ការសិក្សាមួយធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងបានទាញទំនាក់ទំនងថាការសម្អាតធ្មេញបានញឹកញាប់អាចកាត់បន្ថយហានីភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
ការសិក្សាមួយធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងបានទាញទំនាក់ទំនងថាការសម្អាតធ្មេញបានញឹកញាប់អាចកាត់បន្ថយហានីភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
ការសិក្សានេះធ្វើឡើងដោយសាកលវិទ្យាល័យ Ewha Womans និងបានចុះផ្សាយនៅដើមឆ្នាំ២០២០នេះ ដោយបានប្រមូលទិន្ន័យពីក្រុមហ៊ុនធានារ៉ាប់រងលើសេវាថែទាំមាត់ធ្មេញលើមនុស្សជាង១៨ម៉ឺននាក់។ ការសិក្សាបានរកឃើញថាការមានជំងឺលើអញ្ចាញធ្មេញ និងការបាក់ធ្មេញច្រើនមានទំនាក់ទំនងនឹងការកើនឡើងនៃឱកាសវិវត្តទៅកើតជំងឺទឹកនោមផ្អែមប្រភេទ២។
ការសិក្សាដដែលរកឃើញថាការដុសសម្អាតធ្មេញបានញឹកញាប់បីដង ឬលើសពីនេះក្នុងមួយថ្ងៃទំនងជាអាចកាត់បន្ថយហានីភ័យកើតជំងឺទឹកនោមផ្អែមបាន៨ភាគរយ។ ទោះយ៉ាងណា ការសិក្សានេះមិនបានបង្ហាញឲ្យចំទេថាការដុសធ្មេញច្រើនដង និងជំងឺពុកធ្មេញមានទំនាក់ទំនងដោយផ្ទាល់នឹងការកើតជំងឺទឹកនោមផ្អែមនោះទេ។
បើតាមការសិក្សានេះទំនងជាមានកត្តាសុខភាព និងរបៀបរបបរស់នៅផ្សេងទៀតដែលនាំឲ្យមានបញ្ហាមាត់ធ្មេញ គឺមានទំនាក់ទំនងនឹងហានីភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ឧទាហរណ៍ថា មនុស្សយើងញ៉ាំជាតិស្ករច្រើនអាចនាំឲ្យពុកធ្មេញ ហើយក៏នាំឲ្យប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមដែរ។ ដូចគ្នាដែរ អ្នកដែលគិតពីសុខភាពមាត់ធ្មេញ តែងតែញ៉ាំអាហារដែលមានសុខភាព មិនសូវញ៉ាំរបស់ផ្អែមច្រើនជាដើម។
ការញ៉ាំអាហារមានជាតិស្ករទាប និងខ្លាញ់ឆ្អែត រួមទាំងការហាត់ប្រាណជាប្រចាំ និងការរក្សាទម្ងន់ឲ្យថេរល្អ គឺមានប្រយោជន៍ច្រើនក្នុងការកាត់បន្ថយហានីភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ យ៉ាងណា ការរក្សាសុខភាពមាត់ធ្មេញបានល្អ គឺជួយការពារយើងពីជំងឺអញ្ចាញធ្មេញបាន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.drwf.org.uk/news-and-events/news/brushing-teeth-three-times-day-could-reduce-risk-developing-type-2-diabetes
https://www.nhs.uk/news/diabetes/frequent-teeth-brushing-may-be-linked-lower-risk-diabetes/
កំណែប្រែបច្ចុប្បន្ន
16/08/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ