ប្រសិនបើម៉ាក់ៗទើបសម្រាលកូនស្រី ហើយសង្កេតឃើញមានធ្លាក់ឈាមពណ៌ក្រហម ឬផ្កាឈូកនៅក្នុងខោទឹកនោម ម៉ាក់ៗច្បាស់ជាមានការបារម្ភមិនខាន។ ជាក់ស្ដែង ទារិកាដែលមានអាយុចន្លោះពី២ទៅ១០ថ្ងៃ អាចមានធ្លាក់ឈាមតិចៗចេញពីទ្វារមាស។
តើការធ្លាក់ឈាមតាមទ្វារមាសនៃទារិកាជារឿងធម្មតាឬយ៉ាងណា?
ពិតណាស់ ការធ្លាក់ឈាមតាមទ្វារមាសរបស់ទារិកាគឺជារឿងធម្មតាប៉ុណ្ណោះ។ ជាទូទៅ ការមករដូវរបស់ទារិកា អាចកើតឡើងនៅអំឡុងពេលពីរឬបីថ្ងៃដំបូង បន្ទាប់ពីសម្រាល។ កត្តានេះ គឺដោយសារតែទារកប៉ះពាល់នឹងអ័រម៉ូនជាច្រើន ពេលនៅក្នុងស្បូន ហើយការធ្លាក់ឈាមតាមទ្វារមាសនេះ គឺជាសញ្ញានៃការបញ្ចេញអ័រម៉ូនបន្តពូជពីរាងកាយរបស់ទារិកា បន្ទាប់ពីកូនចេញពីស្បូន។ ដោយសារតែអ័រម៉ូនបន្តពូជរបស់ម៉ាក់ៗត្រូវបានបញ្ជូនទៅរាងកាយរបស់ទារិកា រាងកាយរបស់កូនត្រូវកម្ចាត់វាចេញតាមរយៈរដូវបញ្ឆោត។
តើយើងគួរថែទាំកូនដោយវិធីណាខ្លះ?
ប៉ាម៉ាក់មិនចាំបាច់មានការភ្ញាក់ផ្អើលឡើយ ប្រសិនបើសង្កេតឃើញមានការធ្លាក់ឈាមចេញពីទ្វារមាសរបស់កូន។ ចូរធ្វើការសម្អាតបរិវេណប្រដាប់ភេទដោយញែកបបូរយោនីរួចជូតចង្អូរ ថ្នមៗ។ បន្ថែមពីនេះ ម៉ាក់ៗត្រូវប្រើប្រាស់ទឹកក្ដៅឧណ្ហៗ និងជូតពីខាងមុខទៅខាងក្រោម ដើម្បីជៀសវាងការឆ្លងមេរោគលើទ្វារមាស។
ប៉ាម៉ាក់គួរបារម្ភនៅពេលណា?
ទោះបីជាការហូរឈាមតាមទ្វារមាសនៃទារិកាគឺជារឿងធម្មតាក៏ពិតមែន មានករណីជាក់លាក់មួយចំនួនដែលយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដូចជាការធ្លាក់ឈាមមិនបាត់ក្រោយរយៈពេលពីរបីថ្ងៃ ឬប្រសិនបើយើងសង្កេតឃើញមានក្លិនមិនល្អចេញពីទ្វារមាស។
ជាទូទៅ ការធ្លាក់ឈាមតាមទ្វារមាសគឺជាដំណាក់កាលធម្មតា ដែលកើតលើទារិកាទើបនឹងកើតជាច្រើន ហើយវានឹងមិនកើតឡើងវិញឡើយ រហូតដល់ក្មេងធំពេញវ័យ និងមានរដូវដំបូងតាមធម្មជាតិ។
[embed-health-tool-vaccination-tool]