អាការៈពស់ចឹកអាចស្រាល ឬធ្ងន់ទៅតាមប្រភេទពស់ដែលចឹក។ បើកូនត្រូវពស់អត់ពិសចឹក អាអូនអត់មានគ្រោះថ្នាក់អ្វីទេ តែបើអាអូនត្រូវពស់ពិសចឹក ពិសពស់អាចធ្វើឱ្យអាអូនពិការ ឬគ្រោះថ្នាក់ដល់ជីវិត បើជួយសង្រ្គោះមិនទាន់ពេល។ តើពស់ពិសដែលសម្បូរនៅស្រុកខ្មែរមានប៉ុន្មានប្រភេទ? ពស់ពិសចឹកអាចបង្កឱ្យមានអាការៈអ្វីខ្លះ? ពេលកូនត្រូវពស់ចឹក ឪពុកម្តាយគួរជួយសង្រ្គោះបឋមបែបម៉េច ហើយគួរចៀសវាងអ្វីខ្លះ?
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី៤ បានឱ្យដឹងថា ពស់ពិសដែលយើងជួបប្រទះញឹកញាប់នៅក្នុងស្រុកខ្មែរមាន ១០ ប្រភេទហើយចែកចេញជា ២ ក្រុមដូចជា៖
ពស់ពិសក្រុមទី ១៖ ជាពពួកពស់ដែលចឹកទៅធ្វើឱ្យមានបញ្ហាឈាមមិនកក ហើយមាន ៣ ប្រភេទដូចជា ពស់ពព្លាក់ ពស់ស្រកាចាស់ និងពស់បៃតង (ពស់ស្លឹកឈើ ឬពស់ធាងត្រាវ)។
ពស់ពិសក្រុមទី ២៖ ជាពពួកពស់ដែលចឹកទៅហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងមាន ៧ ប្រភេទដូចជា ពស់វែក (វែកដំបូក វែកក្របី និងវែករនាម) ពស់ក្រាយបង្កង់សខ្មៅ ក្រាយបង្កង់លឿងខ្មៅ ក្រាយក្បាលក្រហមកន្ទុយក្រហម និងពស់សមុទ្រ។
[embed-health-tool-ovulation]
១. អាការៈពេលកូនត្រូវពស់ពិសចឹក
ពស់មានពិសចឹកអាចបង្កឱ្យកុមារមានអាការៈ ឬរោគសញ្ញាដូចជា៖
- នៅត្រង់កន្លែងស្នាមចឹកឈឺចាប់ខ្លាំង ហើម ឬអាចរលួយស្បែក
ហូរឈាមត្រង់ស្នាមចឹករហូត (ករណីពស់ពិសដែលធ្វើឱ្យឈាមមិនកក)
- ធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់ញុំាអីទាំងអស់ រកក្អួត ទន់ដៃទន់ជើង កម្រើកដៃកម្រើកជើងមិនរួច ឬមិនដកដង្ហើមក្នុងរយៈពេល ១ ទៅ ២ ម៉ោង (ករណីពស់ពិសដែលធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទចឹក)
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ក្រោយពេលពស់ចឹកភ្លាម អាណាព្យាបាលគួរធ្វើបែបម៉េច?
ឪពុកម្តាយភាគច្រើនភ័យណាស់ពេលកូនត្រូវពស់ចឹក តែគួរដឹងពីរបៀបជួយសង្រ្គោះបឋមសិនចាំបីកូនមកកាន់មន្ទីរពេទ្យ៖
- ដំបូងត្រូវសម្អាតកន្លែងពស់ចឹកជាមួយទឹក និងសាប៊ូឱ្យបានស្អាតដើម្បីការពារមេរោគឆ្លងចូលតាមមុខរបួស បើកុមារដើរលេងក្នុងភក់ ឬកន្លែងពស់ចឹកមានប្រឡាក់ដីជាដើម
- ទុកអវយវៈកន្លែងពស់ចឹកនៅឱ្យនឹងមួយកន្លែង ដើម្បីកុំឱ្យពិសដែលពស់បញ្ចូលមករត់លឿនចូលមកបេះដូង ហើយបេះដូងចែកចាយឈាមដែលពោរពេញទៅដោយពិសពស់ទៅកាន់រាងកាយលឿនពេកដែលអាចធ្វើឱ្យកុមារគ្រោះថ្នាក់ ហើយធ្វើឱ្យឪពុកម្តាយគ្មានឱកាសយកកូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា
- រុំស្ទាក់ខាងលើស្នាមពស់ចឹកដោយបង់ទទឹងពីរធ្នាប់ដៃដោយប្រើកន្សែង ឬក្រមាក្នុងបំណងស្ទាក់កុំឱ្យពិសរត់ចូលក្នុងបេះដូង តែត្រូវរុំឱ្យល្មមមិនឱ្យតឹងពេកទេ ហើយចៀសវាងយកខ្សែមករឹតខ្លាំងដែលអាចធ្វើឱ្យខ្មៅចុងដៃ ឬចុងជើង
- អាចឱ្យអាអូនញុំាថ្នាំប៉ារ៉ាសេតាមុលដើម្បីបំបាត់ការឈឺចាប់
- ហាមយកឡាម ឬកាំបិតមកចៀរស្នាមពស់ចឹកដើម្បីឱ្យហូរឈាមពិសចេញ
- ហាមយកមាត់បឺតពិសពីស្នាមពស់ចឹក
បើកូនត្រូវពស់ចឹក ឪពុកម្តាយត្រូវនាំអាអូនមកកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ក្នុងការព្យាបាលពស់ចឹក និងមានថ្នាំបន្សាបពិសគ្រប់គ្រាន់ដើម្បីឱ្យគ្រូពេទ្យធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។
អត្ថបទគួរអាន៖
- ពេលទម្លាក់ព្រូនឱ្យកូន អ្នកផ្ទះផ្សេងទៀតគួរទម្លាក់ដែរឬទេ?
- ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?
- ក្រោយដើរលេងរួច មកដល់ផ្ទះវិញកូនឈឺត្រូវធ្វើម៉េច?
- ចេះតិចនិកនេះ ការពារកូនមិនឲ្យកើតចែងថ្ងៃលើស្បែក
- បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន
- កូនមានទម្លាប់បៀមម្រាមដៃគួរផ្តាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹង