backup og meta

ទម្លាប់​សាមញ្ញ​​ទាំង​៧​ បំផ្លាញ​សុខភាព​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 30, 2021

    ទម្លាប់​សាមញ្ញ​​ទាំង​៧​ បំផ្លាញ​សុខភាព​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ថែទាំ​សុខភាព​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ​ជា​រឿង​ចាំបាច់​ដែល​គ្នា​យើង​​​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។​ ពិត​ណាស់​ ទម្លាប់​មិន​ល្អ​ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​ ការ​ចងចាំ​មិន​ល្អ ព្រម​ទាំង​អាច​​បង្ក​ជា​ជំងឺ​វង្វេងវង្វាន់​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​​​ជួយ​ឲ្យ​មុខងារ​ខួរ​ក្បាល​ដំណើរការ​​ល្អ​ប្រសើរ​ គ្នា​យើង​គប្បី​ជៀសវាង​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​​​នេះ​។

    ១. អង្គុយ​ពេញ​មួយ​ថ្ងៃ​

    ពិត​ណាស់​ ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ​អាច​​ប៉ះពាល់​ដល់​សុខភាព​ទាំង​មូល​ រួម​ទាំង​​ខួរ​ក្បាល​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ធ្វើ​ចលនា​ សរសៃ​ឈាម​ខួរ​ក្បាល​នឹង​បើក​ ដែល​នាំ​ឲ្យ​មាន​លំហូរ​ឈាម​​ទៅ​ចិញ្ចឹម​​​កោសិកា​ប្រសាទ​ ។ ម្យ៉ាង​វិញ​ទៀត សកម្មភាព​រាងកាយ​បង្កើន​លំហូរ​ឈាម​ និង​ដឹកនាំ​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទៅ​កាន់​ខួរ​ក្បាល​។ បន្ថែម​ពី​នេះ វា​ជួយ​បង្កើន​អារម្មណ៍ និង​កាត់បន្ថយ​ស្រ្តេស ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ខួរ​ក្បាល​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ ក៏​ដូចជា​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។

    ២. មិន​សូវ​ចូលរួម​ក្នុង​សង្គម​

    ការ​ខកខាន​ក្នុង​ការ​ចូលរួម​ក្នុង​សង្គម​ អាច​ជា​ការ​បំផ្លាញ​ខួរ​ក្បាល​របស់​យើង​ដូច​គ្នា។​ ជាក់​ស្ដែង ភាព​ឯកោ​​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ ហើយ​វា​ក៏​អាច​​នាំ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​ចុះ​ខ្សោយ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​អ្នក​​ដែល​មិន​សូវ​ចូលរួម​ក្នុង​សង្គម​​អាច​វិវត្ត​ទៅ​ជា​ជំងឺ​វង្វេងវង្វាន់​។

    ៣. ស្តាប់​តន្ត្រី​ឮខ្លាំង​ៗ​

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ស្ដាប់​ចម្រៀង​ឮ​ៗ​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​យើង ពីព្រោះ​វា​អាច​ផ្លាស់ប្ដូរ​​របៀប​ដែល​ខួរ​ក្បាល​ដំណើរការ​ ការ​និយាយ នេះ​បើ​យោង​តាម​ការ​សិក្សា​​មួយ​ទៅ​លើ​សត្វ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ថា​ការ​​បាត់បង់​សោតវិញ្ញាណ​​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​យល់​ដឹង​របស់​ខួរ​ក្បាល​ចំពោះ​សំឡេង​​ផ្សេង​ៗ​។

    សុខភាពខួរក្បាល២

    ៤. គេង​មិន​គ្រប់គ្រាន់​

    ការ​គេង​មិន​គ្រប់គ្រាន់​ក៏​​​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​យើង។ យោង​តាម​ការ​សិក្សា​មួយ​បាន​​​បង្ហាញ​ថា ការ​គេង​មាន​ឥទ្ធិពល​លើ​​ការ​យល់​ដឹង​​ រួម​ទាំង​​ការ​ចងចាំ​ ការ​ដោះស្រាយ​បញ្ហា​ និង​ជំនាញ​ទំនាក់ទំនង​។ ​សម្រាប់​អ្នក​ដែល​គេង​បាន​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយ​យប់​ ​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​មុខងារ​ខួរ​ក្បាល​។

    ៥. ជក់​បារី​

    ជំងឺ​មហារីក​ ជំងឺ​បេះដូង​ ក៏​ដូចជា​ជំងឺ​សួត​​សុទ្ធ​តែ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ជក់បារី​។ ការ​ជក់​បារី​បំផ្លាញ​ស្រទាប់​សរសៃ​ឈាម និង​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រួម​តូច ដែល​ជា​ហេតុ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​។

    ៦. ញ៉ាំ​អាហារ​ផ្អែម ឬ​ប្រៃ​ពេក​

    ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរ​ក្បាល​ ​បង្រួម​ខួរ​ក្បាល​  ​ឬ​​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​តូច ដែល​រារាំង​លំហូរ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ក្នុង​ការ​យល់​ដឹង ។ ចំណែក​​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង​ ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ និង​​ផលប៉ះពាល់​នៃ​ជំងឺ​លើសសម្ពាធ​ឈាម​រ៉ាំរ៉ៃ រួម​មាន​ការ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​ងាយ​ចុះ​ខ្សោយ។

    ៧. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​

    ទន្ទឹម​នឹង​នេះ​ដែរ ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ក៏​ជា​​​មូលហេតុ​ចម្បង​មួយ​ដែល​បង្អាក់​ដល់​មុខងារ​ខួរ​ក្បាល​។ បន្ថែម​ពី​នេះ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ព្រិល​ភ្នែក​ និយាយ​ស្ដី​យឺត​ ​ព្រម​ទាំង​មាន​ប្រតិកម្ម​យឺត​​ជា​បណ្ដោះ​អាសន្ន​ដែរ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ខួរ​ក្បាល​ធ្ងន់ធ្ងរ​។ ដូច​នេះ គ្នា​យើង​គប្បី​​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ​​មក​នៅ​ត្រឹម២​កែវ​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម