ពេលអាអូនលូតលាស់ដល់វ័យចាប់ពី ៦ខែឡើងទៅ ជាវ័យដែលម៉ាក់ប៉ាគួរបន្ថែមអាហារបំប៉ន ឬឲ្យអាហាររឹងឲ្យកូនញ៉ាំពីលើការបៅដោះម្ដាយ ឬបៅទឹកដោះគោ។ យើងសង្កេតឃើញថា ចំពោះកូនក្មេងមួយចំនួន ពេលម៉ាក់ប៉ាបញ្ចុកចំណីអាហារឲ្យញ៉ាំ បែរជាខ្ជាក់មកវិញ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
ចុះហេតុអ្វីបានអាអូនមិនលេប ហើយខ្ជាក់អាហារចេញក្រៅវិញចឹង?
ចម្លើយ៖ ចំពោះកូនក្មេង អាអូនមានរ៉េផ្លិចរុញអណ្ដាតចេញក្រៅ រាល់ពេលមានអ្វីមួយទៅរំញោចបំពង់កខាងក្រោយរបស់ពួកគេ។ រ៉េផ្លិចនេះ ក៏ត្រូវបានគេហៅថា “រ៉េផ្លិចអណ្ដាត’ ប៉ុន្តែវានឹងបាត់ទៅវិញបន្តិចម្ដងៗអាស្រ័យទៅតាមការលូតលាស់របស់អាអូន។ បញ្ហានេះជារឿងទូទៅមួយ ម៉ាក់ប៉ាមិនបាច់បារម្ភពេលឃើញកូនខ្ជាក់អាហារចេញមកក្រៅទៀតទេ។ ការខ្ជាក់ចំណីចេញមកក្រៅវិញ ក៏មិនមែនដោយសារកូនអត់ចូលចិត្តអាហារដែលយើងបញ្ចុកដែរ តែដោយសារអាអូនកំពុងរៀនញ៉ាំអាហារថ្មីៗដែលកូនមិនធ្លាប់ញ៉ាំពីមុនមក។
ហេតុនេះហើយ ម៉ាក់ប៉ាគួរព្យាយាមបញ្ចុកចំណីអាហារឲ្យអាអូនញ៉ាំបន្តទៀត ប៉ុន្តែបើយើងសង្កេតឃើញថា កូននៅតែពិបាកលេបអាហារចូលទៅ អាចមានន័យថា អាអូនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការញ៉ាំអាហារថ្មីនៅឡើយទេ។ យកល្អ ម៉ាក់ប៉ាគួរបំបៅដោះ ឬទឹកដោះគោធម្មតារយៈពេល ១-២សប្ដាហ៍មើលសិន ហើយសឹមសាកល្បងបញ្ចុកចំណីកូនម្ដងទៀត។
យើងគួរធ្វើម៉េចបើកូនខ្ជាក់ចំណីអាហារចេញមកក្រៅ?
ទារក ជាទូទៅចេះញ៉ាំអាហារដូចយើងមនុស្សធំពេលអាអូនអាយុ ៨-១០ខែ ហើយពេលអាអូនអាយុ ១០-១៤ខែ កូនចេះញ៉ាំអាហារធម្មតាយ៉ាងរលូន លែងមានបញ្ហាខ្ជាក់ចេញមកវិញទៀតហើយ។ ប៉ុន្តែ ដើម្បីជួយដល់កូនឲ្យស៊ាំនឹងអាហារដែលម៉ាក់ប៉ាបញ្ចុក យើងអាចអនុវត្តតិចនិកដូចខាងក្រោមនេះ៖
១. ដុសអញ្ចាញកូន៖ ចាប់ផ្ដើមប្រើច្រាស់ដុសធ្មេញទន់ៗ ដុសអញ្ចាញកូន២ដង/ថ្ងៃ ដោយសារការដុសអញ្ចាញកូនធ្វើឲ្យអណ្ដាតអាអូនកម្រើកចុះឡើង ជួយដល់ឲ្យអាអូនស៊ាំនឹងមានអាហារក្នុងមាត់។
២. ប្រើប្រដាប់លេងសម្រាប់ក្មេងជិតដុះធ្មេញ៖ ផ្ដល់ប្រដាប់លេងសម្រាប់ក្មេងជិតដុះធ្មេញ ឬ Teether ឲ្យអាអូនរៀនខាំ ឬញេញនឹងធ្មេញកូន ព្រោះវាជួយពង្រឹងអណ្ដាត ថ្គាម ថ្ពាល់ និងមាត់អាអូន។
ចំណាំ៖ ពេលដែលម៉ាក់ប៉ាចាប់ផ្ដើមបញ្ចុកចំណីរឹងឲ្យអាអូនញ៉ាំត្រូវតាមដានអាហារ និងពេលអាអូនញ៉ាំឲ្យបានដិតដល់ ចៀសវាងកូនស្លាក់ចំណី ផ្ដល់បញ្ហាធ្ងន់ធ្ងរដល់កូន។
[embed-health-tool-vaccination-tool]