គន្លឹះជួយឲ្យកូនគេងលក់ពេលថ្ងៃ
១. បង្កើតទម្លាប់គេងថ្ងៃ
ការបង្កើតទម្លាប់គេងថ្ងៃ អាចជួយឲ្យអាអូនគេងឆាប់លក់។ ប៉ាម៉ាក់អាចបញ្ចូលការលេង ញ៉ាំអាហារ ប្ដូរខោទឹកនោម និងម៉ោងគេងថ្ងៃជាមួយគ្នា ដើម្បីឲ្យដឹងច្បាស់ពីម៉ោងដែលត្រូវគេង ដែលចាប់ផ្ដើមបន្ទាប់ពីសកម្មភាពណាមួយ ដូចជាញ៉ាំអាហារ ឬប្ដូរខោទឹកនោមជាដើម។

២. ដាក់ឲ្យកូនគេងលើគ្រែទារក
គ្រែទារកជាកន្លែងមានសុវត្ថិភាពសម្រាប់កូន និងអាចជួយឲ្យប៉ាម៉ាក់អាចសម្រាកនៅពេលតែមួយ។ ជៀសវាងទម្លាប់ឲ្យកូនគេងនៅក្នុងរទេះរុញ ឬក្នុងដៃ ពីព្រោះអាអូនអាចទម្លាប់ និងមិនព្រមគេងនៅលើគ្រែនៅពេលក្រោយ។
៣. មើលសញ្ញាកូនងងុយគេង
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គប្បីសង្កេតមើលសញ្ញាមួយចំនួនដែលបញ្ជាក់ថាកូនងងុយគេង ដូចជាញីភ្នែក ស្ងាប និងរញ៉ាំរញ៉ូវ។ ផ្ទុយទៅវិញ បើយើងមិនអើពើនឹងសញ្ញាទាំងនេះ កូនអាចនឹងកាន់តែហត់នឿយខ្លាំង និងកាន់តែពិបាកដាក់ឲ្យគេងថ្ងៃ។