ការផ្សព្វផ្សាយយ៉ាងទូលំទូលាយ គ្នាយើងភាគច្រើនស្ដាប់ឡើងស៊ាំទៅហើយថា “មូសខ្លា’ ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្រុនឈាម នៅតែជាជំងឺសាហាវ យាយីអាយុជីវិតកូនតូចយើងបានគ្រប់ពេលវេលា ជាពិសេសរដូវភ្លៀង ដែលជាឱកាសនិយមបំផុតសម្រាប់មូសខ្លាចម្លងរោគ។
ងាកមកស្វែងយល់ពីអាការៈសង្ស័យ រោគសញ្ញាសំខាន់ៗ របៀបដោះស្រាយ និងស្វែងរកការព្យាបាល ដោយមានប្រសិទ្ធភាពបំផុត ដើម្បីគេចឲ្យផុតពីការស្ដាយក្រោយដោយប្រការណាមួយចំពោះសុវត្ថិភាពកូនតូចរបស់យើង ជាមួយ “Hello គ្រូពេទ្យ’ ថ្ងៃនេះ។
ចំណុចពិសេសបន្លំភ្នែក៖ ករណីភាគច្រើននៃជំងឺនេះមិនធ្ងន់ធ្ងរទេ ហើយអាចអន់ថយទៅវិញដោយឯកឯង ខ្ទង់មួយសប្ដាហ៍ ប៉ុន្តែអាចស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
១- រោគសញ្ញា
ប៉ុន្មានឆ្នាំមុន ជំងឺគ្រុនឈាមត្រូវបានគេហៅថា “ជំងឺគ្រុនបាក់ឆ្អឹង (Breakbone fever)’។ ផ្ដល់ឈ្មោះបែបនេះដោយសារតែអ្នកជំងឺមានអារម្មណ៍ឈឺចាប់ដូចឆ្អឹង តែតាមពិតឆ្អឹងមិនមានបញ្ហាអ្វីឡើយ។
អាអូនតូច អាចមានរោគសញ្ញាដូចខាងក្រោម៖
– គ្រុនក្តៅខ្លាំង កម្ដៅអាចឡើងដល់ ៤០ អង្សាសេ
– អាចមានឈាមហូរពីច្រមុះ ឬ អញ្ចាញធ្មេញតិចៗ
– អាចឈឺក្បាលខ្លាំង
– អាចមានការឈឺចាប់ក្នុងប្រឡង់ភ្នែក សន្លាក់ សាច់ដុំ ឬ ឆ្អឹង
ជាទូទៅរោគសញ្ញារបស់ក្មេងតូចៗ និងអ្នកដែលទើបកើតជំងឺនេះដំបូងមានលក្ខណៈស្រាលជាងក្មេងធំៗ មនុស្សពេញវ័យ ឬអ្នកដែលធ្លាប់កើតពីមុន។
ប្រសិនបើសង្ស័យថាកូនកើតជំងឺគ្រុនឈាម ត្រូវយកមកពេទ្យជាបន្ទាន់។
២- ការវិវត្តរបស់ជំងឺ
ជំងឺគ្រុនឈាមយើងអាចបែងចែកជា២:
– កម្រិតស្រាល
– កម្រិតធ្ងន់ដោយមានហូរឈាមតាមសរីរាង្គផ្សេងៗ។
៣- រោគវិនិច្ឆ័យ
ជាធម្មតាគ្រូពេទ្យនឹងសាកសួរពីអាការៈ និងស្ថានភាពជំងឺរបស់កូនតូច។ បន្ទាប់មកវាយតម្លៃបឋម ដោយផ្អែកទៅលើអាការៈពីខាងក្រៅ ហើយឈានទៅដល់ការធ្វើតេស្ដឈាមដោយរកវីរុស គ្រុនឈាម ដើម្បីភាពប្រាកដប្រជា។ វេជ្ជបណ្ឌិតក៏អាចណែនាំឲ្យធ្វើតេស្តឈាមគ្រប់មុខដើម្បីដឹងពីកម្រិតជំងឺគ្រុនឈាមកូនអ្នក ថាតើវាស្ថិតក្នុងសភាពធ្ងន់ធ្ងរប៉ុណ្ណា? វីរុសគ្រុនឈាម អាចធ្វើឲ្យប៉ះពាល់ដល់ប្លាកែតឈាម។
៤- ការព្យាបាល
ជាធម្មតា គ្រុនឈាមនឹងអន់ថយខ្លួនឯង ហើយមិនមែនថ្នាំណាមួយអាចជួយព្យាបាលឲ្យបានជាសះស្បើយលឿនទេ។ បើសិនជាស្ថានភាពកូនយើងធ្ងន់ធ្ងរគេប្រហែលជាតម្រូវឲ្យសម្រាកនៅពេទ្យ ដើម្បីបន្តតាមដានសំពាធឈាម បរិមាណគ្រាប់ឈាម ហើយតេស្តឈាមក៏ត្រូវទៀងតាមម៉ោងកំណត់ដែរ។
ការព្យាបាលជំងឺគ្រុនឈាមកុមារ មានសារៈសំខាន់ណាស់ក្នុងការផ្ដល់ជាតិទឹកឲ្យគេបានគ្រប់គ្រាន់ និងសម្រាកឲ្យបានច្រើន។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលគួរអនុវត្ត៖
-ឲ្យកូនញ៉ាំអាហារបំប៉នដែលសំបូរជីវជាតិ និងប្រូតេអ៊ីនដូចជា ស៊ុត ត្រី ទឹកដោះគោ ក៏អាចជួយឲ្យការជាសះស្បើយកាន់តែលឿនដែរ។
-ឲ្យកូនញ៉ាំទឹកក្ដៅឧណ្ហៗឲ្យបានច្រើន ឬទឹកដែលមានជាតិអេឡិចត្រូលីត ឬក៏ ទឹកអូរ៉ាលីត ដើម្បីបំពេញកង្វះជាតិទឹក។
-ឲ្យកូនសម្រាកឲ្យបានច្រើន មិនត្រូវប្រើគេធ្វើការ ឬបណ្ដោយឲ្យរត់លេងផ្ដេសផ្ដាសឡើយ
-គ្រូពេទ្យអាចឲ្យអាអូនប្រើថ្នាំប៉ារ៉ាសេតាមុល ដើម្បីបន្ថយកម្ដៅក៏ប៉ុន្តែយកកំណាត់សើមដាក់លើថ្ងាស និងជូតខ្លួនឲ្យបានញឹកញាប់ក៏អាចជួយបន្ថយកម្ដៅបានដែរ។
ជាទូទៅ គ្រុនឈាមមានពេលប្រហែល ១០ ថ្ងៃប៉ុន្តែកូនយើងអាចក្ដៅខ្លួនរហូតលើសមួយខែ។ បើសិនជាអាអូនបាត់ក្តៅខ្លួន ១ ឬ ២ ថ្ងៃហើយ តែរោគសញ្ញានៅតែមិនថយចុះ ឬកាន់តែធ្ងន់ជាងមុន នោះបញ្ជាក់ថា កូនយើងអាចស្ថិតក្នុងជំងឺគ្រុនឈាមដំណាក់កាលធ្ងន់ធ្ងរ ឬយើងហៅថាដំណាក់កាលបែកគ្រាប់ឈាម (DHF)។ បើសិនដល់ដំណាក់កាលនេះ អាអូនកំពុងត្រូវការការសង្គ្រោះបន្ទាន់។
[embed-health-tool-vaccination-tool]