backup og meta

ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2021

    ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?

    ការ​ស្រលាញ់​កូន ផ្ដល់​ឲ្យ​តាម​គ្រប់​តម្រូវ​ការ​កូន​ចង់​បាន ជា​អ្វី​ៗ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​ព្យាយាម​បំពេញ​ឲ្យ​កូន ក្នុង​នាម​ជា​ឪពុក​ម្ដាយ។ ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​តែង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត រហូត​មាន​មតិ​មួយ​លើក​ឡើង​ថា ស្រលាញ់​កូន​ឲ្យ​ដឹង​ចិត្ត​ពេក អ្នក​ពិបាក និង​ទឹក​ភ្នែក​ជា​ម៉ាក់​ប៉ា។ តើ​ការ​លើក​ឡើង​បែប​នេះ​ខុស ឬ​ត្រូវ?

    ឆ្លើយ​តប​នឹង​មតិ​ខាង​លើ លោក​ស្រី សរ មុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ មាន​ទាំង​ខុស មាន​ទាំង​ត្រូវ។ ការ​ស្រលាញ់​កូន​មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​អ្វី​ដែល​មិន​សម​គួរ​នោះ​គឺ​ពាក្យ​ថា ស្រលាញ់​កូន​ពេក ពោល​គឺ​ការ​ស្រលាញ់​កូន​ជ្រុល​ពេក អាច​បណ្ដាល​ឲ្យ​កូន​ខូច​បាន។ ម៉ាក់​ប៉ា​ខ្លះ​ដោយ​សារ​តែ​ស្រលាញ់​កូន​ពេក មិន​ហ៊ាន​ប្រដៅ មិន​ណែនាំ​ពេល​កូន​ធ្វើ​ខុស​ទេ ខ្លាច​កូន​យំ​អន់​ចិត្ត។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​បែប​នេះ​ដល់​កូន ពិត​ជា​ធ្វើ​ឲ្យ​កូន​ខូច​ដូច​ចាស់ៗ​និយាយ​ពិតមែន។

    ផ្ទុយ​ទៅ​វិញ លោក​ស្រី​បន្ត​ទៀត​ថា ភាព​ខុស​របស់​មតិ​មួយ​នេះ គឺ​ការ​ស្រលាញ់​កូន​ធ្វើ​ឲ្យ​ក្មេង​ខូច។ តាម​ពិត​ទៅ ឲ្យ​តែ​ម៉ាក់​ប៉ា​ស្រលាញ់​កូន​ត្រឹម​ត្រូវ មិន​មាន​អ្វី​ខុស​ទេ។ ការ​ស្រលាញ់​កូន​ក៏​មាន​បែប​បទ​ដែរ វា​មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​និយាយ​ចេញ​តែ​ពី​មាត់​ទេ ការ​ស្រលាញ់​កូន​ក៏​អាស្រ័យ​ទៅ​លើ​ទង្វើ​ម៉ាក់​ប៉ា​បង្ហាញ​ឲ្យ​កូន​ឃើញ​ដែរ។

    ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ផ្ដល់​របស់​របរ​ថ្លៃ​ៗ ស្អាតៗ​ឲ្យ​កូន​គ្រប់​ពេល​ទើប​ហៅ​ថា​សេចក្ដី​ស្រលាញ់​ទេ។ ទង្វើ​តូច​តាច​រាល់​ថ្ងៃ​របស់​ម៉ាក់​ប៉ា​ដូចជា នៅ​ក្បែរ​កូន ចាំ​អប់រំ​ណែនាំ​ពេល​កូន​ខុស អធ្យាស្រ័យ​កំហុស​របស់​កូន សរសើរ​លើក​ទឹក​ចិត្ត​កូន ក៏​ផ្ដល់​អារម្មណ៍​ថា​ស្រលាញ់​ទៅ​ដល់​កូន​បាត់​ទៅ​ហើយ។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន​បែប​នេះ ធានា​ថា​កូន​មិន​ខូច​ដូច​មតិ​ខាង​លើ​លើក​ឡើង​ទេ។

    នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា​បន្ថែម​ពី​លើ ធម្មជាតិ​ក្មេង​គ្រប់​រូប ត្រូវ​ការ​ណាស់​សេចក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​ពី​ប៉ា​ម៉ាក់។ ដូច​នេះ​ហើយ ការ​ស្រលាញ់​កូន​ចាំ​បាច់ គឺ​ត្រូវ​ធ្វើ​ឲ្យ​កូន​ដឹង តាម​រយៈ​ការ​ចំណាយ​ពេល​ជាមួយ​កូន ប្រលែង​លេង​ជាមួយ​កូន ឱប​ថើប​កូន​មុន​ពេល​ចូល​គេង និង​និយាយ​ឲ្យ​ចំ​ៗ​ថា ម៉ាក់​ប៉ា​ស្រលាញ់​កូន។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​បែប​នេះ ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ និង​មាន​ចរិយា​សមសួន។​

    ស្រលាញ់កូនខ្លាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម