backup og meta

ប៉ាម៉ាក់ដឹងទេ? កូន​ស្រីស្និទ្ធនឹងប៉ាពេលធំឡើង​អាចបានចំណុចល្អទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 29, 2022

    ប៉ាម៉ាក់ដឹងទេ? កូន​ស្រីស្និទ្ធនឹងប៉ាពេលធំឡើង​អាចបានចំណុចល្អទាំងនេះ

    ប៉ា​មាន​តួនាទី​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កូន​តាំង​ពី​កើត​រហូត​ដល់​ពេល​ពេញ​វ័យ ជាពិសេស​កូន​ស្រី។ យោង​តាម​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Oxford កូន​ស្រី​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប៉ា​គឺ​មា​បញ្ហា​ផ្លូវចិត្ត​តិច​នៅ​ពេល​ពេញ​វ័យ ហើយ​ក៏​ជួយ​ឲ្យ​កូន​ស្រី​ធំឡើង​ក្លាយ​ជា​មនុស្ស​ឯករាជ្យ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ឥទ្ធិពល​របស់​ប៉ា​មក​លើ​កូន​ស្រី​នៅ​ពេល​ពេញ​វ័យ។

    ១. មើល​ថែ​កូន​តាំង​ពី​ក្មេង

    បច្ចុប្បន្ន​ប៉ា​មាន​ឱកាសច្រើនក្នុងការ​​មើល​ថែ​កូនស្រី​តាំង​ពី​ថ្ងៃ​ដំបូង​ដោយ​ប៉ា​អាច​ជួយ​រៀបចំទឹកដោះគោឲ្យ​កូន​បៅ​ ផ្លាស់​ខោ​ទឹកនោម ងូតទឹក ដាក់​កូន​ឲ្យ​គេង និង​លួង​កូន​ពេល​យំ។ ការ​ធ្វើ​បែប​នេះ​បង្កើត​ចំណង​រវាង​ប៉ា និង​កូន​ស្រី​ដែល​នេះ​អាច​ជួយ​ដល់​ទំនាក់ទំនង​នៅ​ថ្ងៃ​ខាង​មុខ។

    អត្ថបទពាក់ព័ន្ធ៖

    ២. ជួយ​ដល់​ផ្លូវ​អារម្មណ៍​

    នៅ​ពេល​ដែល​កូន​ស្រី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប៉ា ពួកគេ​តែង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​មាន​ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​បាក់ទឹកចិត្ត ហើយ​ក៏​អាច​ដោះស្រាយ​បញ្ហា​ស្ត្រេស​បាន​ល្អ​ដែរ។ ប្រសិនជា​ប៉ា​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​ស្រី​ និង​ធ្វើ​ឲ្យ​កូន​អាច​និយាយ​ប្រាប់​ពី​អារម្មណ៍​របស់​ពួកគេ នោះ​ប៉ា​បាន​ជួយ​កូន​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​ថ្ងៃ​អនាគត។

    ៣. បង្កើន​ទំនុក​ចិត្ត​ដល់​កូន

    ការ​ចូលរួម​របស់​ប៉ា​ក្នុង​ជីវិត​កូន​ស្រី​ និង​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​កូន​គឺ​មាន​ភាព​សំខាន់​ព្រោះ​អាច​ជួយ​ឲ្យ​កូន​បង្កើន​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង​មាន​គំនិត​វិជ្ជមាន​លើ​ខ្លួន​ឯង។ ដើម្បី​ជួយ​ដល់​កូន​ស្រី ប៉ា​គួរ​លើក​ទឹកចិត្ត​កូន​ដោយ​ពាក្យ​សម្ដី នៅ​ក្បែរ​ពួកគេ គោរព​អារម្មណ៍​ពួកគេ និង​ផ្តល់​ចំណាប់​អារម្មណ៍​ទៅ​លើ​ចំណូល​ចិត្ត​របស់​ពួកគេ។ ទាំង​នេះ​អាច​ជួយ​ឲ្យ​កូន​ស្រី​កម្ចាត់​គំនិត​អវិជ្ជមាន និង​បង្កើន​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេបាន។

    បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន

    ៤. ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​កូន​ស្រី

    ប៉ា​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បង្ហាញ​កូនស្រី​ថា​អ្វី​ជា​ការ​គោរព និង​អ្វី​ជា​ការ​ស្រលាញ់។ ប៉ា​ក៏​បុគ្គល​សំខាន់​បង្ហាញ​ឲ្យ​កូន​ដឹង​ថា​តើ​បុរស​អាច​គោរព​ស្ត្រី​យ៉ាង​ម៉េច​ខ្លះ ជាពិសេសប៉ា​បាន​ផ្ដល់​តម្លៃ​ឲ្យ​​ម៉ាក់​របស់​ពួកគេបែប​ណា​។ កូនស្រី​នឹង​​ឃើញ​ និង​ចាំ​ទង្វើ​ទាំង​អស់​របស់​ប៉ា​មិន​ថា​ការ​ប្រាស្រ័យ​ទាក់ទង ឬ​ការ​គោរព​ទៅ​លើ​ស្ត្រី​។ សម្រាប់​ក្មេង​ស្រី ទំនាក់​ទំនង​ជាមួយ​ប៉ា​ពេល​ក្មេង​បង្កើត​ការ​យល់​ឃើញ​ថា​ពួកគេ​អាច​រំពឹង​អ្វី​ខ្លះ​ពី​ដៃគូ​របស់​ពួកគេនៅ​ថ្ងៃអនាគត។ ការ​សិក្សា​បាន​បង្ហាញ​ថា​ស្ត្រី​តែង​មាន​ទំនាក់ទំនង​ស្នេហាល្អ​​ជា​មួយ​បុរស​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ប៉ា​របស់​ពួកគេ។

    ៥. ជួយ​ដល់​ភាព​ជោគជ័យ​

    ប៉ា​មាន​តួនាទី​សំខាន់​នៅ​ពេល​និយាយ​ដល់​សុខភាព​ផ្លូវកាយ និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​កូនស្រី។ កូនស្រី​មើល​ប៉ា​ជា​និមិត្តរូប​នៃ​ស្ថិរភាព​ហិរញ្ញវត្ថុ សុខភាព​ផ្លូវ​កាយ និងសុខភាព​​ផ្លូវ​ចិត្ត។ ប្រសិនជា​ប៉ា​មាន​វត្តមាន​ច្រើន​ក្នុង​អំឡុង​ពេល​កូន​នៅ​ក្មេង​ កូនស្រី​នឹង​មាន​ភាគរយ​ខ្ពស់​ដែល​មាន​សុខភាព​ផ្លូវ​កាយ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ដែល​អាច​ជួយ​ជំរុញ​ពួកគេ​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ជីវិត។

    ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Oxford បាន​សន្និ​ដ្ឋាន​ថា​​តួនាទី​ប៉ា​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​​ទៅ​លើ​កូនស្រី ប៉ុន្តែ​នេះ​មិន​មែន​មានន័យថា​តួនាទី​របស់​ម៉ាក់​​មាន​សារៈសំខាន់​តិច​ជាង​នោះ​​ដែរ។ ម៉ាក់​គឺជា​ឧទាហរណ៍​ដល់​កូនស្រី​ថា​គួរ​មាន​អាកប្បកិរិយា​បែប​ណា​ក្នុង​ទំនាក់ទំនង​ពេល​ពួក​គេ​ពេញ​វ័យ និង​គួរ​ចិញ្ចឹម​មើល​ថែ​កូន​របស់​ពួក​គេ​យ៉ាង​ម៉េច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម