆ្លង​មេរោគ​Covid-19 យើង​ត្រូវ​ប្រកាន់​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទាំង​ការ​លាង​ដៃ ពេល​កណ្ដាស់ ឬ​ក្អក និង​រាល់​អាហារ​ដែល​យើង​ញ៉ាំ។ លើស​ពី​នេះ ត្រូវ​រក្សា​គម្លាត​ពី​អ្នក​នៅ​ក្បែរ និង​ចៀស​ឆ្ងាយ​ពី​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន។ល។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Similarities and Differences between Flu and COVID-19​ | CDC – https://www.cdc.gov/flu/symptoms/flu-vs-covid19.htm#:~:text=Common%20symptoms%20that%20COVID%2D19,of%20breath%20or%20difficulty%20breathing
    COVID-19 vs. flu: Similarities and differences – https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/coronavirus-vs-flu/art-20490339
    COVID-19 vs. the Flu | https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-disease-2019-vs-the-flu
    Coronavirus vs. flu: How to tell the difference – https://www.medicalnewstoday.com/articles/coronavirus-vs-flu
    Coronavirus disease (COVID-19): Similarities and differences – https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/coronavirus-disease-covid-19-similarities-and-differences-with-influenza

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 20/05/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត