home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ភ្នែកឡើងលឿង អាចមកពីបញ្ហាសុខភាពទាំងនេះ

ភ្នែកឡើងលឿង អាចមកពីបញ្ហាសុខភាពទាំងនេះ

អ្នក​ខ្លះ​យល់​ថា​ភ្នែកឡើងលឿង គឺ​អ្នក​នោះ​មាន​ជំងឺ​ខាន់​លឿង​។ ប៉ុន្តែ​ភ្នែកឡើងលឿង​ខ្លះ​មិន​មែន​ដោយ​សារ​ជំងឺ​ខាន់លឿង​នោះ​ទេ បើ​មិន​មាន​ចេញ​រោគ​សញ្ញា​ស្បែក​លឿង​មក​ជាមួយ​គ្នា​ដែរ​នោះ​។

ភ្នែក​ឡើង​លឿង​នៅ​ពេល​ខ្លះ គ្រាន់​តែ​បង្ក​ឡើង​ដោយ​មូល​ហេតុ​សាមញ្ញ​ៗ តែ​ក៏​អាច​ជា​សញ្ញា​សុខ​ភាព​ធ្ងន់ធ្ងរ​ផ្សេង​ដែរ​។ បើ​អ៊ីចឹង​ភ្នែក​ឡើង​លឿង​អាច​មកពី​អ្វីខ្លះ?

១. សារធាតុbilirubin​ឡើង​ខ្ពស់

សារធាតុ bilirubin ​ផលិត​ឡើង​នៅ​ពេល​ថ្លើម​បំបែក​កោសិកា​ឈាម​ក្រហម​ចាស់​ៗ​។ សារធាតុ bilirubin ក៏​ប្រមូល​ផ្ដុំ និង​ផលិត​ទឹក​ប្រមាត់ហើយ​ថង់​ទឹក​ប្រមាត់​ក៏​បញ្ចេញ​វា​ទៅ​កាន់​ពោះ​វៀន​តូច​ពេល​​ត្រូវ​ការ ​ដើម្បី​បំបែក​ខ្លាញ់​នៅ​ពេល​ដំណើរ​ការ​រំលាយអាហារ​។

សារធាតុ bilirubin ត្រូវ​បញ្ចេញ​ពី​រាង​កាយ​តាម​រយៈ​លាមក និង​ធ្វើ​ឲ្យ​លាមក​នៅ​រក្សា​ពណ៌​ត្នោត​​ជា​ធម្មតា​។ នៅ​ពេល​មួយ​ដែល​ចំនួន​កោសិកា​ឈាម​ក្រហម​ត្រូវ​បំបែក​ច្រើន​ខុស​ប្រក្រតី សារធាតុ bilirubin អាច​នឹង​កើន​ឡើង​ក្នុង​រាង​កាយ​លឿន​ដែរ​។ អ្នក​មាន​ជំងឺ​ថ្លើម ក៏​អាច​ធ្វើ​ឲ្យ​សារធាតុ bilirubin កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​ខុស​ធម្មតា​ដែរ​។​

សារធាតុ bilirubin​ កើន​ឡើង​ច្រើន​ខ្លាំង ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ទៀត​​បង្ក​ជំងឺ​ខាន់​លឿង​​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​ធ្វើ​តេស្ត​ដំណើរ​ការ​របស់​ថ្លើម​ច្រើន​ប្រភេទ មុន​នឹង​អាច​វាយ​តម្លៃ​ពី​ប្រភេទ​បញ្ហា​កើត​មាន​លើ​ថ្លើម​។ ចំណែក​ការ​ព្យាបាល​វិញ គឺ​អាស្រ័យ​លើ​មូលហេតុ​បង្ក​នាំឲ្យ​សារធាតុ bilirubin កើន​ឡើង​​។

ភ្នែកលឿង

២. ឆ្លង​បាក់តេរី​

ភ្នែក​ឆ្លង​បាក់តេរី​ប្រភេទ Leptospira ក៏​អាច​ធ្វើ​ឲ្យ​ភ្នែកឡើងលឿង​បាន​ដែរ​។ មនុស្ស​នៅ​តំបន់​មាន​អាកាស​ធាតុ​ក្ដៅ និង​ប៉ះពាល់​ទឹក​មាន​ផ្ទុក​ទឹក​នោម​សត្វ​ច្រើន​ សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​ឆ្លង​បាត់តេរី​នេះ។

អ្នក​ឆ្លង​បាក់តេរី​ប្រភេទ​នេះ នឹង​វិវដ្ដ​ទៅ​ជា​ក្អក ឈឺ​ក ឈឺក្បាល ឈឺ​សាច់ដុំ និង​ឈឺពោះ ហើយ​ក៏​មាន​ហើម​កូន​កណ្ដុរ​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​អណ្ដើក ឬ​​ថ្លើម​រីក​ធំ​ផង​ដែរ​

៣. ញៀន​ស្រា

ញៀន​ស្រា​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ចង់​ផឹក​ស្រា។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​ពេក អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​។ អ្នក​ផឹក​ស្រា​ជោគ​ជាំ​ប្រចាំ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​វិវដ្ដ​ទៅ​ជា​ជំងឺ​ថ្លើម​ដោយ​សារ​គ្រឿង​ស្រវឹង​។ ជំងឺ​ថ្លើម​រួម​មាន រលាក​ថ្លើម ក្រិន​ថ្លើម អាច​នាំ​ឲ្យ​កើត​លឿង ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​ភ្នែកឡើងលឿង​ដែរ​។ វិធី​ព្យាបាល គឺ​ត្រូវ​ឈប់​ផឹក​គ្រឿង​ស្រវឹង​ និង​វិធី​សាស្រ្ត​ផ្សេង​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​។​​​

៤. រលាក​លំពែង

រលាក​លំពែង​ កើត​ឡើង​ពី​ការ​ឆ្លង​រោគ​នៅ​លំពែង​។ ការណ៍​នេះ​ធ្វើ​ឲ្យ​លំពែង​ហើម និង​រលាក​។ រលាក​លំពែង​ធ្វើ​ឲ្យ​ឈឺ​ក្នុង​ពោះ ក៏​ដូច​ជា​មាន​កើត​លឿង​នៅ​ស្បែក និង​ភ្នែក​។ ជំងឺ​នេះ​ត្រូវ​ការ​​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​។

​៥. Hemolytic Anemia

Hemolytic Anemia គឺ​ជា​បញ្ហា​ឈាម​ដែល​កើត​ឡើង​ដោយ​សារ​រាង​កាយ​បំបែក​កោសិកា​ឈាម​ក្រហម​លឿន​ពេក នាំ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ធ្ងន់ធ្ងរ​។ កម្រិត​សារធាតុ​ Bilirubin កើន​ឡើង​ពេល​ដែល​កោសិកា​ឈាម​ក្រហម​ត្រូវ​បំបែក​លឿន​ពេក​ នាំ​ឲ្យ​ផ្នែក​ពណ៌​ស​របស់​ភ្នែក​ប្រែ​ជា​លឿង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 29/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត