ស្បែកទារកទើបកើតងាយនឹងប្រតិកម្ម ចាំបាច់ត្រូវការពារពីផលប៉ះពាល់ពីកម្ដៅព្រះអាទិត្យ ប៉ុន្តែពន្លឺថ្ងៃតិចៗ ពិសេសពេលព្រឹក ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់កូន ប្រសិនបើម៉ាក់ៗឧស្សាហ៍ដាក់ទារកទើបកើតហាលពន្លឺថ្ងៃ។ ការដាក់ទារកទើបកើតហាលពន្លឺថ្ងៃ ភាគច្រើនធ្វើចំពោះក្មេងកើតជំងឺខាន់លឿង ប៉ុន្តែទោះអាអូនកើត ឬមិនកើតក្ដី យើងសុទ្ធតែអាចដាក់កូនហាលថ្ងៃព្រោះល្អចំពោះកូន។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ
១. បង្កើនវីតាមីន D
ការដាក់កូនហាលថ្ងៃពេលព្រឹក ជាគុណប្រយោជន៍ធំបំផុតមួយ បើម៉ាក់ប៉ាដាក់ទារកទើបកើតហាលពន្លឺថ្ងៃពេលព្រឹក។ រាងកាយយើងត្រូវការវីតាមីន D ហើយដើម្បីទទួលបានវីតាមីន D រាងកាយត្រូវនៅក្រោមកាំរស្មី UV របស់ព្រះអាទិត្យពេលព្រឹកយ៉ាងតិច ១៥នាទីជារៀងរាល់ថ្ងៃ អាស្រ័យទៅតាមពណ៌ស្បែករបស់ទារក។ ប៉ុន្តែយើងមិនត្រូវដាក់ទារកទើបកើតហាលពន្លឺថ្ងៃលើស ៣០នាទីក្នុងមួយថ្ងៃឡើយ។ វីតាមីន D ក៏ជួយក្នុងការបឺតស្រូបជាតិកាល់ស្យូម ដើម្បីជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ ប្រព័ន្ធភាពស៊ាំរឹងមាំជាដើម។
២. កាត់បន្ថយជំងឺខាន់លឿង
ពន្លឺព្រះអាទិត្យជួយបំបែកប៊ីលីរ៉ូប៊ីន (Bilirubin) ជាសមាសធាតុពណ៌លឿងដែលកើតឡើងតាមផលិតកម្ម Catabolic ធម្មជាតិ ដូច្នេះថ្លើមទារកអាចដំណើរការបានកាន់តែងាយស្រួល។ ការលូតលាស់ប៊ីលីរ៉ូប៊ីនដែលមិនបានត្រួតពិនិត្យអាចបណ្ដាលឲ្យស្បែកទារកទើបកើតឡើងលឿងបាន ហើយការដាក់ទារកទើបកើតហាលពន្លឺថ្ងៃអាចជួយកាត់បន្ថយអាអូនមិនឲ្យកើតជំងឺខាន់លឿង។
៣. បង្កើនកម្រិតអាំងស៊ុយលីន
ការទទួលពន្លឺថ្ងៃតាំងពីវ័យក្មេងអាចជួយការពារស្ថានភាពដូចជាជំងឺទឹកនោមផ្អែមក្នុងកម្រិតជាក់លាក់មួយ។ ទោះបីជាពន្លឺព្រះអាទិត្យមិនមែនជាអ្នកសម្របសម្រួលតែមួយគត់នៃកម្រិតអ៊ាំងស៊ុយលីនដ៏ល្អក៏ដោយ ការដាក់ទារកទើបកើតហាលពន្លៃថ្ងៃពិតជាមានប្រយោជន៍ ព្រោះថាវីតាមីន D នៅក្នុងខ្លួនជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីន។
៤. បញ្ចេញអ័រម៉ូន Serotonin
ពន្លឺព្រះអាទិត្យជួយបង្កើនការផលិតអ័រម៉ូន Serotonin ឬអាចហៅបានថា អ័រម៉ូនរីករាយ បង្កើនអារម្មណ៍នៃសប្បាយរីករាយ និងសុវត្ថិភាព ហើយអ័រម៉ូននេះក៏ជួយគ្រប់គ្រងការគេង និងការរំលាយអាហាររបស់ទារកផងដែរ។
៥. បង្កើនថាមពល
ការដាក់ទារកទើបកើតត្រូវពន្លឺថ្ងៃ ជួយដល់ការផលិត Melatonin ដែលរួមចំណែកដល់ការគេងរបស់ទារក ហើយមានប្រយោជន៍បំផុតសម្រាប់ក្មេងៗក្នុងវ័យលូតលាស់ដំបូង។ ពន្លឺព្រះអាទិត្យនឹងធ្វើឲ្យថយចុះកម្រិត Melatonin និងបង្កើន Serotonin ជួយឲ្យក្មេងគេងលក់ស្ងប់ មានភាពរីករាយ និងជួយឲ្យរាងកាយកូនមានថាមពលបានពេញមួយថ្ងៃ។
[embed-health-tool-vaccination-tool]