តើគ្នាយើងធ្លាប់មានអារម្មណ៍ហេវហត់ និងអស់កម្លាំងដែរទេ? អាការៈនេះអាចជារោគសញ្ញានៃជំងឺស្លេកស្លាំង (Anemia)។ ជាក់ស្ដែង ជំងឺស្លេកស្លាំងនេះ កើតឡើងនៅពេលដែលកោសិកាឈាមក្រហម (RBC) យើងមានកម្រិតទាប។ ប្រសិនបើកោសិកាឈាមក្រហមមានកម្រិតទាប រាងកាយយើងត្រូវធ្វើការកាន់តែច្រើនឡើង ដើម្បីផ្ដល់អុកស៊ីសែនទៅពាសពេញរាងកាយ។
ជាការពិតណាស់ ជំងឺស្លេកស្លាំងអាចនាំមកនូវហានិភ័យនៃជំងឺជាច្រើនទៀត ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវបង្កើនកោសិកាឈាមក្រហមឲ្យស្ថិតនៅក្នុងកម្រិតមួយសមល្មម។
សារធាតុចិញ្ចឹមទាំង៤ ដែលជួយបង្កើនចំនួនកោសិកាឈាមក្រហម
យើងអាចបង្កើនកម្រិតកោសិកាឈាមក្រហម ដោយការញ៉ាំនូវអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមទាំង៤នេះ។
១. ជាតិដែក
ជាទូទៅ ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិដែក នឹងបង្កើតការផលិតនៃកោសិកាឈាមក្រហមនៅក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ អាហារទាំងនេះ រួមមាន៖
- សាច់ក្រហម ដូចជាសាច់គោ សាច់ជ្រូក
- ថ្លើម ក្រលៀន
- បន្លែបៃតង និងផ្លែឈើក្រៀម
- ស៊ុតក្រហម
២. វីតាមីន B-12
អាហារដែលសម្បូរទៅដោយវីតាមីន B-12 មានដូចជា៖
- សាច់ក្រហម ដូចជាសាច់គោ សាច់ជ្រូក
- ត្រី
- ទឹកដោះគោ និងឈឺស
- ស៊ុត
៣. អាស៊ីដហ្វូលិក (Folic Acid)
ការបន្ថែមវីតាមីន B ទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺពិតជាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ អាហារដែលសម្បូរទៅដោយវីតាមីន B-9 (អាស៊ីដហ្វូលិក) រួមមាន៖
- សណ្ដែក
- បន្លែបៃតង ដូចជាស្ពៃខ្មៅ
- សណ្ដែកបារាំង
- គ្រាប់ធញ្ញជាតិ
៤. វីតាមីន A
ជាមួយគ្នានេះដែរ វីតាមីនA ក៏រួមចំណែកជួយទ្រទ្រង់ដល់ការផលិតកោសិកាឈាមក្រហមផងដែរ។ អាហារ ដែលសម្បូរទៅដោយវីតាមីន A មានដូចជា៖
- ដំឡូងជ្វា
- ការ៉ុត
- ម្ទេស
- ផ្លែឈើ ដូចជាឪឡឹក និងទំពាំងបាយជូរ។
ថ្នាំបំប៉នជួយបង្កើនកោសិកាឈាមក្រហម
ប្រសិនបើយើងមិនអាចទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់តាមរយៈរបបអាហារប្រចាំថ្ងៃទេនោះ យើងអាចពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីថ្នាំបំប៉នដែលស័ក្ដិសមសម្រាប់ខ្លួនយើងបាន។ ជាធម្មតា ថ្នាំបំប៉នជាក់លាក់មួយចំនួន អាចបង្កើនការផលិតកោសិកាឈាមក្រហម ឬជួយទ្រទ្រង់ដំណើរការដែលពាក់ព័ន្ធនៅក្នុងរាងកាយរបស់យើងថែមទៀតផង។
ថ្នាំបំប៉ន ដែលគ្រូពេទ្យណែនាំ អាចមាន ជាតិដែក វីតាមីន C វីតាមីន A វីតាមីន B-12 វីតាមីន B-9 វីតាមីន B-6 និងវីតាមីន E ។ល។
ផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ
ជាមួយនឹងរបបអាហារត្រឹមត្រូវ និងការញ៉ាំថ្នាំបំប៉នបន្ថែម គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ប្រសិនបើយើងមិនចង់ឲ្យកោសិកាឈាមក្រហមកាន់តែធ្លាក់ចុះទេនោះ។ ការញ៉ាំជាតិគ្រឿងស្រវឹងលើសពីមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់មនុស្សស្រី និងច្រើនជាងពីរកំប៉ុងក្នុងមួយថ្ងៃសម្រាប់មនុស្សប្រុស គឺត្រូវបានចាត់ទុកថាញ៉ាំជាតិអាកុលលើសកម្រិត។
បន្ថែមពីនេះ ការហាត់ប្រាណជាទៀងទាត់ មានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការផលិតកោសិកាឈាមក្រហម។ ការហាត់ប្រាណដែលល្អបំផុតរួមមាន រត់ត្រឹកៗ រត់ និងហែលទឹក ជាដើម។
[embed-health-tool-vaccination-tool]