និយមន័យ
១- អ្វីទៅជាតេស្តពិនិត្យក្រុមឈាម?
តេស្តពិនិត្យក្រុមឈាម សំដៅលើការពិនិត្យប្រភេទឈាម ដើម្បីរកឃើញអង់ទីហ្សែន ABO និងរ៉េស៊ីស នៅក្នុងឈាមទាំងអ្នកផ្តល់ និងអ្នកទទួលការផ្តល់ឈាម។ គេធ្វើតេស្តមួយនេះ ក៏ដើម្បីចង់ដឹងអំពីប្រភេទឈាម ចំពោះស្រ្តីមានផ្ទៃពោះ និងកូនក្មេងទើបកើតផងដែរ។ នៅក្នុងអត្ថបទនេះ យើងក៏មាននិយាយអំពីក្រុមឈាម ABO រ៉េស៊ីស និង ប្រតិកម្មរក្រុមឈាមនៅខាងក្រោមនេះដែរ។
ប្រភេទឈាម
គេបែងចែកក្រុមឈាម ដោយយោងទៅតាមវត្តមាន ឬអវត្តមាន របស់អង់ទីហ្សែន A និង B។ នៅតាមសំបកគ្រាប់ឈាមក្រហម ប្រភេទឈាម A មានផ្ទុកអង់ទីហ្សែន A និងនៅក្នុងសំបកគ្រាប់ឈាមប្រភេទ B មានផ្ទុកអង់ទីហ្សែន B ហើយបើនៅក្នុងប្រភេទឈាម AB វិញ វាមានទាំងអង់ទីហ្សែន A និង B នៅលើសំបករបស់វា។ ប៉ុន្តែសម្រាប់ប្រភេទឈាម O គឺមិនមានអង់ទីហ្សែន A ឬ B ឡើយ។
ជាទូទៅនៅក្នុងសេរ៉ូមមនុស្សមានផ្ទុកអង់ទីករ ត្រូវគ្នាជាមួយអង់ទីហ្សែន មាននៅលើសំបកគ្រាប់ឈាមក្រហម មានន័យថា អង់ទីហ្សែន A (ឈាមប្រភេទ A) មិនអាចមានផ្ទុកអង់ទីករ A បានទេ តែផ្ទុយទៅវិញវាត្រូវមានអង់ទីករប្រភេទ B។ សម្រាប់ប្រភេទឈាម B គឺផ្ទុយគ្នាជាមួយប្រភេទឈាម A ប៉ុន្តែសម្រាប់ឈាមប្រភេទ O វិញ គ្មានទាំង អង់ទីករ A និង B តែម្តង។ អង់ទីករទាំងអស់នេះ ជាអ្នកប្រឆាំងជាមួយ អង់ទីហ្សែន A និង B វាកកើតឡើងនៅ ៣ខែដំបូងបន្ទាប់ពីសម្រាល នៅពេលវាប៉ះជាមួយអង់ទីហ្សែនដដែល នៅលើគ្រាប់ឈាមក្រហម មាននៅក្នុងបាក់តេរីប្រព័ន្ធរំលាយអាហារ។
ការបញ្ចូលឈាមមានន័យថា យើងទទួលឈាមពីអ្នកដទៃមកដាក់ក្នុងខ្លួន ដូចនេះគេត្រូវប្រាកដថា ក្នុងឈាមអ្នកផ្តល់ មិនមានអង់ទីករប្រឆាំងជាមួយ គ្រាប់ឈាមអ្នកទទួលជាដាច់ខាត ព្រោះបើករណីកើតឡើងមែន នឹងធ្វើឲ្យអ្នកទទួលឈាមមានប្រតិកម្មធ្ងន់ធ្ងរ អាចធ្វើឲ្យក្តៅខ្លួន ឬមានប្រតិកម្មនាំឲ្យបែកគ្រាប់ឈាម ក្នុងសរសៃឈាមតែម្តង។ បើអង់ទីករ ABO ក្នុងឈាមអ្នកផ្តល់ មានប្រតិកម្មជាមួយអង់ទីនុយគ្លែ (Anti-Nuclear) នោះវាពិតជាករណីកម្រណាស់។
មនុស្សមានឈាមប្រភេទ O ត្រូវបានគេចាត់ទុក ជាមនុស្សអាចផ្តល់ឈាមឲ្យអ្នកមានឈាមប្រភេទផ្សេងបានទាំងអស់ ដោយសារតែឈាមប្រភេទនេះ គ្មានអង់ទីហ្សែននៅលើសំបកគ្រាប់ឈាមទេ ខណៈមនុស្សមានឈាមប្រភេទ AB ត្រូវបានគេចាត់ទុកជាមនុស្សអាចទទួល ឈាមបានពីគ្រប់ប្រភេទឈាមទាំងអស់ដែល គឺដោយសារគ្រាប់ឈាមមិនមានអង់ទីករ ទៅប្រឆាំងជាមួយឈាមប្រភេទផ្សេងឡើយ។
ក្នុងករណីបន្ទាន់គេច្រើនយកឈាមប្រភេទ O មកបញ្ចូលឲ្យអ្នកជំងឺ ជាពិសេសពេលអ្នកជំងឺបាត់បង់ឈាមច្រើន និងអាចប៉ះពាល់ដល់អាយុជីវិត នោះគេនឹងយកឈាមប្រភេទនេះ មកបញ្ចូលឲ្យភ្លាមៗតែម្តង។ ប៉ុន្តែករណីប្រតិកម្មគ្រាប់ឈាម នៅតែអាចកើតឡើង ពេលយើងបញ្ចូលឈាមប្រភេទ O ឲ្យទៅអ្នកជំងឺ។ សម្រាប់ក្មេង និងមនុស្សស្រី គួរតែទទួលឈាមប្រភេទ O អវិជ្ជមាន (ប្រភេទ O ដក) ហើយមនុស្សប្រុសគួរតែទទួលឈាមប្រភេទ O វិជ្ជមាន ក្នុងករណីបញ្ចូលឈាមបន្ទាន់ គ្រូពេទ្យនឹងធ្វើតេស្តផ្គូរផ្គងគ្រាប់ឈាម (Cross-reactivity) មុនធ្វើការបញ្ចូលឈាម។
សម្រាប់មនុស្សក្រុមឈាម ABO មិនចាំបាច់ត្រូវបញ្ចូលឈាមបម្រុងទុកនោះទេ។ ជាទូទៅនៅតាមមន្ទីពេទ្យជាច្រើន គេពិនិត្យប្រភេទឈាម ABO លើអ្នកជំងឺ មុនពេលគាត់ត្រូវទទួលឈាមយកមកបញ្ចូល។
កត្តារ៉េស៊ីស
វត្តមាន ឬអវត្តមានរ៉េស៊ីសអង់ទីហ្សែន មានលើផ្ទៃគ្រាប់ឈាមក្រហម អាចកំណត់ឲ្យយើងដឹងថា អ្នកមានរ៉េស៊ីស វិជ្ជមាន ឬអវិជ្ជមាន (ប្រភេទឈាម បូក ឬដក)។ បន្ទាប់ពីការពិនិត្យលើប្រភេទឈាមរួច ការពិនិត្យមើលរ៉ស៊ីស គឺជារឿងសំខាន់ត្រូវធ្វើ មុនពេលបញ្ចូលឈាម។ ធាតុផ្សុំរបស់រ៉េស៊ីសសំខាន់ជាងគេ នោះគឺ Rho (D) ប៉ុន្តែនៅមានករណីមួយចំនួន យើងមិនចាំបាច់ពិនិត្យរ៉េស៊ីសឡើយ។ នៅពេលគ្មាន Rho (D) នោះគេនឹងធ្វើរ៉េស៊ីសអង់ទីហ្សែនសម្រាប់ការពិនិត្យ ហើយបើគេឃើញថាអវិជ្ជមាន នោះជំងឺគឺមានរ៉េស៊ីសអវិជ្ជមាន (Rh-) ដូចគ្នា។
ប្រព័ន្ធឈាមប្រភេទផ្សេងទៀត
នៅពេលធ្វើតេស្តឈាម វាមានលេខកូដហ្សែនខុសគ្នាចំនួន ៩ ដោយភាគច្រើនកូដទាំងអស់នោះ មិនសូវមានសារៈសំខាន់ និងមិនមានប្រយោជន៍ដល់ការពិនិត្យព្យាបាលជំងឺឡើយ។ ប៉ុន្តែក្នុងករណីខ្លះ អង់ទីហ្សែនក្នុងឈាម មិនមានសារៈសំខាន់ទាំងនោះ អាចក្លាយជាមានប្រយោជន៍វិញ ដោយភាគច្រើនវាកើតឡើង នៅលើអ្នកជំងឺត្រូវការបញ្ចូលឈាម ឬអ្នកជំងឺមានមហារីកគ្រាប់ឈាម។ គេប្រើ Multiplex PCR Analysis microarray ដើម្បីកំណត់ប្រព័ន្ធប្រភេទគ្រាប់ឈាម និងមានប្រយោជន៍ក្នុងការតាមដានជំងឺ។
២- ហេតុអ្វីត្រូវធ្វើតេស្តពិនិត្យក្រុមឈាម?
គេធ្វើតេស្តពិនិត្យក្រុមឈាម សម្រាប់កំណត់ក្រុមឈាម អ្នកដែលត្រូវផ្តល់ ឬអ្នកត្រូវទទួលឈាម និងសម្រាប់កំណត់ប្រភេទឈាមចង់បានកូន ដើម្បីកុំឲ្យមានបញ្ហា រ៉េស៊ីស រវាងម្តាយ និងកូន ខណៈគេបញ្ចូលឈាមឲ្យអ្នកជំងឺ ក្នុងករណីដូចខាងក្រោម៖
– មានជំងឺស្លេកស្លាំងស្រួចស្រាវ និងជំងឺស្លេកស្លាំង ដូចជា Sickle cell disease និង Thalassemia
– ហូរឈាមច្រើនអំឡុងពេលវះកាត់ ឬក្រោយវះកាត់
– មានរបួស
– បាត់បង់ឈាមច្រើន
– ជំងឺមហារីក ឬផលប៉ះពាល់បណ្តាលមកពីការព្យាបាលដោយប្រើសារធាតុគីមី
– មានជំងឺឈាម ដូចជា ហេម៉ូភីលា (ជំងឺឈាមក្រកក)
គេក៏ធ្វើតេស្តពិនិត្យប្រភេទឈាម ក្នុងករណីយើងចង់បរិច្ចាគសរីរាង្គ ជាលិកា ខួរឆ្អឹងខ្នង ឬចង់បរិច្ចាគសរីរាង្គដទៃផ្សេងៗ។ គេធ្វើតេស្តមួយនេះ ជាមួយតេស្តមួយចំនួនផ្សេងទៀត សម្រាប់កំណត់ភាពសមស្របរវាងអ្នកផ្តល់ និងអ្នកទទួលសរីរាង្គ។ មានពេលខ្លះ គេក៏ធ្វើតេស្តពិនិត្យក្រុមឈាម ដើម្បីកំណត់ការយកកូនបានផងដែរ។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនតធ្វើតេស្តពិនិត្យក្រុមឈាម?
ក្រៅពីអង់ទីហ្សែន A និង B នៅមានអង់ទីហ្សែនជាច្រើនទៀតក្នុងឈាម ហើយការពិនិត្យប្រភេទឈាមកម្រ គឺជាអ្វីដែលយើងត្រូវធ្វើ នៅពេលត្រូវការបញ្ចូលឈាម។
បើប្រភេទឈាមយើងមិនត្រូវគ្នា ជាមួយប្រភេទឈាមអ្នកជំងឺទេនោះ វាអាចមានប្រតិកម្មកើតមានឡើង។ អ្វីសំខាន់នោះ ត្រូវដឹងពីការហាមឃាត់ និងកត្តាប្រុងប្រយ័ត្នមុនទទួលការវះកាត់។ បើមានចម្ងល់ជុំវិញបញ្ហាមួយនេះ គួរពិភាក្សាជាមួយគ្រូពេទ្យបន្ថែម ដើម្បីដឹងច្បាស់ពីការធ្វើតេស្តពិនិត្យក្រុមឈាម។
អត្ថបទពាក់ព័ន្ធ៖
- តេស្តជំងឺគ្រុនឈាម (Dengue Fever Testing)
ដំណើរការតេស្ត
៤- គួរត្រៀមអ្វីខ្លះមុនធ្វើតេស្ត?
– អ្នកត្រូវស្តាប់ការណែនាំរបស់គ្រូពេទ្យ ពីរបៀបនៃការពិនិត្យ
– មិនចាំបាច់តមអាហារ ឬត្រៀមអ្វីជាពិសេសសម្រាប់តេស្តមួយនេះទេ។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
– រុំបង់ជុំវិញដៃ ដើម្បីឃាត់ឈាមហូរ
– យកអាល់កុលមកសំអាតមេរោគជុំវិញកន្លែង ត្រូវចាក់ម្ជុល
– ចាក់ម្ជុលចូលក្នុងសរសៃវ៉ែន ពេលខ្លះពេទ្យអាចចាក់លើសពីមួយដង បើមានការចាំបាច់
– គ្រូពេទ្យបន្តទុយោរដើម្បីដាក់ឈាម
– យកខ្សែ ឬបង់រុំជុំវិញដៃចេញ ក្រោយបូមឈាមរួច
– បិតបង់ ឬសំឡីលើកន្លែងចាក់ម្ជុលបូមឈាម
ចំពោះគ្រូពេទ្យ ឬគិលានុបដ្ឋាការនឹង៖
– យកឈាមដាក់ក្នុងបំពង់មានគ្របពណ៌ក្រហម
– មិនត្រូវឲ្យបែកគ្រាប់ឈាម
- កត់ឈ្មោះឲ្យបានត្រឹមត្រូវ មុនយកទៅមន្ទីរពិសោធ។
៦- ក្រោយធ្វើតេស្តរួចមានអ្វីកើតឡើង?
យើងមិនមានអារម្មណ៍ឈឺចាប់នៅកន្លែងចាក់ម្ជុលឡើយ។ យ៉ាងណាមនុស្សមួយចំនួន មានឈឺចាប់បន្តិចបន្តួចនៅពេលគ្រូពេទ្យចាក់ម្ជុលចូល ប៉ុន្តែនៅពេលគ្រូពេទ្យចាប់ផ្តើមបូមឈាម នោះនឹងមិនមានអារម្មណ៍ឈឺចាប់ទៀតឡើយ។
ជាទូទៅកម្រិតឈឺចាប់ អាស្រ័យលើបទពិសោធចាក់ថ្នាំរបស់គ្រូពេទ្យ និងទៅតាមស្ថានភាពសរសៃឈាម។ បន្ទាប់ពីបូមឈាមរួច ត្រូវយកបង់មកបិតលើមុខរបួសថ្នមៗ ឃាត់កុំឲ្យហូរឈាម។ បន្ទាប់ពីសម្រាកមួយភ្លែត អាចត្រឡប់ទៅធ្វើការបានធម្មតា។
បើមានចម្ងល់ជុំវិញតេស្តពិនិត្យក្រុមឈាម គួរពិភាក្សាជាមួយគ្រូពេទ្យបន្ថែម ដើម្បីដឹងឲ្យបានច្បាស់អំពីការធ្វើតេស្តមួយនេះ។
លទ្ធផល
៧- លទ្ធផលតេស្ត
ដើម្បីកំណត់ប្រភេទឈាម ABO
បើគ្រាប់ឈាមស្អិតជាប់ ពេលដាក់ចូលគ្នានោះ៖
– សេរ៉ូមមានផ្ទុកអង់ទីករប្រឆាំងជាមួយ អង់ទីហ្សែន A នោះយើងមានឈាមប្រភេទ A
– សេរ៉ូមមានផ្ទុកអង់ទីករប្រឆាំងជាមួយ អង់ទីហ្សែន B នោះយើងមានឈាមប្រភេទ B
– សេរ៉ូមទាំងពីរមានផ្ទុកអង់ទីករប្រឆាំងជាមួយ អង់ទីហ្សែន A និង B នោះយើងមានឈាមប្រភេទ AB
– បើកោសិកាគ្រាប់ឈាមមិនកកផ្តុំគ្នា នៅពេលដាក់វាចូលក្នុង អង់ទីករ A និង B នោះអ្នកមានឈាមប្រភេទ O។
ការកំណត់បម្រុង
– បើគ្រាប់ឈាមស្អិតជាប់គ្នា ពេលអ្នកដាក់ឈាមប្រភេទ B ចូលក្នុងឈាមកំពុងពិនិត្យ នោះយើងមានឈាមប្រភេទ A
– បើគ្រាប់ឈាមស្អិតជាប់គ្នា ពេលអ្នកដាក់ឈាមប្រភេទ A ចូលក្នុងឈាមកំពុងពិនិត្យ នោះយើងមានឈាមប្រភេទ B
– បើគ្រាប់ឈាមស្អិតជាប់គ្នា ពេលអ្នកដាក់ឈាមប្រភេទ A ឬ B ចូលក្នុងឈាមកំពុងពិនិត្យ នោះអ្នកមានឈាមប្រភេទ O
បើគ្រាប់ឈាមមិនស្អិតជាប់គ្នា ពេលអ្នកដាក់ឈាមប្រភេទ A ឬ B ចូលក្នុងឈាមកំពុងពិនិត្យ នោះយើងមានឈាមប្រភេទ AB
ការកំណត់រ៉េស៊ីស
– បើគ្រាប់ឈាមស្អិតជាប់គ្នាពេលដាក់ចូលគ្នាជាមួយ អង់ទីករប្រឆាំងជាមួយរ៉េស៊ីស នោះយើងមានរ៉េស៊ីសវិជ្ជមាន
ឥ បើគ្រាប់ឈាមអ្នកមិនស្អិតជាប់គ្នា ពេលដាក់ចូលគ្នាជាមួយ អង់ទីករប្រឆាំងជាមួយរ៉េស៊ីស នោះយើងមានរ៉េស៊ីសអវិជ្ជមាន។
ការធ្វើតេស្តពិនិត្យក្រុមឈាម អាចខុសគ្នាទៅតាមមន្ទីពិសោធ ឬមន្ទីពេទ្យនីមួយៗ។ ដូចនេះអាចសាកសួរគ្រូពេទ្យបាន បើនៅមានមន្ទិលសង្ស័យជុំវិញលទ្ធផលធ្វើតេស្តមួយនេះ ។
[embed-health-tool-vaccination-tool]