ផ្លែសាច់ គឺជាស្នាមដែលផុសចេញពីសាច់ បន្ទាប់ពីរបួសបានជាសះស្បើយដែលធ្វើឱ្យស្បែកយើងមានដុំសាច់ពីលើ មិនរាបស្មើ ហើយមើលទៅមិនស្អាត។ របួសបែបណាអាចបណ្តាលឱ្យយើងផ្លែសាច់? ហើយយើងគួរថែទាំរបួសដូម្តេចដើម្បីការពារកុំឱ្យផ្លែសាច់?
របួសអាចបណ្តាលឱ្យយើងផ្លែសាច់មានដូចជា ការមុតកាំបិត វះកាត់ គ្រោះថ្នាក់ចរាចណ៍ មុនធំៗ ជំងឺអុតស្វាយ ឬការចោះក្រវិលជាដើម។
ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំស្បែកដូចខាងក្រោមដើម្បីចៀសវាងផ្លែសាច់៖
១. លាងមុខរបួសជាមួយសាប៊ូ និងទឹក
ពេលត្រូវរបួសភ្លាម យើងអាចលាងមុខរបួសជាមួយសាប៊ូ និងទឹក ឬជាមួយសេរ៉ូមប្រៃដើម្បីសម្អាតមេរោគ ឬធូលីដី។ យើងគួរចៀសវាងលាងមុខរបួសជាមួយដ្រូសែនពែអុកស៊ីត ឬអាល់កុល ព្រោះសារធាតុទាំងនេះអាចធ្វើឱ្យស្បែកមុខរបួសយើងស្ងួត។
២. រុំមុខរបួសជាមួយបង់រុំរបួស
បន្ទាប់មកយើងអាចលាបមុខរបួសជាមួយថ្នាំសម្លាប់មេរោគ និងរុំមុខរបួសជាមួយបង់រុំរបួស ឬបិទមុខរបួសជាមួយបង់បិទរបួសដើម្បីការពារមុខរបួសកុំឱ្យហូរឈាម ប៉ះនឹងធូលីដី ឬមេរោគ និងរក្សាស្បែកមុខរបួសឱ្យមានសំណើម។
៣. លាងមុខរបួសរាល់ថ្ងៃ
យើងគួរលាងមុខរបួសរាល់ថ្ងៃរហូតដល់មុខរបួសជាដើម្បីការពារមុខរបួសពីការឆ្លងមេរោគ និងផ្លែសាច់។ ពេលលាងមុខរបួស យើងគួរចៀសវាងជូតត្រដុសស្បែកដើម្បីកុំឱ្យស្បែកមានស្នាម។
៤. លាបថ្នាំការពារស្នាមសន្លាក
ពេលមុខរបួសជិតជា យើងអាចលាបថ្នាំការពារស្នាមសន្លាកបីបួនដងក្នុងមួយថ្ងៃដើម្បីការពារមុខរបួសកុំឱ្យមានស្នាមដែលអាចបង្កឱ្យផ្លែសាច់។
៥. ចៀសវាងអេះមុខរបួស
នៅពេលរបួសជិតជា ស្បែកមុខរបួសនឹងរមាស់ដែលធ្វើឱ្យយើងទ្រាំមិនបាន ហើយចង់អេះ។ ក្នុងអំឡុងពេលនេះ យើងគួរចៀសវាងអេះមុខរបួស ព្រោះអាចបង្កឱ្យរបួសហូរឈាម បង្កឱ្យមានស្នាម និងផ្លែសាច់។
ដើម្បីកាត់បន្ថយអាការៈរមាស់ យើងអាចស្អំមុខរបួសជាមួយទឹកកករយៈពេល ១០ នាទី រួចលាបឡេ ឬគ្រីមផ្តល់សំណើមដើម្បីការពារមុខរបួសកុំឱ្យស្ងួតដែលបណ្តាលឱ្យមុខប្រេះហូរឈាម ឬធ្វើឱ្យយើងរមាស់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៦. ចៀសវាងឱ្យមុខរបួសត្រូវពន្លឺថ្ងៃ
តាមការសិក្សាបានឱ្យដឹងថា កាំរស្មីយូវីពីព្រះអាទិត្យអាចជំរុញឱ្យមុខរបួសមានស្នាម ធ្វើឱ្យស្នាមប្រែជាពណ៌ក្រមៅ និងឡើងក្រាស់។ ដូច្នេះ យើងគួរចៀសវាងឱ្យមុខរបួសត្រូវកម្តៅថ្ងៃដោយស្លៀកសម្លៀកបំពាក់បាំងមុខរបួស ឬរុំមុខរបួសជាមួយបង់រុំរបួស ឬបង់បិទរបួស។
លើសពីនេះទៅទៀត ក្រោយពេលមុខរបួសជាសះស្បើយ យើងអាចលាបឡេការពារកម្តៅថ្ងៃលើមុខរបួសដើម្បីការពារមុខរបួសពីការប្រែជាពណ៌ខ្មៅ និងឡើងក្រាស់ដោយសារត្រូវកម្តៅថ្ងៃ។
[embed-health-tool-bmi]
៧. ចៀសវាងជក់បារី
ការជក់បារីអាចបង្កើនបរិមាណកាបូនម៉ូណូអុកស៊ីតនៅក្នុងចរន្តឈាម ដែលធ្វើឱ្យរំហូរអុកស៊ីសែននៅក្នុងសរសៃឈាមយើងថយចុះដែលជាហេតុធ្វើឱ្យរបួសក្រជា និងមានស្នាម។ ម្យ៉ាងទៀត កាបូនម៉ូណូអុកស៊ីតក៏ធ្វើឱ្យស្បែកមុខរបួសប្រែជាពណ៌ក្រមៅដែរ។
ជាទូទៅផ្លែសាច់កើតឡើងដោយសារមុខរបួសដែលត្រូវការពេលយូរក្នុងការជាសះស្បើយ និងលើមុខរបួសដែលក្លាយ ដូច្នេះការថែទាំមុខរបួសឱ្យឆាប់ជាអាចកាត់បន្ថយការផ្លែសាច់បាន។
អត្ថបទគួរអាន៖
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
- តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន
ចំណុចសំខាន់
- លាងមុខរបួសជាមួយសាប៊ូ និងទឹក
- រុំមុខរបួសជាមួយបង់រុំរបួស
- លាងមុខរបួសរាល់ថ្ងៃ
- ចៀសវាងឱ្យមុខរបួសត្រូវពន្លឺថ្ងៃ
- លាបថ្នាំការពារស្នាមសន្លាក
- ចៀសវាងអេះមុខរបួស
- ចៀសវាងជក់បារី