វិធីសាស្ត្រងាយៗ ជួយឲ្យកូនលូតកម្ពស់យ៉ាងមានប្រសិទ្ធភាព
ប៉ាម៉ាក់គ្រប់រូប តែងតែចង់ឲ្យកូនមានកម្ពស់ខ្ពស់ និងមានរាងកាយរឹងមាំជាក់ជាមិនខាន។ ពិតណាស់ ថ្វីត្បិតតែហ្សែន ដើរតួនាទីសំខាន់មួយក្នុងការកំណត់កម្ពស់របស់ក្មេងក៏ពិតមែន ប៉ុន្តែកត្តាខាងក្រៅ ជាពិសេសគឺអាហារ និងលំហាត់ប្រាណក៏ជួយឲ្យក្មេងលូតកម្ពស់បានយ៉ាងអស្ចារ្យផងដែរ។ ដូច្នេះហើយ ប្រសិនបើប៉ាម៉ាក់ចង់ជួយដល់ការលូតកម្ពស់របស់កូន មិនគួរមើលរំលងវិធីសាស្ត្រងាយៗខាងក្រោមនេះឡើយ។

១. របបអាហារមានតុល្យភាព
វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីធានាថា កូនអាចលូតកម្ពស់អតិបរមាបាន គឺការផ្ដល់នូវអាហារូបត្ថម្ភត្រឹមត្រូវ។ របបអាហារមានតុល្យភាព គួរតែមានជាតិប្រូតេអ៊ីនចម្រុះ កាបូអ៊ីដ្រាត ខ្លាញ់ និងវីតាមីនក្នុងសមាមាត្រត្រឹមត្រូវ។ បន្ថែមពីនេះ ចូរកុំឲ្យកូនញ៉ាំអាហារចៀន ឬភេសជ្ជៈដែលមានជាតិហ្គាសញឹកញាប់ពេក។ ជាមួយគ្នានេះដែរ ស័ង្កសីមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការលូតលាស់របស់ក្មេង។ ដូច្នេះហើយ ចូរឲ្យកូនញ៉ាំអាហារដែលសម្បូរទៅដោយជាតិស័ង្កសី ដូចជាសណ្ដែកដី និងគ្រាប់ល្ពៅជាដើម។ របបអាហារមានតុល្យភាពមិនត្រឹមតែផ្ដល់នូវសារធាតុចិញ្ចឹមត្រឹមត្រូវ ដើម្បីជួយដល់ការលូតកម្ពស់របស់ក្មេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឲ្យពួកគេរឹងមាំពីខាងក្នុងផងដែរ។
២. លំហាត់ប្រាណពត់ពែនខ្លួន
សូម្បីតែលំហាត់ប្រាណពត់ពែនខ្លួនធម្មតា ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្ពស់របស់កូនផងដែរ។ ការបង្រៀនលំហាត់ប្រាណធម្មតាមួយចំនួនដល់កូន តាំងពីវ័យក្មេង នឹងជួយដល់ដំណើរការនៃការលូតកម្ពស់របស់កូនយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែង ការពត់ពែនខ្លួន នឹងជួយពន្លូតឆ្អឹងខ្នង ក៏ដូចជាជួយកែលម្អឥរិយាបថរបស់កូនថែមទៀតផង។ ប៉ាម៉ាក់អាចឲ្យកូនអង្គុយនៅលើឥដ្ឋ ដោយដាក់ជើងឆ្ងាយពីគ្នា ហើយឲ្យពួកគេព្យាយាមយកដៃទៅប៉ះចុងជើងរបស់ខ្លួន។
៣. តោងរបា
ប៉ាម៉ាក់ប្រហែលជាបានដឹងហើយថា ការចាប់តោងរបា គឺជាលំហាត់ប្រាណមួយ ដែលជួយពន្លូតកម្ពស់បានយ៉ាងពូកែស័ក្ដិសិទ្ធិ ពីព្រោះវាជួយពន្លូតឆ្អឹងខ្នង ដែលជាផ្នែកសំខាន់មួយនៃការលូតកម្ពស់របស់កុមារ។

៤. លោតអន្ទាក់
ការលោតអន្ទាក់ គឺជាលំហាត់ប្រាណដ៏រីករាយមួយសម្រាប់ក្មេងៗ ពីព្រោះវាមានឥទ្ធិពលទៅលើរាងកាយទាំងមូលរបស់ក្មេង រួមទាំងបេះដូង និងការលូតកម្ពស់ផងដែរ។ លើសពីនេះ វាក៏ជួយឲ្យក្មេងមានភាពសកម្ម និងសុខភាពល្អថែមទៀតផង។
៥. ហែលទឹក
ការហែលទឹក គឺជាលំហាត់ប្រាណមួយប្រភេទ ដែលជួយឲ្យក្មេងមានសុខភាពល្អ និងរីករាយ។ ម្យ៉ាងវិញទៀត វាក៏ពាក់ព័ន្ធទៅនឹងការពត់ពែនខ្លួន ដែលជួយពង្រឹងដល់ឆ្អឹងខ្នង ក៏ដូចជាជួយឲ្យក្មេងលូតកម្ពស់បានយ៉ាងល្អផងដែរ។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
៦. គេងគ្រប់គ្រាន់
ការគេង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ មិនថាចំពោះមនុស្សចាស់ ឬក្មេងនោះទេ។ ប៉ាម៉ាក់ត្រូវប្រាកដថា កូនបានគេងគ្រប់គ្រាន់ចំនួន៨ម៉ោង ក្នុងមួយយប់ ដើម្បីឲ្យពួកគេមានសុខភាពល្អ និងរាងកាយរឹងមាំ។ ការគេងបញ្ចេញអ័រម៉ូនលូតលាស់ មានឈ្មោះថាHGH ដែលដើរតួនាទីដោយផ្ទាល់ក្នុងការលូតកម្ពស់។ ហេតុនេះហើយ ការគេងមិនគ្រប់គ្រាន់ អាចនឹងមានផលប៉ះពាល់ដល់ការលូតកម្ពស់របស់ក្មេងបានផងដែរ។
ចំណុចសំខាន់
១. របបអាហារមានតុល្យភាព
២. លំហាត់ប្រាណពត់ពែនខ្លួន
៣. តោងរបា
៤. លោតអន្ទាក់
៥. ហែលទឹក
៦. គេងគ្រប់គ្រាន់