កម្ពស់កូនយើង ភាគច្រើនគឺអាស្រ័យទៅតាមកម្ពស់របស់ម៉ាក់ប៉ា ឬសាច់ញាតិ ពោលគឺបណ្ដាលមកពីកត្តាហ្សែន។ បន្ថែមពីលើកត្តាហ្សែន របបអាហារ ឬសារធាតុចិញ្ចឹមក៏ដើរតួនាទីសំខាន់ជួយដល់ការលូតលាស់ឆ្អឹង និងកម្ពស់របស់អាអូនដែរ។ ហេតុនេះហើយ ទើបវាជាការចាំបាច់សម្រាប់ម៉ាក់ប៉ាត្រូវដឹងពីអាហារណាល្អ និងគួរបន្ថែមទៅក្នុងរបបអាហារកូន ជួយដល់ការពន្លូតកម្ពស់របស់អាអូន។
១. សារធាតុចិញ្ចឹមចាំបាច់ដល់ការលូតកម្ពស់កូន
អំឡុងវ័យលូតលាស់ កូនៗត្រូវការរបបអាហារដែលមានតុល្យភាព និងធ្វើសកម្មភាពរាងកាយណាដែលជួយដល់ការលូតកម្ពស់កូនដូចជា លេងកីឡាបាល់បោះ ឬហែលទឹក។ល។ ហើយសម្រាប់សារធាតុចិញ្ចឹមចាំបាច់ ផ្ដល់ជំនួយដល់ការលូតកម្ពស់កូនមានដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងជាតិរ៉ែផ្សេងៗ។
២. កំពូលអាហារជួយដល់ការលូតកម្ពស់កូន
ស៊ុត៖ ស៊ុត ផ្ដល់ប្រូតេអ៊ីនយ៉ាងតិច៦.៥ក្រាម និងមានផ្ទុកសារធាតុអាស៊ីដ អាមីណូ។ នេះបណ្ដាលឲ្យស៊ុតជាប្រភពសម្បូរប្រូតេអ៊ីនមួយល្អដល់ការលូតលាស់ឆ្អឹងរបស់ក្មេង។ បន្ថែមពីលើនេះ ស៊ុតក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀតដែរដូចជា វីតាមីនD ខ្លាញ់អូមេហ្គា៣ សេឡេញ៉ូម ដែលជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍ទូទៅរបស់អាអូន។
ទឹកដោះគោ៖ ប្រូតេអ៊ីន វីតាមីន D និងជាតិរ៉ែដូចជា ប៉ូតាស្យូម កាល់ស្យូម និងម៉ាញេសូមនៅក្នុងទឹកដោះគោ ជួយទ្រទ្រង់ការលូតលាស់ឆ្អឹងអាអូន។ យកល្អម៉ាក់ប៉ាគួរឲ្យអាអូនញ៉ាំទឹកដោះគោស្រស់យ៉ាងតិចមួយកែវ/ថ្ងៃ ដើម្បីបំពេញតម្រូវការសារធាតុចិញ្ចឹមជួយដល់កម្ពស់កូន ឬអាចឲ្យកូនញ៉ាំយ៉ាអួរជំនួសក៏បាន។
សណ្ដែកសៀង៖ សណ្ដែកសៀងផ្ទុកប្រូតេអ៊ីនខ្ពស់ និងពោរពេញទៅដោយហ្វូឡាត វីតាមីន កាបូអ៊ីដ្រាត និងជាតិកាកសរសៃ ចាំបាច់ជួយដល់ការលូតលាស់ឆ្អឹងរបស់កូន។ បើម៉ាក់ប៉ាបន្ថែមទឹកសណ្ដែកសៀង ឬតៅហ៊ូទៅក្នុងរបបអាហារប្រចាំថ្ងៃអាអូនរឹតតែពិសេសដល់ការលូតកម្ពស់កូន។
សាច់ក្រហម៖ សាច់ក្រហមផ្ទុកប្រូតេអ៊ីនច្រើន និងមីក្រូសារធាតុចិញ្ចឹមច្រើនដូចជា ជាតិដែក ចាំបាច់បង្ការជំងឺស្លេកស្លាំង ព្រោះជំងឺស្លេកស្លាំង អាចបណ្ដាលឲ្យកូនខ្សោយ និងប៉ះពាល់ដល់ការលូតលាស់របស់អាអូន។ ប៉ុន្តែ សាច់ក្រហមក៏សម្បូរជាតិខ្លាញ់មិនល្អដែរ ដូចនេះហើយម៉ាក់ប៉ាគួរបន្ថែម ឬបន្ថយឲ្យអាអូនញ៉ាំសាច់ក្រហមក្នុងបរិមាណមធ្យមបានហើយ កុំច្រើនពេក។ ក្រៅពីនេះ សាច់មាន់ ឬត្រី ក៏ល្អដល់ការលូតកម្ពស់កូនដែរ ព្រោះវាក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ និងមានជាតិខ្លាញ់មិនល្អតិច។
បន្លែបៃតង និងផ្លែឈើ៖ បន្លែបៃតង ជាប្រភពនៃជាតិកាល់ស្យូមល្អសម្រាប់ក្មេងៗដែលអាលែកហ្ស៊ីនឹងទឹកដោះគោ។ បន្លែស្លឹកបៃតង ក៏សម្បូរជាតិវីតាមីន K ល្អសម្រាប់ឆ្អឹងដែរ។ រីឯ ផ្លែឈើសម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងជាតិកាកសរសៃ ចាំបាច់នៅក្នុងរបបអាហារកូន យកល្អម៉ាក់ប៉ាគួរមានផ្លែឈើចម្រុះមុខ ឬ១-២មុខ ទុកសម្រាប់អាអូនញ៉ាំជាប្រចាំ។
គ្រាប់ធញ្ញជាតិ៖ នៅក្នុងគ្រាប់ធញ្ញជាតិមានផ្ទុកប្រូតេអ៊ីន និងកាល់ស្យូម ពិសេសនោះគឺមានផ្ទុកខ្លាញ់អូមេហ្គា៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងសន្លាក់។ បើម៉ាក់ប៉ាអាចបន្ថែមអាល់ម៉ុន គ្រាប់រីករាយ(Pistachio) ឬវ៉លណាត់ក្នុងរបបអាហារកូនកាន់តែល្អដល់ការលូតកម្ពស់កូន។
[embed-health-tool-vaccination-tool]