សំណួរនេះតែងតែឮរឿយៗ ដោយអ្នកខ្លះអះអាងថា ជំងឺទឹកនោមផ្អែមអាចព្យាបាលជា ឯអ្នកខ្លះទៀតថា ព្យាបាលមិនជានោះទេ។ ដើម្បីស្រាយចម្ងល់នេះ ក្រុមការងារ Hello គ្រូពេទ្យបានធ្វើបទសម្ភាសន៍មួយជាមួយសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។
សាស្ត្រាចារ្យថា ជំងឺទឹកនោមផ្អែម ត្រូវបានចាត់ចូលជាជំងឺរ៉ាំរ៉ៃ ដែលពាក្យថា រ៉ាំរ៉ៃ មានន័យថា ព្យាបាលមិនជានោះទេ តែកើតហើយតម្រូវឲ្យព្យាបាលអស់មួយជីវិត ដោយអ្នកជំងឺត្រូវលេបថ្នាំជាប់រហូត។
ចុះបើជំងឺទឹកនោមផ្អែម ព្យាបាលមិនជានោះទេ ម៉េចបានយើងនៅតែខំព្យាបាល? សំណួរនេះលោកវេជ្ជបណ្ឌិតពន្យល់ថា កាលណាកើតជំងឺទឹកនោមផ្អែមហើយ យើងមិនព្យាបាល កម្រិតជាតិស្ករក្នុងឈាមឡើងដល់ ៤០០-៥០០ mg/dL ឬ១០០០ mg/dL ធ្វើឲ្យអ្នកជំងឺសន្លប់ស្លាប់ភ្លាមៗ។ ផ្ទុយទៅវិញ ទោះជាមិនទាន់មានថ្នាំព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាដាច់ក៏ដោយ តែបើគ្រូពេទ្យប្រើថ្នាំព្យាបាលអ្នកជំងឺទឹកនោមផ្អែម ឲ្យកម្រិតជាតិស្ករចុះមកនៅកម្រិតធម្មតាវិញ អ្នកជំងឺទឹកនោមអាចរស់នៅបានយូរ ដូចមនុស្សជាធម្មតា។
“បើយើងព្យាបាលឲ្យកម្រិតជាតិស្ករក្នុងឈាមចុះមកនៅធម្មតា ដូចគេដូចឯង យើងឃើញអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ ឥលូវ អាចរស់ដល់អាយុ ៧០-៨០ឆ្នាំ ដើរធម្មតា ធ្វើការធម្មតា រកស៊ីចិញ្ចឹមជីវិតអីធម្មតា គ្រាន់តែគាត់ត្រូវការលេបថ្នាំជាប់ជាប្រចាំ”។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី រៀបរាប់។
អត្ថបទពាក់ព័ន្ធ៖
ដោយឡែកនៅស្រុកខ្មែរយើងវិញ លោកវេជ្ជបណ្ឌិតថា អ្នកជំងឺទឹកនោមផ្អែមមួយចំនួននៅចាញ់បោកការផ្សព្វផ្សាយ ឬការនិយាយតៗគ្នាថា ជំងឺទឹកនោមផ្អែមអាចព្យាបាល ដោយខិតខំស្វះស្វែងរកព្យាបាលផ្សេង ឬប្រើឱសថបុរាណជាដើម ដែលធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។
ខាងក្រោមនេះជាវីដេអូសម្ភាសន៍ជាមួយសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម អំពីប្រភេទជំងឺទឹកនោមផ្អែម និងរោគសញ្ញាសំខាន់ៗគួរដឹង៖
[embed-health-tool-bmi]