backup og meta

ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 27, 2022

    ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់

    ស្បែក​ទារក​ទើប​កើត​ងាយ​នឹង​ប្រតិកម្ម ចាំ​បាច់​ត្រូវ​ការពារ​ពី​ផល​ប៉ះពាល់​ពី​កម្ដៅ​ព្រះ​អាទិត្យ ប៉ុន្តែ​ពន្លឺ​ថ្ងៃ​តិចៗ ពិសេស​ពេល​ព្រឹក ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​កូន ប្រសិន​បើ​ម៉ាក់ៗ​ឧស្សាហ៍​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ។ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ ភាគ​ច្រើន​ធ្វើ​ចំពោះ​ក្មេង​កើត​ជំងឺ​ខាន់​លឿង ប៉ុន្តែ​ទោះ​អា​អូន​កើត ឬ​មិន​កើត​ក្ដី យើង​សុទ្ធ​តែ​អាច​ដាក់​កូន​ហាល​ថ្ងៃ​ព្រោះ​​ល្អ​ចំពោះ​កូន។ នេះ​បើ​តាមការ​​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    ១. បង្កើន​វីតាមីន D

    ការ​ដាក់​កូន​ហាល​ថ្ងៃ​ពេល​ព្រឹក ​ជា​គុណ​ប្រយោជន៍​ធំ​បំផុត​មួយ បើ​ម៉ាក់​ប៉ា​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​ពេល​ព្រឹក។ រាងកាយ​យើង​ត្រូវ​ការ​វីតាមីន D ហើយ​ដើម្បី​ទទួល​បាន​វីតាមីន D រាងកាយ​ត្រូវ​នៅ​ក្រោម​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ពេល​ព្រឹក​យ៉ាង​តិច ១៥​នាទី​ជា​រៀង​រាល់​ថ្ងៃ អាស្រ័យ​ទៅ​តាម​ពណ៌​ស្បែក​របស់​ទារក។ ប៉ុន្តែ​យើង​មិន​ត្រូវ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​លើស ៣០នាទីក្នុង​មួយ​ថ្ងៃ​ឡើយ។ វីតាមីន D ក៏​ជួយ​ក្នុង​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ជាដើម។

    ២. កាត់​បន្ថយ​ជំងឺ​ខាន់​លឿង

    ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បំបែក​ប៊ីលីរ៉ូប៊ីន (Bilirubin) ជា​សមាសធាតុ​ពណ៌​លឿង​ដែល​កើត​ឡើង​តាម​ផលិត​កម្ម Catabolic ធម្មជាតិ ដូច្នេះ​ថ្លើម​ទារក​អាច​ដំណើរ​ការ​បាន​កាន់​តែ​ងាយ​ស្រួល។ ការ​លូត​លាស់​ប៊ីលីរ៉ូប៊ីន​ដែល​មិន​បាន​ត្រួត​ពិនិត្យ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​ឡើង​លឿង​បាន ហើយ​ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អា​អូន​មិន​ឲ្យ​កើត​ជំងឺ​ខាន់​លឿង។ ​

    ៣. បង្កើន​កម្រិត​អាំង​ស៊ុយ​លីន

    ការ​ទទួល​ពន្លឺ​ថ្ងៃ​តាំង​ពី​វ័យ​ក្មេង​អាច​ជួយ​ការពារ​ស្ថានភាព​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ជាក់លាក់​មួយ។ ទោះ​បី​ជា​​ពន្លឺ​ព្រះ​អាទិត្យ​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​តែ​មួយ​គត់​នៃ​កម្រិត​អ៊ាំងស៊ុយលីន​ដ៏​ល្អ​ក៏​ដោយ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លៃ​ថ្ងៃ​ពិត​ជា​មាន​ប្រយោជន៍ ព្រោះ​ថា​វីតាមីន D នៅ​ក្នុង​ខ្លួន​ជួយ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន។

    ៤. បញ្ចេញ​អ័រម៉ូន Serotonin

    ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន Serotonin ឬ​អាច​ហៅ​បាន​ថា អ័រម៉ូន​រីករាយ បង្កើន​អារម្មណ៍​នៃ​សប្បាយ​រីករាយ និង​សុវត្ថិភាព ហើយ​អ័រម៉ូន​នេះ​ក៏​ជួយ​គ្រប់​គ្រង​ការ​គេង និង​ការ​រំលាយ​អាហារ​របស់​ទារក​ផង​ដែរ។

    ៥. បង្កើន​ថាមពល

    ការ​ដាក់​ទារក​ទើប​កើត​ត្រូវ​ពន្លឺ​ថ្ងៃ ជួយ​ដល់​ការ​ផលិត Melatonin ដែល​រួម​ចំណែក​ដល់​ការ​គេង​របស់​ទារក ហើយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ក្មេង​ៗ​ក្នុង​វ័យ​លូតលាស់​ដំបូង។ ពន្លឺ​ព្រះ​អាទិត្យ​នឹង​ធ្វើ​ឲ្យ​ថយ​ចុះ​កម្រិត Melatonin និង​បង្កើន Serotonin ជួយ​ឲ្យ​​ក្មេង​គេង​លក់​ស្ងប់ មាន​ភាព​រីករាយ និង​ជួយ​ឲ្យ​រាងកាយ​កូន​មាន​ថាមពល​បាន​ពេញ​មួយ​ថ្ងៃ។

    ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម