- ណែនាំងាយៗស្រួលយល់
- យល់ពីអារម្មណ៍កូន
- ផ្តល់សញ្ញា
- សរសើរ
- បង្រៀនដោយលើកហេតុផល
- កុំឧស្សាហ៍ប្រើពាក្យ “ទេ”
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្មេងមិនខូច ក៏មិនគួរឲ្យក្នាញ់ដែរ តែបើខូចពេក ម៉ាក់ប៉ាច្បាស់ជាល្វីងមុខមិនខាន ប្រាប់ឆ្វេងទៅស្តាំ រពឹសនោះរពឹស ចាប់មិនជាប់។ ម៉ាក់ប៉ាណាខ្លះកំពុងមានអូនៗក្បាលខូចបែបនេះ?
ធម្មតាទេ ពេលអូនៗចាប់ផ្តើមចង់ធ្វើតាមទំនើងចិត្ត អូនៗច្បាស់ជាធ្វើមិនឮ ធ្វើមិនដឹង និយាយរួមមិនចង់ធ្វើតាមតែម្តង។ បើស្ថិតក្នុងវ័យចន្លោះពី ២-៣ ឆ្នាំ ជាពេលចង់ស្វែងយល់ពិភពជុំវិញខ្លួន ចង់ដឹងពីប្រតិកម្មអ្នកដទៃចំពោះទង្វើអូនៗ។
បើអូនៗមិនស្តាប់យើង មិនមែនមានន័យមិនគោរពទេ គ្រាន់តែអូនៗចង់ដឹងមានអ្វីកើតឡើង បើគេមិនស្តាប់បង្គាប់។ នេះបញ្ជាក់ថា អូនៗកំពុងរៀនស្វែងរកឯករាជ្យសម្រាប់ខ្លួនឯង។ ម៉ាក់ប៉ា បើថ្ងៃមួយឃើញអូនៗធ្វើជាមិនឮ ឬមិនស្តាប់បង្គាប់ កុំស្តីបន្ទោសអូនៗខ្លាំងពេក។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
-ណែនាំងាយៗស្រួលយល់៖ និយាយ ឬប្រាប់ឲ្យអូនៗ ត្រូវនិយាយឲ្យស្រួលស្តាប់ងាយយល់ ព្រោះបើអូនៗមិនយល់ការងារ ច្បាស់ជាមិនព្រមធ្វើដាច់ខាត។ គួរនិយាយមួយៗងាយយល់។ ឧទាហរណ៍ “កូនជួយដាក់មួកប៉ាៗលើតុវិញផង” ល្អជាងនិយាយ “អូនៗជួយរៀបចំមួកកន្លែងដើមផង” ព្រោះបើមិនយល់ អូនៗច្បាស់ជាធុញ មិនចង់ធ្វើ។ ដើម្បីដឹងថាអូនៗយល់ពីអ្វីយើងនិយាយ គួរឲ្យអូនៗនិយាយតាមសម្តីយើងឡើងវិញ។
-យល់ពីអារម្មណ៍៖ បើអូនៗមិនព្រមស្តាប់សោះ ច្បាស់ជាមានអ្វីម្យ៉ាង អាចដោយសារហត់ ធុញថប់ រំខាន ឬត្រេកអរពេក។ ពេលម៉ាក់ប៉ាឃើញអូនៗមានអារម្មណ៍បែបនេះ គួរកាត់បន្ថយការងារដាក់ឲ្យធ្វើសិន។
-ផ្តល់សញ្ញា៖ ចង់ឲ្យអូនៗត្រលប់ទៅផ្ទះវិញ ក្រោយជិះទោង ឬលេងអ្វីរួច ត្រូវប្រាកដថាយើងប្រាប់មុនពេលត្រូវត្រលប់ទៅផ្ទះ។ បើអូនៗនៅតែមិនអើពើ យើងអាចយកគេចេញពីទោងថ្នមៗ បីគេទៅផ្ទះវិញ បែបនេះអូនៗប្រាកដជាដឹង ទោះមិនអើពើសម្តីម៉ាក់ប៉ា ក៏គង់តែទៅផ្ទះវិញដដែល។
-សរសើរ៖ ក្មេងៗសុទ្ធតែចូលចិត្តពាក្យសរសើរ ពេលធ្វើអ្វីមួយបានល្អ អ៊ីចឹងបើអូនៗស្តាប់បង្គាប់គួរសរសើរគ្នាផង។ ការសរសើរអាចលើកទឹកចិត្តអូនៗធ្វើតាមយើងនៅពេលក្រោយ។
-បង្រៀនដោយលើកហេតុផល៖ ឲ្យអូនៗយល់លទ្ធផលល្អ ពេលស្តាប់បង្គាប់ ដោយប្រើពាក្យ ដូចជា “លេងរួចអូនៗទុកតុក្កតាទុកក្នុងប្រអប់ លើកក្រោយងាយស្រួលរក”។
-កុំឧស្សាហ៍ប្រើពាក្យ “ទេ”៖ គ្នាយើងខ្លះ ចូលចិត្តប្រើពាក្យ “ទេ” ឬ “កុំ” រាល់ពេលអូនៗចចេស។ ប៉ុន្តែក្មេងៗឆ្លាតឮពាក្យនេះកាន់តែច្រើន កាន់តែចចេសខ្លាំង។ អ៊ីចឹងហើយ បើយើងមិនចង់ឲ្យកូនធ្វើអ្វីមួយ ព្យាយាមប្រើពាក្យផ្សេងក្រៅពី “ទេ” ឬ “កុំ”។ សម្តីល្អៗគួរប្រើពេលចង់ឲ្យអូនៗស្តាប់។ ឧទាហរណ៍ “កុំលេងបាល់ក្នុងផ្ទះ!” គួរនិយាយថា “ម៉េចអូនៗមិនទៅលេងក្រៅផ្ទះវិញទៅ?”
អត្ថបទគួរអាន៖
មិនស្តាប់បង្គាប់ ជាផ្នែកនៃការលូតលាស់ក្មេង គ្នាយើងគួររកជំនួយក្នុងកាលៈទេសៈអូនៗ៖
– ចចេសខ្លាំងជាងស្តាប់បង្គាប់
– ឆ្លើយតបសម្តីទាំងមួម៉ៅខ្លាំង
– មិនអើពើសម្តីយើង
– បញ្ចេញសំឡេងចម្លែកៗដោយមិនដឹងខ្លួន
– មិនស្តាប់ ឬមិនលេងសូម្បីជាមួយមិត្តភក្តិ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕