១. វ័យ២០ឆ្នាំ
ដូចគ្នាទៅនឹងមុខងាររាងកាយផ្សេងៗដែរ ចំណង់ផ្លូវភេទក្នុងវ័យ២១-២៨ឆ្នាំគឺមានភាពសកម្មខ្លាំង។ នេះមកពីមូលហេតុមួយចំនួនដូចជាការទើបនឹងចាប់ផ្តើមទំនាក់ទំនងថ្មីៗ។ ប៉ុន្តែបើស្រីៗមានចំណង់ផ្លូវភេទទាប បញ្ហានេះអាចបង្កដោយការពន្យារកំណើត។ ផលប៉ះពាល់នៃការពន្យារកំណើតនេះមិនមែនកើតឡើងលើស្រីៗគ្រប់គ្នាទេ ប៉ុន្តែស្រីៗមួយចំនួនអាចនឹងមានការធ្លាក់ចុះនៃអ័រម៉ូនតេស្តូស្តេរ៉ូនពេលប្រើថ្នាំពន្យារកំណើតដែលនេះអាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ និងអាចបង្កឲ្យទ្វារមាសមានអាការៈស្ងួត។ យកល្អស្រីៗដែលមានបញ្ហានេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្ដូរមធ្យោបាយពន្យារកំណើត។
២. វ័យ៣០ឆ្នាំ
ការធ្លាក់ចុះនៃចំណង់ផ្លូវភេទនៅវ័យ៣០ឆ្នាំមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ។ ក្នុងវ័យនេះអ័រម៉ូនតេស្តូស្តេរ៉ូនមានការធ្លាក់ចុះ ហើយការធ្លាក់ចុះនេះអាចបណ្ដាលឲ្យចំណង់ផ្លូវភេទធ្លាក់ចុះដែរ។ យ៉ាងណាមិញ នេះក៏អាចមកពីស្រីៗមានការរវល់ខ្លាំងដូចជាធ្វើការ និងទំនួលខុសត្រូវផ្សេងៗ។ ស្រីៗអាចនឹងមានភាពហត់នឿយ និងជ្រើសរើសការគេងជំនួសវិញ។ សម្រាប់ស្ត្រីដែលទើបតែសម្រាលកូនហើយក៏អាចមានបញ្ហានេះដែរព្រោះមានការប្រែប្រួលអ័រម៉ូន នៅត្រីមាសទី៣ និងអំឡុងពេលបំបៅដោះកូនក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទដែរ។ ស្ត្រេសក៏អាចធ្វើឲ្យកម្រិតអ័រម៉ូនតេស្ដូស្តេរ៉ូនថយចុះ និងធ្វើឲ្យអ័រម៉ូនករទីសូល (Cortisol) កើនឡើង ហើយនេះក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដូចគ្នា។