មហារីកឈាមជាជំងឺតពូជ? ការបំប្លែងខ្លួន ឬប្រែប្រួលជាក់លាក់ណាមួយរបស់ហ្សែន អាចបង្កើតហានិភ័យឲ្យបុគ្គលមួយចំនួនប្រឈមខ្ពស់នៃការវិវដ្ដទៅជាមានជំងឺមហារីក។ ការប្រែប្រួលទាំងនេះ ដែលគេស្គាល់ថាជាជំងឺមហារីកតពូជ អាចតពីឪពុកម្ដាយ ទៅកូនបាន។ ជំងឺមហារីកឈាមជាជំងឺតពូជ ជាការសិក្សាថ្មីមួយសម្រាប់អ្នកវិទ្យាសាស្រ្ត។
១. តើហ្សែនអាចបង្កជាជំងឺមហារីកឈាមតពូជបានបែបណា?
ការសិក្សាជាច្រើនបានកំណត់ពីបណ្ដុំរោគសញ្ញាពិសេសៗជាច្រើនសម្រាប់ជំងឺមហារីកឈាមតពូជ ហើយថាចំនួននេះបានកើនឡើងរាល់ឆ្នាំ។ កាលពីមុន គេគិតថាជំងឺមហារីករីកឈាមមិនមែនជាជំងឺតពូជនោះទេ តែមកដល់ពេលនេះ គិតត្រឹមឆ្នាំ២០០៨ មានភស្តុតាងបញ្ជាក់ថា ជំងឺមហារីកឈាមជាជំងឺតពូជដែរ។
កាលពីពីឆ្នាំ២០០៨ ហ្សែនដំបូងដែលគេរកឃើញមានទំនាក់ទំនងទៅនឹងជំងឺមហារីកឈាមតពូជ គឺ RUNX1 ដែលអាចកំណត់បាននឹងយកមកធ្វើតេស្ត។ មនុស្សដែលមានតំណពូជហ្សែន RUNX1ប្រែប្រួលអាចប្រឈមខ្ពស់ក្នុងការកើតជំងឺមហារីកឈាមស្រួចស្រាល់ម្យ៉ាងឈ្មោះថា myeloid leukemia (AML)។ ការបំប្លែងខ្លួនរបស់ហ្សែនRUNX1 ធ្វើឲ្យមានបញ្ហាផ្លាកែតធ្លាក់ចុះទាប ដែលផ្លាកែតដើរតួរសំខាន់ក្នុងការធ្វើឲ្យមានកំណកឈាម។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាហ្សែនអាចជាមូលហេតុបង្កជំងឺមហារីកឈាមផ្សេងៗគ្នា និងមានលក្ខខណ្ឌពាក់ព័ន្ធគ្នា ដូជាជំងឺ មហារីក myeloid leukemia, myelodysplastic syndrome ជំងឺមហារីកកូនកណ្ដុរស្រួចស្រាល់ (acute lymphoblastic leukemia) និងមហារីកកូនកណ្ដុររ៉ាំរ៉ៃ(chronic lymphoblastic leukemia)។
ទោះបីគេនិយាយថាជំងឺមហារីកតពូជ តែមិនមែនមានន័យថាការបន្តជំងឺមហារីកពីឪពុកម្ដាយមកកូននោះទេ អ្វីដែលបន្តមកដល់កូនគឺហ្សែន។ ជំងឺមហារីកបង្កដោយហ្សែនតពីឪពុកម្ដាយមកកូនជាករណីកម្រ អ្នកស្រាវជ្រាវខ្លះថាមានចន្លោះពី៥ទៅ១០ភាគរយ ប៉ុណ្ណោះ ដែលជំងឺមហារីកនេះកើតចេញពីហ្សែនដែលបំប្លែងខ្លួន ដែលកូនបានពីឪពុកម្ដាយ។
២. កត្តាមួយចំនួនផ្សេងទៀតអាចបង្កឲ្យប្រឈមនឹងជំងឺមហារីកឈាម
ក្រុមគ្រូពេទ្យជំនាញ និងអ្នកសិក្សាជ្រាវជ្រាវបានកំណត់កត្តាប្រឈមនឹងជំងឺមហារីកឈាមដូចខាងក្រោម៖
ធ្លាប់ព្យាបាលជំងឺមហារីកពីមុន៖ ការព្យាបាលជំងឺមហារីកដោយវិទ្យុសកម្ម ឬគីមីលើជំងឺមហារីកផ្សេង ដូចជាមហារីកសុដន់ ឬជំងឺមហារីកពាក់ព័ន្ធនឹងប្រព័ន្ធទឹករងៃ បង្កើនឱកាសឲ្យអ្នកជំងឺវិវដ្ដជាជំងឺមហារីកឈាមដែរ។ ជាតិពុលផ្សំក្នុងវិធីព្យាបាលនៅក្នុងរាងកាយអ្នកជំងឺ អាចបង្កើនជាឱកាសឲ្យកើតមានជំងឺមហារីកជាថ្មី។
ការងារប្រឈមនឹងវិទ្យុសកម្ម៖ ការសិក្សាមួយចំនួនបានបង្ហាញថា អ្នកធ្វើការប្រឈមនឹងវិទ្យុសកម្មក្នុងរយៈពេលយូរ ក៏បង្កើតឲ្យមានឱកាសខ្ពស់ក្នុងការវិវដ្ដជាជំងឺមហារីកឈាមណាមួយដែរ។ ឧទាហរណ៍ អ្នកធ្វើការនៅរោងចក្រនុយក្លែអែរ ប្រឈមខ្ពស់នឹងការកើតជំងឺមហារីកឈាម។
ប៉ះពាល់សារធាតុគីមីច្រើន៖ អ្នកប៉ះពាល់ទៅនឹងសារធាតុគីមីច្រើនដូចជា benzene អាចមានហានិភ័យកាន់តែខ្ពស់។ រោងចក្រជាច្រើនបានប្រើ benzene នៅក្នុងប្រេងឥន្ធនៈ និងឧស្សាហកម្មគីមីផ្សេងៗ។ សមាគមជំងឺមហារីកអាមេរិក ចាត់ទុកថាbenzene មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងជំងឺមហារីកឈាម។
ជក់បារី៖ គ្រូពេទ្យបានភ្ជាប់ការជក់បារីទៅនឹងជំងឺមហារីកសួត និងមាត់។ យ៉ាងណា សារធាតុបង្កជំងឺមហារីក ដែលគេរកឃើញក្នុងបារី អាចជ្រាបចូលទៅក្នុងចរន្តឈាមបាន។ សារធាតុគីមីពុលក្នុងបារី អាចបង្កើនហានិភ័យជំងឺមហារីកឈាមបានដែរ។
[embed-health-tool-bmi]