រោគសញ្ញាដំបូងរបស់មហារីកសុដន់ ច្រើនតែមានជាលិការឹងនៅតំបន់ណាមួយក្នុងសុដន់ ឬ ដុំពកនៅក្លៀក ឬក្នុងសុដន់។ ការដឹងពីរោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង បង្កើនឱកាសនៃការព្យាបាលមហារីកសុដន់ឲ្យជាសះស្បើយកាន់តែខ្ពស់។ បើតាមអង្គការសុខភាពពិភពលោក (WHO) ក្រៅសញ្ញាដំបូងៗ នៅមានសញ្ញាសម្គាល់ជាច្រើនទៀត ដែលបញ្ជាក់ថា កើតជំងឺមហារីកសុដន់។
១- ចុងសុដន់ប្រែប្រួល
សញ្ញាដំបូងនៃជំងឺមហារីកសុដន់នោះ ចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ ។
២- ធ្លាក់ឈាមតាមចុងសុដន់
ការហូរទឹករង៉ៃ លាយជាមួយឈាមតាមចុងសដន់ នេះជារោគសញ្ញាមួយដែលអ្នកមហារីកសុដន់គ្រប់ដំណាក់កាលទាំងអស់ដែល តែងជួបប្រទះ។ ទឹកដែលហូរចេញ អាចមានពណ៌ថ្លា ពណ៌លឿងដូចខ្ទុះ ឬពណ៌ក្រហមដូចឈាម។
៣- មានដុំក្នុងសុដន់
ស្រីៗមួយចំនួន ចាប់ផ្តើមមានអារម្មណ៍ថាមានដុំនៅទ្រូងមុនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ តែជួនកាល អាចមាននៅជំុវិញតំបន់ក្លៀក ឯគ្នាយើងខ្លះទៀតមានអារម្មណ៍ថា ហើមទាំងនៅជុំវិញសុដន់ និងក្លៀក។ បើរកឃើញដុំមិនប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដុំពកខ្លះ អាចមិនមែនជាមហារីក ប៉ុន្ដែស្រីៗគួរទៅពិនិត្យឲ្យបានច្បាស់។
៤- សុដន់ប្រែពណ៌
ស្បែកសុដន់ប្រែប្រួល មកពីមហារីកសុដន់ កើតឡើងដោយសារការរលាក ឬដោយសារសរសៃទឹករងៃស្ទះកោសិកាមហារីក នាំឲ្យមានការឡើងក្រហម ហើម និងខូងស្បែក។
៥- ចេញអុជនៅស្បែកសុដន់
ស្បែកសុដន់ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ឬស្បែកចុងសុដន់ ពេលខ្លះឡើងពណ៌ក្រហមដូចផ្លែក្រូច និងមានចេញស្នាមអុជតូចៗ។
៦- ឈឺចាប់សុដន់ ឬក្បាលដោះ
បើមានឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវទេ នោះគឺជាសញ្ញានៃជំងឺមហារីកសុដន់ហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បិធ្វើរោគវិនិច្ច័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]