ជំងឺសើស្បែកមួយប្រភេទនេះកើតលើទារក បណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?
ជំងឺសើស្បែក Impetigo គឺជាការបង្ករោគលើស្បែកទូទៅ ដែលបណ្តាលឲ្យមានដំបៅ និងពងបែក។ ភាគច្រើន ជំងឺមួយនេះកើតលើកុមារ និងទារក ដោយអាចឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀត ព្រមទាំងមានគ្រោះថ្នាក់ខ្លាំងចំពោះទារកទើបកើត។ ក្នុងករណីដែលក្មេងកើតជំងឺសើស្បែកមួយនេះ ប៉ាម៉ាក់គួរតែឲ្យកូនសម្រាកព្យាបាលនៅផ្ទះ រហូតដល់រោគសញ្ញាបានជាសះស្បើយទាំងស្រុង។

រោគសញ្ញានៃជំងឺសើស្បែកលើកុមារ និងទារក
ជំងឺសើស្បែក Impetigo អាចបណ្តាលឲ្យមានដំបៅនៅលើស្បែក និងពងបែកដែលលូតលាស់យ៉ាងឆាប់រហ័ស។ ជួនកាល ដំបៅទាំងនោះមានសភាពរឹង ឬទន់ និងរមាស់។ ជាទូទៅ ដំបៅលេចឡើងនៅរយៈពេល១ថ្ងៃ ទៅ៣ថ្ងៃ បន្ទាប់ពីឆ្លងមេរោគ និងអាចឆ្លងបាននៅពេលដែលមានសារធាតុរាវហូរចេញពីដំបៅទាំងនោះ។ យ៉ាងណាមិញ ការចម្លងរោគនឹងត្រូវបានបញ្ឈប់ នៅពេលដែលដំបៅមានក្រមរ ឬបន្ទាប់ពីការព្យាបាលដោយប្រើថ្នាំផ្សះរយៈពេល២៤ម៉ោង។
រោគសញ្ញាផ្សេងទៀត រួមមាន គ្រុនក្តៅ ហើមកូនកណ្តុរ ឬមានអារម្មណ៍មិនស្រួលខ្លួន។
មូលហេតុដែលនាំឲ្យកើតជំងឺសើស្បែកImpetigo
ជំងឺមួយនេះ កើតឡើងបណ្តាលមកពីបាក់តេរី Staphylococcus ឬ Streptococcus ដែលជ្រាបចូលទៅក្នុងស្បែក នៅពេលអេះ ឬការរបើកក្រមរ ឬសត្វទិច។
ជាធម្មតា ជំងឺសើស្បែកImpetigoច្រើនតែកើតលើកុមារតូចៗ ពីព្រោះការឆ្លងមេរោគអាចរាលដាលនៅក្នុងបរិយាកាសដូចជាសាលារៀន ឬមណ្ឌលថែទាំកុមារ។

យើងអាចបញ្ចៀសជំងឺសើស្បែកImpetigoដោយរបៀបណា?
ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺសើស្បែកImpetigo ប៉ាម៉ាក់គួរណែនាំឲ្យកូនអនុវត្តន៍វិធីសាស្ត្រខាងក្រោម៖
- ជៀសវាងប៉ះពាល់ដំបៅ
- លាងសម្អាតដៃជាទៀងទាត់ ជាពិសេសក្រោយពេលលាបក្រែមទៅលើដំបៅ
- ជៀសវាងប្រើកន្សែង ឬកំណាត់ជូតមុខរួមគ្នា។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?
ការព្យាបាលជំងឺសើស្បែកImpetigo
- លាងសម្អាតដំបៅជាមួយនឹងទឹកអំបិល (លាយអំបិលមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅ និងទុកឲ្យត្រជាក់) ចំនួន២ ទៅ៣ដងក្នុងមួយថ្ងៃ រួចជូតឲ្យស្ងួត សឹមលាបក្រែមថ្នាំអង់ទីប៉្យូទិច តាមការណែនាំ។
- គ្របដំបៅជាមួយនឹងបន្ទះបិទដំបៅដែលមិនជ្រាបទឹក និងមិនមានរន្ធ។
- ជៀសវាងអេះបរិវេណដែលប៉ះពាល់ បើទោះបីជាមានអាការៈក្រហាយ និងរមាស់។