ទឹកដោះម្ដាយជាអាហារចាំបាច់បំផុតសម្រាប់ទារក និយាយឲ្យស្រួលទៅប្រៀបបានដូចជាថ្នាំទិព្វអ៊ីចឹងដែរ។ អ្នកជំនាញជាច្រើនអះអាងថា ទឹកដោះម្ដាយផ្ទុកវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់ក្នុងការជំរុញឲ្យទារកលូតលាស់បានល្អ ប៉ុន្តែទឹកដោះម្ដាយក៏នៅមានចំណុចខ្វះខាតផ្នែកសារធាតុចិញ្ចឹមខ្លះៗ មិនអាចផ្ដល់ឲ្យកូនគ្រប់គ្រាន់ដែរ។
តាមពិតទៅ សារធាតុចិញ្ចឹម និងកាឡូរីនៅក្នុងទឹកដោះម្ដាយអាចប្រែប្រួលទៅតាមចំនួនថ្ងៃម៉ាក់ៗបំបៅដោះកូន ម៉ាក់ៗបំបៅកូនញឹកញាប់ប៉ុនណា និងរបបអាហារប្រចាំថ្ងៃរបស់ម៉ាក់ៗជាដើម។ អត្ថប្រយោជន៍ទឹកម្ដាយចំពោះទារក និងម៉ាក់ៗមានច្រើនដូចជា អាអូនលូតលាស់បានល្អ មិនងាយឈឺ និងម៉ាក់ៗស្រកទម្ងន់បានលឿន និងកាត់បន្ថយកើតជំងឺមហារីកជាដើម។ ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការសម្រាប់ការលូតលាស់ និងការអភិវឌ្ឍត្រឹមត្រូវដូចជា៖
- ជាតិទឹក
- ប្រូតេអ៊ីន
- ថាមពល
- ជាតិខ្លាញ់
- កាបូអ៊ីដ្រាត
- វីតាមីន (វីតាមីន A, វីតាមីនC, វីតាមីនD)
- ជាតិរ៉ែ (ជាតិដែក សូដ្យូម កាល់ស្យូម)។ល។
ខណៈដែលទឹកដោះម្ដាយមានជីវជាតិខ្ពស់ជួយដល់ការលូតលាស់ និងពង្រឹងប្រព័ន្ធភាពស៊ាំកូនបានល្អ ប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថា នៅក្នុងទឹកដោះម្ដាយនៅខ្វះសារធាតុចិញ្ចឹមមួយចំនួនទៀតដូចជា៖
- វីតាមីន B
- វីតាមីនK
- ជាតិ អ៊ីយ៉ូត
- ជាតិស័ង្កសី។
កង្វះសារធាតុចិញ្ចឹមក្នុងទឹកដោះម្ដាយ អាចប៉ះពាល់ទៅដល់ការលូតលាស់របស់កូនក៏ពិតមែន ប៉ុន្តែម៉ាក់ៗអាចព្យាយាមបង្គ្រប់រាល់វីតាមីន និងជាតិរ៉ែដោយការមានរបបអាហារត្រឹមត្រូវ សម្បូរជីវជាតិគ្រប់គ្រាន់ទ្រទ្រង់ដល់រាងកាយខ្លួន និងផលិតទឹកដោះសម្រាប់កូន។ មួយវិញទៀត ស្ត្រីពពោះក៏ត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ ព្រោះកង្វះសារធាតុណាមួយអំឡុងពេលពពោះ ក៏អាចបន្តខ្វះសារធាតុនោះដល់ពេលបំបៅដោះកូនដូចគ្នា។
[embed-health-tool-vaccination-tool]