តេស្ដកូវីដ-១៩ ដែលក្រុមគ្រូពេទ្យអនុវត្តរាល់ថ្ងៃ ត្រូវយកតម្បាររុកជ្រៅចូលទៅក្នុងច្រមុះយើង ដើម្បីយកសំណាកទៅធ្វើរោគវិនិច្ឆ័យ។ ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ ប្រទេសនៅក្នុងតំបន់មួយចំនួនដូចជា ប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី បានអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនតេស្ដកូវីដ-១៩ តាមខ្យល់ដង្ហើម។ នេះបើតាមការឲ្យដឹងពី The New York Times។
ជុំវិញរបៀបនៃការធ្វើតេស្ដកូវីដ-១៩ តាមខ្យល់ដង្ហើមនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានបកស្រាយឲ្យដឹងថា ចំពោះម៉ាស៊ីនតេស្ដកូវីដ-១៩ តាមខ្យល់ដង្ហើមរបស់ប្រទេសទាំងពីរ (សិង្ហបុរី និងឥណ្ឌូនេស៊ី) សុទ្ធតែអាចរកភាពត្រឹមត្រូវដល់ទៅ ៩០% នៃករណីវិជ្ជមានកូវីដ ១៩។
គុណសម្បត្តិ និងគុណវិបត្តិនៃ ម៉ាស៊ីនតេស្ដកូវីដ-១៩
វេជ្ជបណ្ឌិតខាងលើឲ្យដឹងថា តាមរបាយការណ៍សិក្សាកន្លងមកបានបង្ហាញថា តេស្ដ PCR នឹងរកឃើញវីរុសនៅថ្ងៃទី៤ ឬ៥ បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ឬវីរុសកូវីដ-១៩។ ចំណែកការសាកល្បងធ្វើរោគវិនិច្ឆ័យដោយម៉ាស៊ីនតេស្ដកូវីដ-១៩ តាមខ្យល់ដង្ហើម ត្រូវបានរកឃើញថា ឧបករណ៍នេះអាចរកឃើញវិជ្ជមាន និងករណីអសមត្ថភាព២ថ្ងៃបន្ទាប់ពីការប៉ះពាល់។
អត្ថប្រយោជន៍មួយទៀតរបស់ម៉ាស៊ីនតេស្ដកូវីដ-១៩ តាមខ្យល់ដង្ហើម គឺថា វិធីសាស្ត្រនេះមិនតម្រូវឲ្យមានការដោះស្រាយយ៉ាងល្អិតល្អន់នូវគំរូមេរោគ និងនីតិវិធីស្មុគស្មាញ ចំណាយពេលច្រើនដូចតេស្ដ PCR នោះទេ។ នេះមានន័យថា យើងអាចធ្វើម្ដងហើយម្ដងទៀតបាន ឬតាមទីសាធារណៈទូទៅ តម្លៃទាប និងល្បឿនលឿន (ដូចតេស្ដរហ័ស) ដូចជានៅក្នុងការិយាល័យ ព្រលានយន្តហោះ ឬសាលារៀនជាដើម។
រីឯ គុណវិបត្តិតែមួយគត់ គឺថាម៉ាស៊ីនតេស្ដកូវីដ ១៩តាមខ្យល់ដង្ហើមនេះ អាចចេញលទ្ធផលមិនត្រឹមត្រូវនៅពេលយើងធ្វើតេស្ដក្រោយញ៉ាំអាហាររួច ពិសេសអាហារដែលមានក្លិនខ្លាំង (ខ្ទឹម កាហ្វេ ទុរេន…)។ ប៉ុន្តែ ដើម្បីកុំឲ្យបញ្ហានេះកើតឡើង យើងត្រូវតមអាហារយ៉ាងតិច៣០នាទី ទៅ១ម៉ោងមុនពេលយកគំរូខ្យល់ដង្ហើម។
[embed-health-tool-bmi]