កត្តា​មួយចំនួន​នេះ ធ្វើ​ឲ្យ​ស្រ្តីខ្លះមិនងាយមានចំណង់ផ្លូវភេទឡើងវិញក្រោយសម្រាល

    កត្តា​មួយចំនួន​នេះ ធ្វើ​ឲ្យ​ស្រ្តីខ្លះមិនងាយមានចំណង់ផ្លូវភេទឡើងវិញក្រោយសម្រាល

    ១- ពេលណាទើបអាចរួមភេទវិញបានក្រោយសម្រាល?

    ជា​ធម្មតា​ ស្រីៗយើង​​ត្រូវ​រង​ចាំ​រហូត​លែង​មាន​ឈាម​ហូរ​តាម​ទ្វារ​មាស ទើប​អាច​ចាប់​ផ្ដើម​រួម​ភេទ​សារ​ជា​ថ្មី​បាន​បន្ទាប់ពី​សម្រាល​កូន​រួច​។ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើមការ​រួមភេទ​​ឡើង​វិញ ក្នុង​រយៈ​ពេល ៣សប្ដាហ៍​ក្រោយ​ស្រ្តី​សម្រាលកូនរួច ដោយ​ត្រូវ​​រង់​​ចាំ​ឲ្យ​កន្លែង​​ដែល​សុក​ទំ​ជ្រុះ ជា​សះ​ស្បើយ​វិញ​សិន ព្រោះ​បើ​​ឆាប់​រួម​ភេទ​ទាំង​របួស​មិន​ទាន់​ជា អាច​បណ្ដាល​ឲ្យ​ឆ្លង​រោគ​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២.​ ហេតុអ្វីបានជាខ្ញុំមិនចង់រួមភេទវិញអ៊ីចឹង?

    បើ​សម្រាល​កូន​ហើយ​ស្រីៗ​យើង​​មិន​ទាន់​មាន​អារម្មណ៍ចង់​រួម​ភេទ​​វិញ ក៏​កុំ​ទាន់​ភ័យដែរ​ ព្រោះ​ថា​វា​ជា​រឿង​ធម្មតា​ទេ។ មាន​ស្ត្រី​ខ្លះ​មិន​​​ចង់​រួមភេទ​រាប់​ខែក្រោយ​សម្រាល​​ក៏​មាន។ ពេល​សម្រាលកូន​​ ស្រីៗ​យើង​ត្រូវ​ចំណាយ​កម្លាំង​ច្រើន ហើយ​ត្រូវ​មើលថែ​​កូន​ក្រោយ​​​សម្រាល​​ទៀត ដូចនេះ​ហើយ​តើ​ឲ្យ​ស្រីៗ​យើង​​មាន​អារម្មណ៍​ចង់​រួម​ភេទ​វិញ​យ៉ាង​ម៉េចបាន​លឿន​នោះ​។ ពេល​ខ្លះ​អារម្មណ៍​ស្រីៗ​មិន​​នឹង​ន អាច​​សប្បាយ​​ពេល​ឃើញ​មុខ​កូន ឬ​ភ័យ​​គេង​​មិន​​លក់​ខ្លាច​កូន​មាន​រឿង​អ្វីមួយ​កើត​ឡើង​។ ​ប្រសិន​បើ​ម៉ាក់ៗ​​បំបៅ​ដោះ​កូនទៀត​ នោះ​អ័រម៉ូន​ប្រូឡាក់​ទីន ក៏​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មិន​សូវ​ចង់​គិត​ដល់​រឿង​លើគ្រែ​ហ្នឹង​​ដូច​គ្នា។

    អត្ថបទពាក់​ព័ន្ធ៖

    ពេល​កើត​កូន គ្រូពេទ្យ​អាច​ដេរត្រង់​ទ្វារ​មាស​ប្រសិន​បើ​មាន​ការ​ដាច់​រហែក នេះ​ជា​មូលហេតុ​សំខាន់ ដែល​ម៉ាក់​ៗ​មិន​ត្រូវ​ឆាប់​រួម​ភេទ​ទេ។ ម៉ាក់​ត្រូវ​ចាំ​ឲ្យ​គ្រូពេទ្យ​កាត់​ចេស និង​ជា​មុខ​របួស​សិន។ ទោះ​បី​ជា​ម៉ាក់​សម្រាល​ដោយ​មិន​មាន​ដាច់​រលាត់​កន្លែង​ណា​ក្ដី តែ​ក៏ចៀស​​មិន​ផុត​ពី​ការឈឺចាប់​នៅត្រង់ទ្វារនោះ​ទេ បើ​មិ​ន​ជឿអាច​​សាក​យក​ដៃ​ទៅ​ស្ទាប​មើល​ក៏បាន​។ ​រាល់​បញ្ហា​ទាំង​​អស់ហ្នឹង​ ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

    ករណី​ខ្លះ ម៉ាក់ៗ​មិន​អាច​រួម​ភេទ​វិញ​បាន​ដោយ​សារ​កត្តា​​ផ្លូវ​ចិត្ដ​របស់​ខ្លួន​ដែរ​។ ស្រីៗ​យើង​​មួយ​ចំនួន​មិន​ពេញ​​ចិត្ដ​ជាមួយ​​ដង​​ខ្លួន​​ក្រោយ​​ពេល​​ពពោះ និង​ក្រោយ​សម្រាល​នោះទេ ស្រីៗ​យើង​ខ្លះ​​បាត់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។

    មាន​ម៉ាក់​ៗ​ខ្លះ​ទៀត ទៅ​ជា​កើត​ជំងឺ​​បាក់​​ទឹក​​ចិត្ដ​​ក្រោយ​​សម្រាល​​កូន​ ហើយ​​​ជំងឺ​ហ្នឹង​​ក៏​ធ្វើ​ឲ្យ​ម៉ាក់ៗ​ខ្លះ​មិន​គិត​ដល់​រឿង​​លើ​គ្រែ​​វិញ​ដែរ​។​ បើ​ម៉ាក់​គិត​ថា​ខ្លួន​ឯង​បាក់​ទឹក​ចិត្ដ​ខ្លាំង រហូត​ប៉ះ​ពាល់​ដល់​ការ​មើល​ថែ​ខ្លួន​​ឯង ​និង​កូន ​ម៉ាក់​គួរ​ទៅ​ជួប​​ជាមួយ​គ្រូ​ពេទ្យ​ឯក​ទេស​ ដើម្បី​ទទួល​ការ​ព្យាបាល។

    ៣- ធ្វើ​ម៉េច​បើប្តី​មាន​អារម្មណ៍ តែយើង​គ្មាន​អារម្មណ៍​អី​បន្តិច?

    ត្រង់ចំណុចនេះ មានការ​ណែ​នាំ​ឲ្យ​យើង​​​ប្រាប់ប្តី​យើង​​តាម​ត្រង់​តែម្ដងទៅ​ ព្រោះភាព​ស្មោះ​ត្រង់​​ជួយ​ឲ្យ​ទំនាក់​ទំនង​​ផ្លូវ​ភេទ​​យើង​ ​អាច​​រក្សា​បាន​យូរ​អង្វែង ទោះ​​ស្ថិត​​ក្នុង​​កាលៈទេសៈ​​បែប​ណា​​ក៏​ដោយ។ ​បើ​ស្វាមី​ចង់​រួម​ភេទ តែយើង​មិន​ទាន់​ចង់ នោះ​ស្វាមី​អាច​នឹង​អន់​ចិត្ដ តែ​ស្រីៗ​យើង​​ត្រូវ​ដឹង​ថា រឿង​លើ​គ្រែ​នេះ​​គឺ​ជា​រឿង​​សប្បាយ​ ដូច​នេះ​​បើ​វា​មិន​​ធ្វើ​ឲ្យ​យើង​​សប្បាយ​ចិត្ដ​ទេ កុំ​ធ្វើ​វាអី​។ កុំ​ដាក់​សម្ពាធ​​លើ​ខ្លួន​​ឯង​ខ្លាំង​ពេក​។ ទោះ​មិន​រួម​ភេទ ​ក៏មាន​វិធី​ជា​ច្រើន​ផ្សេង​ទៀត សម្រាប់​បង្ហាញ​ក្ដី​ស្រលាញ់នៅ​តែ​មាន ដូច​ជា​ការថើប ការឱប ឬ​ញ៉ាំអាហារ​​ឆ្ងាញ់​ៗជុំ​គ្នា​ជា​ដើម។

    មាន​ពេល​ខ្លះ​ប្ដី​​ក៏​បារម្ភម​​អំពី​រឿង​លើ​គ្រែ​នេះ​ដូច​គ្នា ប្ដី​​ខ្លាច​ធ្វើ​ឲ្យ​ប្រពន្ធ​​ឈឺ​ចាប់។ អ៊ីចឹង​​ហើយ​បាន​​គេ​​ណែ​នាំ​ឲ្យ​និយាយ​គ្នា​ចំ​ៗ កុំ​លាក់​បាំង​អី។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Sex after the birth. https://www.babycentre.co.uk/a536362/sex-after-the-birth. Accessed May 17, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 26/06/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត