backup og meta

Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)

Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)

និយមន័យ

១‑ អ្វីទៅជាជំងឺរលាកក្រពះរ៉ាំរ៉ៃ?

ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។

ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។

បាក់តេរី កើត​ឡើងដោយ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន ស្រ្តេស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។

ដោយ​សារជំងឺ​នេះ​ប្រើ​​រយៈ​ពេល​យូរ ​នឹង​ធ្វើឲ្យ​​កោសិកា​ក្នុង​ក្រពះ​ងាប់ ហើយ​ដុះ​ថ្មី​មក​វិញ​ តែ​ប្តូរ​រូប​រាង​មិន​ដូច​ដើម​ឡើយ។ នេះ​ជា​ដំណាក់​ត្រៀម​កើត​មហារីក ហើយ​​អាច​​វិវត្តទៅ​ជា ​ជំងឺមហារីក​ក្រពះ បើ​សិន​ជា​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។

ជា​ធម្មតា ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃ ​នឹង​ជា​មក​វិញ​ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ត្រូវ​តាម​ដានឲ្យបាន​ជាប់​លាប់។

២‑ ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃកើត​មានញឹកញាប់ដែរទេ?

តាម​ការ​ប៉ាន់​ស្មាន មនុស្ស​លើ​ពិភព​លោក​សរុប​ប្រមាណ ៥០% បាន​ឆ្លង​បាក់តេរី H pylori នេះ ហើយ​ក៏​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ច្រើន​ផង​ដែរ។ បាក់តេរី​នេះ សម្បូរ​ខ្លាំង​​នៅ​តំបន់​អាស៊ី​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

រោគសញ្ញា

៣‑ រោគសញ្ញាជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ រួម​មាន៖

– ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម)

– មិន​រំលាយ​អាហារ

– ហើម​ពោះ

– ចង្អោរ

– ក្អួត

– ភើ

– មិន​ឃ្លាន​អាហារ

– ស្រក​ទម្ងន់

៤‑ ពេលណាត្រូវទៅជួបគ្រូពេទ្យ?

បើ​សិន​ជា​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​ចម្ងល់ សូម​ទៅ​ពិគ្រោះ​សា​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ ល្អបំផុត​ ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រលាកក្រពះ

មូល​ហេតុបង្ក

៥‑ មូលហេតុបង្ក​ឲ្យ​កើត​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ

ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ មាន​ច្រើន​ប្រភេទ ដោយ​ប្រភេទ​ឧស្សាហ៍​កើត​មាន​បំផុត មាន​ដូចជា ប្រភេទ A ប្រភេទ B និង C ហើយ​មាន​មូលហេតុ​ក៏ខុសៗ​គ្នាដែរ ដោយ៖

– ប្រភេទ A៖ បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ការពារ​ទៅ​បំផ្លាញ​កោសិកា​ក្រពះ ហើយ​ធ្វើ​ឲ្យ​ខ្វះ​វីតាមីន មាន​ជំងឺ​ស្លេក​ស្លាំង និង​ជំងឺ​មហារីក។

– ប្រភេទ B៖ វា​ជា​ប្រភេទសម្បូរ​ជាង​គេ បង្ក​មក​ពីបាក់​តេរី Helicobacter pylori អាច​បណ្តាល​ឲ្យ​មាន​ដំបៅ​ក្រពះ ដំបៅ​ពោះវៀន និង​មហារីក។

– ប្រភេទ C៖ បង្ក​ដោយ​សារធាតុ​គីមី​ផ្សេងៗ ដូចជា ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (NSAIDs) ស្រា ឬ​ទឹក​ប្រមាត់។ ​អាច​ធ្វើឲ្យ​​សឹកខូចស្រទាប់​ក្រាល​ក្រពះ​ និង​ហូរ​ឈាម។

ប្រភេទ​ផ្សេងៗ​ទៀត​ រួម​មាន ការរលាកក្រពះដោយសារការប្រមូលផ្តំុកោសិការលាកក្នុងស្រទាប់ក្រពះ (Giant hypertrophic gastritis) ដែល​ពាក់​ព័ន្ធ​នឹង​កង្វះ​ប្រូតេអ៊ីន ក៏​ដូច​ជា រលាក​ក្រពះ Eosinophilic gastritis ដែល​មាន​រួម​ផ្សំ​ជា​មួយ​ជំងឺអាលែកហ្ស៊ី​ផ្សេងៗ ​ដូច​ជា ហឺត ឬ​ជំងឺតាអក​ ជាដើម។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តាប្រឈម

៦‑ ​ប្រឈមឲ្យ​កើត​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​

កត្តា​ប្រឈមឲ្យ​កើត​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​រួម​មាន៖

– ប្រើ​ថ្នាំ​រយៈ​ពេល​យូរ ដូច​ជា Aspirin និង Ibuprofen

– ផឹក​ស្រា​ច្រើន​ពេក

– មាន​បាក់តេរី H. pylori

– មាន​ជំងឺ​មួយ​ចំនួន ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ឬ​ខ្សោយ​តម្រង​នោម

– ប្រព័ន្ធ​ការពារ​ខ្សោយ

– ស្រ្តេស​ខ្លាំង​ រំខាន​ដល់​ប្រព័ន្ធ​ការពារ

– ទឹក​ប្រមាត់​ហូរ​ចូល​ក្រពះ (ខុស​ពី​ធម្មតា) ឬ​ច្រាល​ទឹក​ប្រមាត់​ឡើង​លើ

– ញ៉ាំ​អាហារ​ខ្លាញ់

– ញ៉ាំ​អាហារប្រៃ​

– ជក់​បារី

ការ​រស់​នៅ​ជាមួយ​បញ្ហា​​ស្រ្តេស ​ឬ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ​ក៏​អាច​ធ្វើឲ្យ​​ក្រពះ ​មិន​អាច​ការ​ពារ​ស្រទាប់​កម្រាល​បាន​ដូច​គ្នា។

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យនឹង​អាច​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់ ដូចជា៖

– តេស្ត​រក​មើល​បាក់តេរីធ្វើ​ឲ្យដំបៅ​​ក្រពះ

– តេស្ត​លាមក​រក​មើល​ឈាម​ក្រពះ

– ពិនិត្យ​ចំនួន​គ្រាប់​ឈាម​ និង​ជំងឺ​ស្លេក​ស្លាំង

– ឆ្លុះ​មើល​ក្រពះ​ពោះវៀន

៨- ព្យាបាលដោយវិធីណា?

វិធី​ព្យាបាល​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ មាន​ដូច​ជា៖

– ព្យាបាល​ដោយ​ថ្នាំ៖ គ្រូពេទ្យ​នឹង​ឲ្យ​​ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ ហើយ​ថ្នាំ​​ប្រើ​ញឹក​ញាប់​នោះ​មានដូចជា៖

  • ពួក​ប្រឆាំង​អាស៊ីដ (Antacids) មាន​ថ្នាំ Calcium Carbonate (Rolaids and Tums)
  • ថ្នាំ​ប្រឆាំង H2 (H2 antagonists) ដូចជា ថ្នាំ Ranitidine (Zantac) នឹង​ពពួកថ្នាំ Proton pump inhibitors ដូចជា Omeprazole (Prilosec)
  • បន្ថយ ​ឬ​ឈប់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និងថ្នាំ Aspirin ដើម្បី​បន្ថយ​ការ​រលាក​ក្រពះ។
  • អាការៈជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​ពេល ២-៣​ ម៉ោង បើ​សិន​ជាបណ្តាល​មក​ពី​ថ្នាំ ​ឬ​ស្រា។ តែ​ជា​ធម្មតា​វា​មាន​រយៈ​ពេល​យូរ ហើយ​ពេល​ខ្លះ​ទៀត​ អាច​ដល់​ឆ្នាំ​ឯ​ណោះ។

– ព្យាបាល​ដោយ​ការ​ញ៉ាំអាហារ៖ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យយើង​​ប្តូរ​របប​អាហារ ​ដើម្បី​កុំ​ឲ្យ​​រលាក​ក្រពះ​កាន់​តែ​ធ្ងន់​ធ្ងរ ដោយ​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • អាហារ​សម្បូរ​ខ្លាញ់
  • អាហារ​សម្បូរជាតិ​ប្រៃ
  • ស្រាបៀរ ស្រា​ទំពាំងបាយជូរ
  • សាច់​ក្រហម និង​សាច់​ក្លាសេ

អាហារ​​គួរ​ញ៉ាំ​រួម​មាន៖

  • បន្លែ​ និង​ផ្លែ​ឈើ​គ្រប់​មុខ
  • អាហារ​សម្បូរប្រូបាយអូតិក ដូវជា យ៉ាអួរ និង Kefir
  • សាច់​សុទ្ធ ដូចជា សាច់​មាន់ និងត្រី
  • ប្រូតេអ៊ីន​ក្នុង​រុក្ខជាតិ មាន​ សណ្តែក និង​តៅហ៊ូ
  • ផាស្តា អង្ករ​សម្រូប និង​នំប៉័ង

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– គ្រប់​គ្រង​របប​អាហារ​ និង​បញ្ហា​ស្រ្តេស

– បន្ថយរឿងផឹក​ស្រា​ និងឈប់​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺ​ផ្សេងៗ

– ឈប់​ជក់​បារី។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Chronic gastritis.  http://www.healthline.com/health/gastritis-chronic#Riskfactors5  . Accessed March 12, 2017.

Chronic gastritis.   http://www.mayoclinic.org/diseases-conditions/gastritis/basics/prevention/con-20021032     . Accessed March 12, 2017.

Chronic gastritis.  http://emedicine.medscape.com/article/176156-overview#a6     . Accessed March 12, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់បាន​ក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ

ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម