- រមាស់ស្បែកខ្លាំងនៅពេលយប់ ឬក្រោយពេលងូតទឹកក្ដៅរួច
- មានខ្សែឆ្នូតពណ៌សនៅក្រោមស្បែក
- មានឡើងក្រហម និងកន្ទួលនៅស្រទាប់ស្បែកខាងលើ
- មានកន្ទួលនៅលើប្រដាប់ភេទ ឬនៅស្បែកគូទ ជង្គង់ នៅតាមចង្កេះ ដើមដៃ កដៃ និងនៅតាមចន្លោះម្រាមដៃជាដើម។
៤- វិធីព្យាបាល
វិធីព្យាបាលចៃប្រភេទនេះ ត្រូវប្រើថ្នាំ Scabicide។ ថ្នាំនេះត្រូវបានផលិតឡើងជាពិសេស សម្រាប់សម្លាប់ចៃប្រភេទនេះ ជាប្រភេទថ្នាំលាបលើស្បែក អាចយកមកដុសតាមដងខ្លួន ហើយលាងសម្អាតចេញវិញ នៅប៉ុន្មានម៉ោងក្រោយ។ ក្នុងករណីខ្លះ យើងក៏អាចប្រើថ្នាំគ្រាប់បន្ថែមបានដែរ។
ក្រៅពីការប្រើថ្នាំ ត្រូវលាងសម្អាត ឬសម្ងួតកន្លែងគេង កន្សែង និងខោអាវទុកចោលនៅក្នុងទូ។ បើយើងមានរបស់ខ្លះមិនអាចយកមកលាងសម្អាតបាន ត្រូវយករបស់ទាំងអស់នោះ ច្រកទុកក្នុងថង់ឲ្យបានយ៉ាងហោចណាស់ក៏៣ ថ្ងៃ ដើម្បីឲ្យចៃ និងពងរបស់វាងាប់សិន។ មិនចាំបាច់ត្រូវហៅក្រុមកម្ចាត់សត្វល្អិត នាំតែខាតលុយនោះទេ ប៉ុន្តែត្រូវបោសសម្អាត ឬប្រើម៉ាស៊ីនបឺតធូលី សម្អាតតាមកម្រាល និងគ្រឿងសង្ហារឹមក្នុងផ្ទះ រូចហើយយកសម្រាមទាំងអស់ទៅបោះចោលឲ្យបានត្រឹមត្រូវ។
បើលើស្បែកយើងមានផ្ទុកចៃ ក៏គួរប្រាប់ដៃគូ ឬសមាជិកគ្រួសារ ជិតស្និទ្ធជាមួយយើងទទួលការព្យាបាលផង បែបនេះទើបអាចទប់ស្កាត់មិនឲ្យចៃឆ្លងទៅវិញទៅមកបាន។ មិនគួររួមភេទជាមួយដៃគូ អំឡុងពេលដឹង ឬសង្ស័យថាយើងមានឆ្លងចៃនោះឡើយ គួររង់ចាំការព្យាបាលបានចប់សព្វគ្រប់សិន។ ករណីខ្លះ ទោះព្យាបាលចប់រយៈពេល ២-៣ សប្តាហ៍ហើយក្តី យើងប្រហែលជាអាចនៅមានអារម្មណ៍រមាស់ ប៉ុន្តែបើយើងនៅតែមានអារម្មណ៍រមាស់ ឬរមាស់ខ្លាំងលើសដើម ឬឃើញឡើងកន្ទួលនៅកន្លែងផ្សេង គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលម្ដងទៀត។