និយមន័យ
១- អ្វីជាការបាក់ឆ្អឹងត្រគាក?
ការបាក់ឆ្អឹងដែលច្រើនកើតជាងគេ គឺជាការបាក់ឆ្អឹងត្រគាក ហើយបាក់នៅមួយភាគបួនខាងលើនៅឆ្អឹងភ្លៅ។ ភាពធ្ងន់ធ្ងរនៃការបាក់ឆ្អឹងគឺអាស្រ័យទៅលើកម្លាំងដែលបណ្តាលអោយបាក់ឆ្អឹង។ សម្រាប់មនុស្សចាស់ ការបាក់ឆ្អឹងត្រគាកអាចថាមិនមែនជារឿងសាមញ្ញពីព្រោះវាជារបួសធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ជីវិតបាន។ ការបាក់ឆ្អឹងត្រគាកអាចបន្ថយសកម្មភាពរាងកាយនិងផ្លាស់ប្តូរជីវិតយ៉ាងខ្លាំង។ ប្រហែលពាក់កណ្តាលនៃអ្នកដែលមានការបាក់ឆ្អឹងត្រគាកមិនអាចមានលទ្ធភាពក្នុងការរស់នៅដោយឯករាជ្យបានទេ។
២- តើការបាក់ឆ្អឹងត្រគាកកើតច្រើនដែលឬទេ?
នៅក្នុងសហរដ្ឋអាមេរិកអត្រានៃអ្នកបាក់ឆ្អឹងត្រគាកមានប្រហែលជា ៣៤១ ០០០ នាក់ជារៀងរាល់ឆ្នាំ។ អត្រានៃការបាក់ឆ្អឹងត្រគាកកើនឡើងជារៀងរាល់ឆ្នាំទ្វេដងរៀងរាល់៥ទៅ៦ ឆ្នាំបន្ទាប់ពីអាយុ ៦០ឆ្នាំ។
រោគសញ្ញា
១- រោគសញ្ញានៃការបាក់ឆ្អឹងត្រគាក
រោគសញ្ញានៃការបាក់ឆ្អឹងត្រគាកមាន៖
– មិនអាចកំរើកបានបន្ទាប់ពីដួល
– ឈឺចាប់ធ្ងន់ធ្ងរនៅត្រង់ត្រគាក ឬក្រលៀន
– មិនអាចទ្រទម្ងន់នៅលើជើងនៅលើចំហៀងដែលរងរបួស
– មានសភាពរឹង ស្នាមជាំ និងហើមនៅជុំវិញតំបន់ត្រគាក
– ប្រវែងជើងមិនស្មើគ្នា ធម្មតាជើងដែលត្រូវរបួសខ្លីជាងជើងម្ខាងទៀតដែលមិនត្រូវរបួស
– ជើងដែលត្រូវរបួសងាកចេញក្រៅ។
រោគសញ្ញាទាំងនេះគឺកើតច្រើនបំផុតបន្ទាប់ពីការដួលរងរបួស។ ប៉ុន្តែប្រសិនបើយើងមានឆ្អឹងស្តើងបណ្តាលមកពីជម្ងឺពុកឆ្អឹង ឬបញ្ហាផ្សេងទៀតយើងអាចនឹងបាក់ឆ្អឹងបានដោយគ្មានការដួល។
ប្រសិនបើការបាក់ឆ្អឹងត្រគាកហើយមិនអាចធ្វើចលនាបានរយៈពេលយូរនោះនឹងមានផលវិបាកដូចជា៖
– មានឈាមនៅជើង ឬសួត
– មានដំបៅនៅខ្នង
– រលាកផ្លូវបង្ហូរនោម
– រលាកសួត
– ថយចុះទំហំរបស់សាច់ដុំ បង្កើនហានិភ័យនៃការដួលនិងរបួស។
លើសពីនេះទៅទៀតអ្នកដែលធ្លាប់មានការបាក់ឆ្អឹងត្រគាកគឺមានការកើនឡើងនូវហានិភ័យនៃការចុះខ្សោយឆ្អឹង និងការដួលដែលបណ្តាលឲ្យមានការបាក់ឆ្អឹងត្រគាកម្តងទៀត។ ប្រសិនបើអ្នកមានចម្ងល់ ឬការព្រួយបារម្ភអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
២- ពេលណាដែលយើងត្រូវទៅជួបគ្រូពេទ្យសង្ស័យថាបាក់ឆ្អឹងត្រគាក?
ប្រសិនបើយើងមានរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ យើងត្រូវតែទៅមន្ទីរពេទ្យដើម្បីព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងត្រូវហៅរថយន្តសង្គ្រោះបន្ទាន់ និងព្យាយាមរក្សាកំដៅក្នុងខ្លួននៅពេលដែលយើងកំពុងរង់ចាំរថយន្ត។
មូលហេតុបង្ក
១- មូលហេតុនៃការបាក់ឆ្អឹងត្រគាក
ការបាក់ឆ្អឹងត្រគាកកើតឡើងនៅពេលដែលមានផលប៉ះពាល់ធ្ងន់ធ្ងរប៉ះចំត្រគាកដូចជា គ្រោះថ្នាក់ចរាចរណ៍ ឬការដួល។ ការបាក់ឆ្អឹងត្រគាកអាចកើតមានលើមនុស្សគ្រប់គ្នា តែចំពោះមនុស្សវ័យចំណាស់ ដោយសារតែឆ្អឹងខ្សោយពីភាពចាស់ ដូច្នេះការបាក់ឆ្អឹងត្រគាកអាចកើតដោយសារការដួល។ ចំពោះអ្នកដែលមានឆ្អឹងខ្សោយ ការបាក់ឆ្អឹងត្រគាកអាចកើតដោយគ្រាន់តែឈរ និងរមួល។
កត្តាប្រឈម
១- កត្តាប្រឈមនៃការបាក់ឆ្អឹងត្រគាក
មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការបាក់ឆ្អឹងត្រគាករួមមាន៖
– ស្ត្រី
– អាយុកាន់តែច្រើនកាន់តែងាយបាក់ឆ្អឹងត្រគាក
– មានប្រវត្តិគ្រួសារមានរូបរាងស្តើង ឬខ្ពស់ ឬមានសមាជិកគ្រួសារដែលធ្លាប់មានការបាក់ឆ្អឹង។
– ខ្វះកាល់ស្យូម និងវីតាមីន D សម្រាប់ឲ្យឆ្អឹងរឹងមាំ។
– មិនសូវធ្វើសកម្មភាព លំហាត់ប្រាណដូចជា ការដើរអាចជួយឱ្យឆ្អឹងរឹងមាំបាន។
– លក្ខខណ្ឌសុខភាពខ្លះដែលបណ្តាលឱ្យមានការវិលមុខ ឬបញ្ហាផ្សេងទៀតដែលទាក់ទងនឹងតុល្យភាព ឬលក្ខខណ្ឌមួយចំនួនដូចជា ជំងឺរលាកសន្លាក់ដែលរំខានដល់ភាពស្ថេរភាពនិងសុវត្ថិភាព។
– ការប្រើថ្នាំមួយចំនួនដូចជា ការប្រើថ្នាំ ស្តេរ៉ូអ៊ីដ (ថ្នាំប្រឆាំងការរលាក) រយៈពេលយូរក្នុងការព្យាបាលជំងឺហឺត ឬ ស្ទះសូតរុាំរៃCOPD ។
រោគវិនិច្ឆ័យ និងការព្យាបាល
១– រោគវិនិច្ឆ័យនៃការបាក់ឆ្អឹងត្រគាក
ដំបូងគ្រូពេទ្យនឹងពិនិត្យមើលពីរោគសញ្ញាលើរាងកាយ បន្ទាប់មកធ្វើតេស្តរូបភាពដើម្បីពិនិត្យពីភាពធ្ងន់ធ្ងរនៃការបាក់ឆ្អឹងត្រគាក។ ការធ្វើតេស្តមានដូចជា៖
– ការថត AnMRI ឲ្យរូបភាពច្បាស់លើឆ្អឹង និងជាលិកាទន់
– ការស្កេន ACT scan ឲ្យព័ត៌មានមានច្រើនជាងមុន
– ការស្កេនឆ្អឹង ដោយចាក់សារធាតុពណ៌ដើម្បីបានរូបភាពបង្ហាញពីកន្លែងដែលបាក់។
២– ការព្យាបាលការបាក់ឆ្អឹងត្រគាក
ការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការបាក់ឆ្អឹងត្រគាកគឺការវះកាត់។ ការវះកាត់ត្រូវធ្វើក្នុងរយៈពេល ២៤ ម៉ោងក្រោយពីពេលបាក់ឆ្អឹង ការធ្វើរោគវិនិច្ឆ័យដើម្បីជួយកាត់បន្ថយការស្នាក់នៅនៅមន្ទីរពេទ្យ ក៏ដូចជាកាត់បន្ថយការឈឺចាប់ និងផលវិបាកផងដែរ។ ប្រសិនបើយើងមានបញ្ហាសុខភាពដទៃទៀត ការវះកាត់ត្រូវពន្យារពី ១ ទៅ ២ ថ្ងៃដើម្បីព្យាបាលបញ្ហាសុខភាពផ្សេងទៀតមុន។
បន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន គ្រូពេទ្យនឹងជ្រើសរើសការព្យាបាលដ៏ត្រឹមត្រូវឲ្យយើង។ ប្រភេទនៃការវះកាត់គឺអាស្រ័យលើកន្លែង និងរបៀបនៃការបាក់ មានដូចជា៖
– ការវះកាត់ជួសជុលឆ្អឹងត្រគាក៖ គឺជាការវះកាត់តម្រង់ឆ្អឹងឱ្យបានត្រឹមត្រូវឡើងវិញ។
– ការវះកាត់ប្ដូរឆ្អឹងត្រគាក៖ ការវះកាត់នេះធ្វើនៅពេលដែលការវះកាត់តម្រង់ឆ្អឹងមិនអាចធ្វើបាន។
វាអាចត្រូវការពេលវេលាខ្លះសម្រាប់ការជាសះស្បើយលើការបាក់ឆ្អឹងត្រគាក។ យើងគួរជៀសវាងធ្វើសកម្មភាពក្នុងកំឡុងពេលព្យាបាល ដូច្នេះយើងត្រូវការមណ្ឌលថែទាំសុខភាព ឬមជ្ឈមណ្ឌលនីតិសម្បទាជាជំនួយ។
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
១- តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងការបាក់ឆ្អឹងត្រគាក?
វេជ្ជបណ្ឌិតនឹងលើកទឹកចិត្តយើងឲ្យចូលរួមក្នុងកម្មវិធីខ្លះដូចជា ការព្យាបាលដោយរាងកាយ និងការព្យាបាលពេលធ្វើការងារ។ ឆ្អឹងរបស់មនុស្សគ្រប់គ្នាអាចខ្សោយទៅតាមវ័យ។ ដូច្នេះ យើងត្រូវរក្សាសុខភាពឲ្យល្អពេលយើងនៅក្មេង ដើម្បីជួយកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងត្រគាក។ ដើម្បីជៀសវាងការដួល និងរក្សាឆ្អឹងឲ្យមានសុខភាពល្អមាន៖
– ទទួលទានកាល់ស្យូម និងវីតាមីន D ឱ្យបានគ្រប់គ្រាន់។ បុរសនិងស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំត្រូវទទួលទានកាល់ស្យូម ១ ២០០ មីលីក្រាមក្នុងមួយថ្ងៃនិងវីតាមីន D ចំនួន ៦០០IU/ថ្ងៃ។
– ហាត់ប្រាណដើម្បីពង្រឹងឆ្អឹង និងបង្កើនតុល្យភាពរាងកាយ។ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយយើងបង្កើនកម្លាំងនិងតុល្យភាព ហើយក៏ជួយកាត់បន្ថយហានិភ័យនៃការដួលដែរ។
– ជៀសវាងការជក់បារី ឬផឹកស្រាហួសប្រមាណ។ ការប្រើប្រាស់ថ្នាំជក់ និងស្រាអាចបន្ថយដង់ស៊ីតេរបស់ឆ្អឹង។ ការផឹកស្រាច្រើនពេកអាចបន្ថយតុល្យភាព និងធ្វើឱ្យអ្នកងាយនឹងដួល។
– រៀបចំផ្ទះរបស់យើងឲ្យជៀសផុតពីគ្រោះថ្នាក់ដោយសារ ព្រំ ខ្សែអគ្គិសនីនៅលើជញ្ជាំង និងសម្អាតគ្រឿងសង្ហារឹមផ្សេងៗទៀត ហើយត្រូវប្រាកដថាគ្រប់បន្ទប់ និងផ្លូវមានពន្លឺភ្លឺច្បាស់។
– ត្រូវធ្វើការពិនិត្យភ្នែក។ ត្រូវធ្វើការពិនិត្យភ្នែកជារៀងរាល់ឆ្នាំ ឬច្រើនជាងនេះប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ឬជំងឺភ្នែកផ្សេងទៀត។
– ប្រុងប្រយ័ត្នពីការប្រើថ្នាំ។ ការមានអារម្មណ៍ទន់ខ្សោយ និងវិលមុខអាចជាផលវិបាកនៃការប្រើថ្នាំដែលអាចបង្កើនហានិភ័យនៃការដួលបាន។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីផលប៉ះពាល់ដែលបណ្តាលមកពីថ្នាំ។
– ត្រូវក្រោកឈរឡើងយឺតៗ។ ការក្រោកឡើងលឿនពេកអាចបណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ និងធ្វើឱ្យយើងមានអារម្មណ៍មិនស្រួល។
– ប្រើឈើច្រត់ពេលដើរ។ ប្រសិនបើយើងមានអារម្មណ៍មិនត្រង់នៅពេលដែលអ្នកដើរ សូមសួរវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងវះកាត់ដើម្បីជាជំនួយដល់យើង។
អត្ថបទពាក់ព័ន្ធ៖
- លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក
- ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
- ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]