backup og meta

អាហារមួយចំនួន បើអាចគួរចៀស មិនគួរញ៉ាំមុនម៉ោង១០ព្រឹក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 31, 2021

    អាហារមួយចំនួន បើអាចគួរចៀស មិនគួរញ៉ាំមុនម៉ោង១០ព្រឹក

    អាហារ​ពេល​ព្រឹក​ ជា​អាហារ​ចាំ​បាច់​ ដែល​យើង​ញ៉ាំ​​មុន​នឹង​ចេញ​ទៅ​បំពេញ​​​ការងារ​ផ្សេង​ៗ ប្រចាំ​​ថ្ងៃ។ តាម​​ការ​សិក្សា​មុន​ៗ បង្ហាញ​ថា អាហារ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ផ្តល់​ថាម​ពល​ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​​​ឱ្យ​អារម្មណ៍​​​បាន​ប្រសើរ។ ប៉ុន្តែ​ ការ​សិក្សា​​​​ថ្មី​ៗ​ក៏​បាន​បង្ហាញ​​ដែរ​​នូវ​គុណ​វិបត្តិ​​ថា អាហារ​​​មួយ​ចំនួន​ ដែល​ពេញ​និយម​នៅ​ពេល​ព្រឹក​ អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព និង​​ធ្វើ​ឱ្យ​ខូច​រាង(ធាត់)​​ ទៅ​វិញ ហើយ​អាហារ​ និង​ភេសជ្ជៈ​ទាំង​នោះ​ ក៏​មិន​គួរ​ដាក់​ក្នុង​របប​អាហារ​ពេល​ព្រឹក (នៅ​មុន​ម៉ោង​​១០​ព្រឹក) ​មាន​ដូច​ជា​៖

    ១. ប័រ​សម្រាប់​ញ៉ាំ​ជា​មួយ​​នំប៉័ង​

    ប័រ​លាប​នំប៉័ង​ញ៉ាំ​ មាន​ប្រយោជន៍​មួយ​ត្រង់​ថា ជួយ​បម្លែង​ធាតុ​វីតាមីន​ដល់​​រាង​កាយ តែ​ទន្ទឹម​នឹង​នោះ​គុណ​វិបត្តិ​គឺ ប័រសំបូរ​ដោយ​​ជាតិ​ខ្លាញ់​ឆ្អែត ដែល​នឹង​​ផ្ដល់ទុក្ខ​ទោស​ដល់​បេះ​ដូង​បាន ក៏​ដូច​ជា ធ្វើ​ឱ្យ​យើង​ឡើង​ទម្ងន់​(ធាត់​)ផង​ដែរ។ ដើម្បី​ចៀស​ពី​ហានិភ័យ​នេះ យើង​អាច​ជ្រើស​យក​ប្រភេទ​ប័រ​សណ្តែក​ដី មក​ជំនួស​វិញ​ ដែល​​វា​នឹង​ជួយ​​ជម្រុញ​ឱ្យ​អ័រម៉ូន​ Peptide YY បំបាត់​ចំណង់​ឃ្លាន​អាហារ​ខុស​ពេល​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    ២. ពពួក​ម្សៅ​​គ្រាប់​ធញ្ញជាតិ​ប្រអប់

    ប្រភេទ​​​​ម្សៅ​គ្រាប់​ធញ្ញជាតិ​​ទាំង​គ្រាប់​តូច​ៗ និង​ធំ ដាក់​លាយ​ទឹក​ដោះ​គោ សម្រាប់​ញ៉ាំ​ពេល​ព្រឹក​ជា​ទំនោរ​ថ្មី​​របស់​យុវវ័យ​ តែ​​​ធញ្ញជាតិ​ជាតិ​ម្សៅ​ទាំង​នោះ ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ស្ករ​ច្រើន ដែល​​បង្ក​ជា​ភាព​ធាត់​នៅ​​ក្នុង​រាង​កាយ ពិសេស​ត្រង់​ក្បាល​ពោះ។ ជា​វិធី​ដោះ​ស្រាយ គឺ​ការ​ចេះ​ជ្រើស​យក​ប្រភេទ​​ធញ្ញជាតិ​​​​ដែល​​ផ្តល់​ប្រយោជន៍​ដល់​រាង​កាយ​ផង និង​សុខភាព​ល្អ​ផង​គឺ ប្រភេទ​ផលិត​ផល​ធញ្ញជាតិ​មាន​ជាតិ​សរសៃ (Fiber) និង​គ្មាន​សារធាតុ​ស្ករ​។

    ៣. ទឹក​ដោះ​គោ​ជូរ​ គ្មាន​ជាតិ​ខ្លាញ់

    ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ខ្លាញ់ ក៏​ជា​និន្នាការ​ថ្មី​សម្រាប់​យុវវ័យ​ញ៉ាំ​ ជា​អាហារ​ពេល​ព្រឹក។ ប៉ុន្តែ​ទឹក​ដោះ​គោ​ជូរ​​គ្មាន​ជាតិ​ខ្លាញ់​ទាំង​នោះ ច្រើន​មាន​សារធាតុ​ស្ករ​ច្រើន ដែល​គេ​ដាក់​ដើម្បី​បន្ថែម​រសជាតិ និង​សារធាតុ​ប្រូតេអ៊ីន។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ថា គឺ​ទឹក​ដោះ​គោ​ជូរ​ ប្រភេទ​មាន​ជាតិ​ខ្លាញ់​ធម្មតា​ទៅ​វិញ​ទេ ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់ ដោយ​សារ​មាន​ជាតិ​ប្រូតេអ៊ីន​សម​ស្រប និង​ជួយ​ឱ្យ​យើង​មិន​ឃ្លាន​អាហារ​ខុស​ពេល។

    ៤. ទឹក​ផ្លែ​ឈើ​​ហូប​ស្រាប់

    ទឹក​ផ្លែ​ឈើ​ហូប​​ស្រាប់ សម្តៅ​លើ​ប្រភេទ​​ទឹក​ផ្លែ​ឈើ​​ពី​សារធាតុ​ម្សៅ មិន​មែន​ធម្មជាតិ ដែល​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​ញ៉ាំ​ជា​មួយ​អាហារ​ពេល​ព្រឹក។ ជំនួស​វិញ​ ឱ្យ​ការ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ស្រាប់ គឺ​ការ​បរិភោគ​ផ្លែ​ឈើ​ស្រស់​ធម្មជាតិ​ជំនួស ដែល​មិន​ត្រឹម​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​ឱ្យ​សកម្ម​នៅ​ពេល​ព្រឹក និង​ផ្តល់​ជីវជាតិ​ចិញ្ចឹម​ផ្សេង​ៗ​ដល់​រាង​កាយ។​

    ៥. ផ្លែ​ប៉ោម និង​ខ្ទឹម​ស

    ផ្លែ​ប៉ោម រួម​ទាំង​ខ្ទឹម​ស មាន​សារធាតុ​ Polyols ដែល​ជា​កាបូនអ៊ីដ្រាត​ប្រភេទ​​​​រំលាយ​យូរ ដែល​ហេតុ​នេះ​ហើយ ការ​ញ៉ាំ​របស់​ទាំង​នេះ​នៅ​ពេល​ព្រឹក ច្រើន​ធ្វើ​​ឱ្យ​ហើម​ពោះ និង​​ឆ្អល់​ ព្រោះ​ថា​វា​ត្រូវ​ការ​​ពេល​។ ដោយ​សារ​នៅ​ពេល​ព្រឹក​ ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង ពុំ​ទាន់​សកម្ម​នៅ​ឡើយ ដូច​នេះ​យើងអាច​ញ៉ាំ​ប៉ោម ឬ​ខ្ទឹម​ស នៅ​ពេល​ថ្ងៃ​រសៀល ដែល​បាន​ទាំង​ប្រយោជន៍​ជា​ច្រើន​និង​មិន​ប៉ះ​ពាល់​ដល់​រាង​កាយ​អ្នក​នៅ​ពេល​​ព្រឹក៕ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម